(ពោធិ៍សាត់)៖ ឆ្លើយបតនឹងបញ្ហាខ្វះខាតថាមពលអគ្គិសនីប្រើប្រាស់នៅកម្ពុជានារដូវប្រាំងនេះ, សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩នេះ បានបញ្ជាក់ឲ្យដឹងថា លោក កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកអគ្គិសនីកម្ពុជា នឹងចាកចេញពីប្រទេសកម្ពុជា ឆ្ពោះទៅកាន់ប្រទេសតួកគី ដើម្បីចរចានាំយកនូវនាវាផ្ទុកថាមពលអគ្គិសនី អនុភាព២០០មេហ្កាវ៉ាត់មកកាន់កម្ពុជា។
សម្តេចតេជោបានថ្លែងទៀតថា ការនាំយកនាវាផ្ទុកថាមពលអគ្គិសនីពីប្រទេសតួកគីមកកម្ពុជានេះ គឺជាដំណោះស្រាយបន្ទាប់មួយ សម្រាប់នាំយកអគ្គិសនីមកផ្គត់ផ្គង់ក្នុងទីក្រុង ទម្រាំកម្ពុជាមានរោងចក្រផលិតអគ្គីសនីថ្មីថែមទៀត ទើបដកនាវារបស់តួគីចេញទៅវិញ។
ការថ្លែងយ៉ាងដូច្នេះរបស់សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល ធ្វើឡើងក្នុងឱកាសដែលសម្តេចអញ្ជើញចុះសំណេះសំណាលជាមួយកម្មករ កម្មការិនី ជាង១ម៉ឺននាក់ នៅក្នុងខេត្តពោធិ៍សាត់ នៅថ្ងៃទី២០ ខែមីនានេះ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «បញ្ហាអគ្គិសនី យើងក៏កំពុងអំពាវនាវឲ្យបញ្ចេញម៉ាស៊ីនភ្លើងទាំងអស់មកប្រើប្រាស់ ព្រោះយើងមានកង្វះ។ ឥលូវនេះ ឯកឧត្តម ស៊ុយ សែម ឯកឧត្តម កែវ រតនៈបានរាយការណ៍ប្រហែលជា ឯកឧត្តម កែវ រតនៈ នឹងហោះទៅតួកគីភ្លាម ដើម្បីនាំកប៉ាល់មួយ ដែលផ្ទុកនូវម៉ាស៊ីនភ្លើងប្រមាណ២០០មេហ្គាវ៉ាត់ ចូលមកទីក្រុងភ្នំពេញ បើសិនជាត្រូវថ្លៃគ្នាចូលមកទីក្រុងភ្នំពេញ ផ្គត់ផ្គង់ក្នុងរយៈកាលប៉ុន្មានឆ្នាំ ដើម្បីយើងរង់ចាំថាមពលបន្ថែម»។
ជាមួយគ្នានេះ សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលបញ្ជាក់ថា ទោះបីកម្ពុជានាំយកនាវាផលិតអគ្គីសនីពីប្រទេសតួកគីក្នុងថ្លៃបន្តិចមែន ប៉ុន្តែប្រជាពលរដ្ឋមិនទទួលផលប៉ះពាល់ដោយសារថ្លៃភ្លើងទេ។
សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ផងដែរដល់បងប្អូនជនរួមជាតិទូទាំងប្រទេសថា កម្ពុជាប្រឈមនូវកង្វះខាតអគ្គិសនីប្រើប្រាស់ ដោយសារតម្រូវការកាន់តែខ្ពស់ដូចជានៅទីក្រុងភ្នំពេញ, សៀមរាប និងក្រុងព្រះសីហនុជាដើម ដែលពីមុនប្រើប្រាស់តែជាង២០មេហ្កាវ៉ាត់ ប៉ុន្តែពេលនេះ គឺត្រូវការភ្លើងជាង១០០ មេហ្កាវ៉ាត់។ ជាក់ស្តែងវិស័យសំណង់ គឺបានកើនឡើងជាង៧០០% បើប្រៀបធៀបក្នុងខែ មករា និងកុម្ភៈឆ្នាំទៅ។ ចំណុចនេះហើយដែលកម្ពុជា មានការប្រើប្រាស់អគ្គិសនីកាន់តែច្រើន ដែលខុសពីការព្យាករណ៍របស់រាជរដ្ឋាភិបាលកាលពីមុន។
សម្តេចតេជោ ហ៊ុន សែន បានជំរុញឲ្យក្រសួងរ៉ែ និងថាមពល សហការជាមួយអាជ្ញាធរអគ្គិសនីកម្ពុជា ជ្រើសរើសយករោងចក្រផលិតអគ្គិសនី ដែលមានលក្ខណៈបច្ចេកវិទ្យាទំនើប ដូចជារោងចក្រដែលប្រើប្រាស់ហ្គាស (Gas) ដែលប្រសើរជាងធ្យូងថ្ម ព្រោះយូរទៅវាមានតម្លៃកាន់តែខ្ពស់ ដែលបង្កការលំបាក។ ដូច្នេះកម្ពុជាត្រូវការរោងចក្រផលិតអគ្គិសនីបែបទំនើប សម្រាប់កម្ពុជានាពេលអនាគត៕