(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា និងអង្គការ JICA បានរួមគ្នារៀបចំសិក្ខាសាលាផ្សព្វផ្សាយស្ដីពី «លទ្ធផលអង្កេតបឋមនៃ គម្រោងអង្កេតដំណាក់កាលទី២ លើការលើកម្ពស់ការប្រើប្រាស់ ប្រាក់រៀលនៅកម្ពុជា»។ សិក្ខាសាលានេះរៀបចំឡើងក្រោមការចូលរួមពីលោកស្រី នាវ ច័ន្ទថាណា ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា, លោក Sugano Yuichi តំណាងប្រធានអង្គការ JIC ប្រចាំកម្ពុជា និងមន្រ្ដីធនាគារជាតិជាច្រើនរូប។

លោក Sugano Yuichi ឲ្យដឹងថា «ថ្ងៃនេះខ្ញុំសូមសម្ដែងក្ដីគោរពចំពោះអ្នកចូលរួម ក្នុងសិក្ខាសាលានេះទាំងអស់ ពិសេសអ្នកមកពីវិស័យធនាគារ, វិទ្យាស្ថាន និងស្ថាប័នហិរញ្ញវត្ថុ ព្រមទាំងដៃគូរអភិវឌ្ឍន៍ទាំងអស់ ក្នុងការលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀលនៅកម្ពុជា។ ថ្ងៃនេះខ្ញុំសូមជម្រាបជូនពីការប្រតិបត្តិការរវាងអង្គការ JICA និងធនាគារជាតិនៃកម្ពុជា ដោយដៃគូរទាំងពីរបានចាប់ផ្ដើមអង្កេត, វាយតម្លៃ និងវិភាគលើការប្រើប្រាស់ ប្រាក់រៀលរួមគ្នាចាប់តាំងពីឆ្នាំ២០១១មកម្លេះ»។

លោកបន្ថែមថា បច្ចុប្បន្ននេះប្រទេសកម្ពុជាមានការអភិវឌ្ឍន៍រហូត ដល់ក្លាយជាប្រទេសដែលមាន ចំណូលមធ្យមកម្រិតទាប ក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ ហើយនេះជាពេលដែលកម្ពុជា លើកម្ពស់ការប្រើប្រាស់ប្រាក់រៀលជាជំហានៗ ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចឲ្យកាន់តែរីកចម្រើនឡើង។

លោកស្រី នាវ ច័ន្ទថាណា ឲ្យដឹងថា «សិក្ខាសាលានៃការអង្កេតថ្ងៃនេះពិតជាមានសារសំខាន់ ក្នុងការលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល និងស្ថានភាពនៃការប្រើប្រាស់ប្រាក់ដុល្លារនៅកម្ពុជា។ តាមរយៈការអង្កេតកន្លងទៅឃើញថា មានលទ្ធផលសំខាន់មួយចំនួនដែលផ្ដល់ដល់ អ្នកធ្វើគោលនយោបាយ, អ្នកសិក្សាស្រាវជ្រាវ, ស្ថានប័នរាជរដ្ឋាភិបាល, អ្នកពាក់ព័ន្ធ, អង្កការ NGO និងដៃគូរទាំងអស់ដើម្បីធ្វើការស្រាវជ្រាវ»

លោកស្រីបន្ដថា សិក្ខាសាលាថ្ងៃនេះបានរួមចំណែកក្នុងការលើកកម្ពស់ការយល់ដឹងពី ស្ថានភាពដុល្លារូបនីយកម្មនៅកម្ពុជា និងការជំរុញក្នុងការប្រើប្រាស់ប្រាក់រៀល ពិសេសសហគមន៍វិស័យឯកជនអាចចូលរួម ក្នុងការលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀលនៅកម្ពុជា។

លោកស្រីបញ្ជាក់ថា «ខ្ញុំជឿជាក់ថា ការប្រឹងប្រែងរួមគ្នារវាងធនាគារជាតិ និងអង្កការ JICA នឹងអាចសម្រេចគោលដៅរួមគ្នា ក្នុងការលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀលយ៉ាងងាយស្រួល ហើយខ្ញុំសូមចូលរួមយ៉ាងសកម្ម ក្នុងការលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល នៅទូទាំងប្រទេសកម្ពុជា»៕