(ភ្នំពេញ)៖ ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល នាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩ បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូដឹកនាំដោយលោក Kevin Li ប្រធានគ្រប់គ្រងទូទៅនៃក្រុមការងារបណ្តាញ Global Parcel Network Team របស់ក្រុមហ៊ុន 4PX Express Co. , Ltd. (ផ្នែកមួយនៃក្រុមហ៊ុន Alibaba Cainiao Logistics Group)។
ជំនួបពិភាក្សានេះ មានគោលបំណងលើកកម្ពស់ការធ្វើពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិកឆ្លងកាត់ព្រំដែន ក្នុងទីផ្សារកម្ពុជាក៏ដូចជា កសាងសមត្ថភាពដល់សហគ្រាសខ្នាតតូច និងមធ្យមក្នុងស្រុក ដើម្បីបង្ហាញផលិតផលរបស់ខ្លួន ក្នុងវេទិកានៃការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកទូទាំងសកលលោក ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន 4PX Express។
លោកទេសរដ្ឋមន្រ្តី បានសម្តែងនូវការកោតសរសើរ និងការគាំទ្រយ៉ាងពេញទំហឹងចំពោះដំណោះ ស្រាយឡូជីស្ទីកក្នុងការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនៅកម្ពុជា។
លោកទេសរដ្ឋមន្រ្តី បានស្នើបន្ថែមឱ្យក្រុមហ៊ុនពិចារណាលើព្រលានយន្តហោះនៅកំពង់ឆ្នាំង ដែលកន្លងមកត្រូវបានប្រើប្រាស់របស់ខ្លួន ជាមជ្ឈមណ្ឌលដឹកជញ្ជូនទំនិញ ដោយសារតែខេត្តនេះ ជាទីតាំងឋិតនៅចំចំណុចកណ្តាល សម្រាប់ការតភ្ជាប់ តាមផ្លូវដែក ផ្លូវទឹក ផ្លូវហាយវេ និងផ្លូវជាតិផងដែរ៕