(ពោធិ៍សាត់)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា EBA ឬប្រព័ន្ធអនុគ្រោះពន្ធគ្រប់យ៉ាងលើកលែងតែសព្វាវុធ (Everything But Arms) មិនអាចធ្វើឲ្យប្រទេសកម្ពុជាក្លាយជាអ្នកមាននោះឡើយ គឺមានតែការប្រឹងប្រែងដោយខ្លួនឯងទេ ទើបធ្វើឲ្យប្រទេសនេះក្លាយជាអ្នកមានបាន។
សម្តេចនាយករដ្ឋមន្ត្រី មានប្រសាសន៍បញ្ជាក់យ៉ាងដូច្នេះថា៖ «ផលប៉ះពាល់ដែលមកពីខាងក្រៅក្នុងចំណែកណាមួយ វាមិនបានសម្លាប់យើងទេ តែបើសិនជាគេឲ្យភាពអនុគ្រោះពន្ធ (EBA) មកយើង យើងក៏ល្អ ក៏ប៉ុន្តែត្រូវចងចាំថាភាពអនុគ្រោះនោះ មិនអាចឲ្យក្លាយជាអ្នកមានបានដែរ ធ្វើអ្នកមានបានទាល់តែយើងប្រឹងខ្លួនឯងឲ្យក្លាយទៅជាអ្នកមាន»។
ប្រសាសន៍បញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩នេះ ក្នុងឱកាសដែលសម្តេចបន្តអញ្ជើញ ជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបប្រមាណ ១០,៦៨៩នាក់ មកពីរោងចក្រ សហគ្រាសចំនួន៦ នៅក្នុងខេត្តពោធិ៍សាត់ នាភូមិវាលវង់ ឃុំស្នាអន្សា ស្រុកក្រគរ។
សូមបញ្ជាក់ថា គណៈកម្មការអឺរ៉ុបបានប្រកាសដំណើរនីតិវិធីព្យួរជាបណ្តោះអាសន្ន នូវប្រព័ន្ធអនុគ្រោះពន្ធក្រោមកម្មវិធី EBA ចាប់ពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩។ កម្ពុជាមានរយៈពេល៦ខែក្នុងតវ៉ា និងចរចាជាមួយគណៈកម្មការអឺរ៉ុប ដើម្បីរក្សានូវ EBA នេះ។
ប្រសិនបើគណៈកម្មការអឺរ៉ុបមិនទទួលការបកស្រាយរបស់កម្ពុជា ហើយចុងក្រោយសភាពអឺរ៉ុបសម្រេចព្យួរ EBA ពីកម្ពុជាមែននោះ ការព្យួរ EBA នេះ នឹងចូលជាធរមានក្នុងរយៈពេល ១៨ខែ គិតចាប់ពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩នេះតទៅ។ ហើយប្រសិនបើសហភាពអឺរ៉ុបសម្រេចព្យួរ EBA ម៉ែននោះ កម្ពុជានឹងត្រូវបាត់បង់ប្រាក់ចំណេញពីការអនុគ្រោះពន្ធនេះជិត ៧០០លានដុល្លារអាមេរិក សម្រាប់ទំហំទឹកប្រាក់ដែលកម្ពុជា នាំចេញទៅអឺរ៉ុបក្នុងរង្វង់ជាង ៦ពាន់លានដុល្លារអាមេរិក។
ថ្លែងពីទឹកដីនៃខេត្តពោធិ៍សាត់ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ដែរថា ការពឹងពាក់អ្នកដទៃ គឺឯករាជ្យភាពរបស់កម្ពុជានឹងមានកម្រិត ពោលកម្ពុជាមិនហ៊ាននិយាយតវ៉ាអ្វីជាមួយម្ចាស់ជំនួយឡើយ ដោយសារខ្លាចគេកាត់ជំនួយ។ ទោះបីជាយ៉ាងណាក៏ដោយ សម្តេចអះអាងថា ឲ្យតែប្រទេសមានឯករាជ្យ មានចំណីបរិភោគគ្រប់គ្រាន់នោះ កម្ពុជាច្បាស់ជាមានសិទ្ធិស្មើគ្នា និងមានសិទ្ធិពេញលេញដើម្បីនិយាយតបត ក្នុងឋានៈជាប្រទេសឯករាជ្យ និងមានអធិបតេយ្យផងដែរ។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បន្តថា «យើងពិនិត្យមើលនៅពេលសេដ្ឋកិច្ចគ្រួសាររបស់យើង នៅទទួលការពឹងពាក់ពីអ្នកក្រៅ ភាពឯករាជ្យរបស់យើងមានកម្រិត យើងមិនហ៊ាននិយាយជាមួយអ្នកដែលផ្តល់ជំនួយឲ្យមកយើងទេ ខ្លាចគេកាត់ជំនួយ ប៉ុន្តែនៅពេលដែលយើងមានឯករាជ្យ មានបានហូបគ្រប់គ្រាន់ មិនពឹងពាក់ទៅលើអ្នកដែលធ្លាប់ផ្តល់ឲ្យយើង យើងអាចមានសំឡេងស្មើភាពស្មើសិទ្ធិជាមួយគេ មិនមែនទទួលគេ ប៉ុន្តែមានសំឡេងដែលគ្រួសារនីមួយៗត្រូវការ ហើយប្រទេសនីមួយៗក៏កាន់តែត្រូវការ ក្នុងឋានៈជារដ្ឋឯករាជ្យ អធិបតេយ្យ»។
សូមបញ្ជាក់ដែរថា បន្ទាប់ពីគណៈកម្មការអឺរ៉ុប បានប្រកាសដំណើរនីតិវិធីព្យួរជាបណ្តោះអាសន្ន នូវប្រព័ន្ធអនុគ្រោះពន្ធក្រោមកម្មវិធី EBA ធ្វើឲ្យស្ថាប័នពាក់ព័ន្ធនានានៅកម្ពុជា បានចេញមុខមកអំពាវនាវចំពោះគណៈកម្មការអឺរ៉ុប ឲ្យពិនិត្យឡើងវិញដោយហ្មត់ចត់ជាទីបំផុត លើសេចក្តីសម្រេចនេះក្នុងឥរិយាបថស្និទ្ធស្នាល ដោយពិចារណាលើផលអវិជ្ជមាន ទៅលើជីវភាពរបស់ប្រជាជនកម្ពុជារាប់លាននាក់ និងការអភិវឌ្ឍជារួមរបស់កម្ពុជា ដែលជាការចូលរួមចំណែករបស់សហភាពអឺរ៉ុប អស់រយៈពេលជាង ២៥ឆ្នាំកន្លងមកនេះ។
សូម្បីអង្គការសង្គមស៉ីលវិលវិញ ក៏បានយល់ឃើញដែរថា ក្នុងដំណើរការដកប្រព័ន្ធ EBA នេះពីកម្ពុជា គណៈកម្មការអឺរ៉ុបបាន និងកំពុងតែមើលរំលងនូវកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ក្នុងការចូលរួមចំណែកកសាងពីកម្ពុជា ដែលស្ថិតក្នុងសង្គ្រាមអស់ជាច្រើនទសវត្សរ៍ និងរងការបំផ្លិចបំផ្លាញស្ទើតែទាំងស្រុងឲ្យប្រែក្លាយទៅជាប្រទេស ដែលគេទទួលស្គាលទូទាំងពិភពលោកថា មានសេដ្ឋកិច្ច រីកចម្រើនលឿនជាងគេបំផុតលំដាប់ទីប្រាំមួយ ជាមួយនឹងកំណើនសេដ្ឋកិច្ច៧% ជារៀងរាល់ឆ្នាំ ក្នុងរយៈពេលជាងពីរទសវត្សរ៍ចុងក្រោយនេះ៕