(ពោធិ៍សាត់)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩នេះ បានប្រកាសថា នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ខាងមុខនេះ សម្ដេចនឹងដាក់ចេញនូវផែនការថ្មី ទៅលើបញ្ហាផ្លូវដែក ដើម្បីឆ្លើយតបទៅនឹងបញ្ហាសេដ្ឋកិច្ច ដោយមិនមែនគ្រាន់តែជាបញ្ហា គេឲ្យអនុគ្រោះ និងមិនអនុគ្រោះនោះទេ តែវាជាបញ្ហាអនាគតប្រទេសជាតិ រយៈពេលវែង។

ការប្រកាសរបស់សម្ដេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងឱកាសសម្ដេច បន្ដអញ្ជើញជួបសំណេះសំណាល ជាមួយកម្មករ កម្មការិនីជាង១ម៉ឺននាក់ មកពីរោងចក្រ សហគ្រាសចំនួន៦ នៅក្នុងខេត្តពោធិ៍សាត់ ដែលពិធីនេះ ធ្វើនៅភូមិវាលវង់ ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩នេះ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «នៅពេលខាងមុខ យើងនឹងពិនិត្យជាកញ្ចប់បញ្ហា ដើម្បីឆ្លើយតបទៅនឹងបញ្ហាសេដ្ឋកិច្ចនិយាយជារួម មិនមែនគ្រាន់តែបញ្ហា គេឲ្យអនុគ្រោះ មិនអនុគ្រោះនោះទេ វាបញ្ហាអនាគតប្រទេសជាតិរយៈពេលវែង ដែលយើងត្រូវធ្វើកំណែទម្រង់ រាប់ទាំងប្រព័ន្ធផ្លូវដែក ដែលថ្ងៃទី២៩នេះ ខ្ញុំនឹងចាត់ការលើបញ្ហាផ្លូវដែករបៀបម្ដេច ព្រោះឥលូវ អាទៅមុខក៏វាមិនទៅ អាថយក្រោយក៏វាមិនមក»

សម្ដេចតេជោ ហ៊ុន សែន ក៏បានលើកឡើងទៀតថា សម្ដេចនឹងយកដំណោះស្រាយជាក់លាក់មួយ ដើម្បីដោះស្រាយបញ្ហានេះ ព្រោះថាបើសិន ជាមានការដឹកជញ្ជូនទាំងតាមផ្លូវគោក និងផ្លូវទឹកកាន់តែច្រើន នឹងធ្វើឲ្យកម្ពុជា ចំណេញកាន់តែច្រើន ខាងផ្នែកសេដ្ឋកិច្ច។

ដោយឡែក ចំពោះរឿងស្គេនកុងទ័រនឺ ទៅតាមកំពុងផែវិញ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាឲ្យមន្ដ្រីស្គេនតែកុងទ័រនឺណា ដែលវាមានការសង្ស័យថា បង្កប់គ្រឿងញៀន ឬក៏អ្វីដែលជាសារធាតុសង្ស័យបានហើយ បើសិនជាកុងទ័រនឺនោះ មិនមែនការសង្ស័យទេ មិនចាំបាច់ស្គេននោះទេ ដើម្បីកាត់បន្ថយការកក់ស្ទះនៅកន្លែងស្គេន។

នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា «ដល់ចេញពីក្រៅប្រទេស ប្រទេសណាដែលឲ្យស្គេន ចាំយើងស្គេន ប្រទេសណាមិនឲ្យស្គេន មិនចាំបាច់ស្គេននោះទេ វាមិនមែនបានលុយពីស្គេននោះទេ...ចំណេញសេដ្ឋកិច្ច កុំភ័យឲ្យរឿងស្គេន យើងរំលាយកាំសាបមួយចោទហើយ យើងខ្លាចអី»

ទន្ទឹមគ្នានោះ សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងផងដែរថា ការដកកាំកុងត្រូល ជាកំណែទម្រង់ ដូច្នេះអ្នកដែលធ្លាប់បង់ប្រាក់ ឲ្យកាំកុងត្រូល ទាំងលើតុ និងក្រោមតុ អត់មានត្រូវបង់ទៀតទេ។

សម្ដេចតេជោ បានថ្លែងថា «ត្រូវមានវិធានការជាក់លាក់ ទើបច្បាស់ថា សេដ្ឋកិច្ចខ្មែរ ទោះបីជាអ្នកណាចង់ឲ្យអី មិនឲ្យអី បើគេឲ្យយើងក៏អរគុណ បើគេមិនឲ្យទេ ក៏យើងអត់ងាប់ ព្រោះអាគេឲ្យ វាអត់មានកើតនោះទេ ទាន់តែយើងប្រឹងដោយខ្លួនឯង បានទៅជាអ្នកមាន»