(ក្រចេះ)៖ លោក ម៉ក់ ពេជ្ជរិទ្ធ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកកាំកុងត្រូល សហការជាមួយអាជ្ញាធរ ខេត្ត-ក្រុង នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩នេះ បានបន្តដឹកនាំមន្រ្តីកាំកុងត្រូល យករថយន្ដពិសោធន៍ចល័ត ចុះត្រួតពិនិត្យទំនិញ បន្លែ ផ្លែឈើ និងម្ហូបអាហារជាច្រើនមុខ ដែលលក់នៅផ្យារសាមគ្គីក្រុងក្រចេះ ខេត្តក្រចេះ។

ថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Fresh News លោក ម៉ក់ ពេជ្ជរិទ្ធ បានឲ្យដឹងថា ក្រុមមន្រ្តីបានចុះត្រួតពិនិត្យជាអចិន្ត្រៃយ៍នៅតាមទីផ្សារនៅទូទាំងប្រទេស ជាក់ស្ដែងនៅក្នុងខេត្តក្រចេះនេះតែម្តង គឺអគ្គនាយកដ្ឋានកាំកុងត្រូល បានដាក់មន្ត្រីជំនាញរបស់ខ្លួននៅប្រចាំការ ដើម្បីបំរើសេវាផ្ដល់ជូនប្រជាពលរដ្ឋតាមមូលដ្ឋាន ចៀសផុតអំពីគ្រោះថ្នាក់ បណ្ដាលមកពីផលិតផល ទំនិញ ដែលមានលាយសារធាតុគីមីហាមឃាត់។

បន្ទាប់ពីមានការផ្សព្វផ្សាយ អប់រំណែនាំការ និងការចុះពិនិត្យផលិតផល ទំនិញ បន្លែ ផ្លែឈើ ចំណី អាហារគ្រប់ប្រភេទ ពីសំណាក់ ក្រុមមន្រ្តីជំនាញ នៃអគ្គនាយកដ្ឋានកាំកុងត្រូលកន្លងមក។ ជាក់ស្តែង ការចុះត្រួតពិនិត្យលើម្ហូបអាហារនៅថ្ងៃនេះ ក្រុមការងារ បានរកឃើញភាពអវិជ្ជមានច្រើន គឺមិនមានផលប៉ះពាល់សម្រាប់បញ្ហាម្ហូបអាហារទេ គឺដោយសារបងប្អូនអាជីវករ ប្រជាពលរដ្ឋ មានការយល់ដឹងច្រើន អំពីផលប៉ះពាល់ នៃសារធាតុគីមី និងបញ្ហាសុខភាព។

តាមរយៈសកម្មភាពចុះត្រួតពិនិត្យទំនិញម្ហូបអាហារ បន្លែ ផ្លែឈើនេះដែរ គេសង្កេតឃើញថា បងប្អូនប្រជាពលរដ្ឋ មានការសប្បាយចិត្ត និងមានភាពជឿជាក់ ក្នុងការទិញផលិតផល ទំនិញ បន្លែ ផ្លែឈើ និងមុខម្ហូបជាច្រើនផ្សេងទៀត ដែលមានគុណភាព និងគ្មានជាតិគីមី សម្រាប់ផ្គត់ផ្គង់ប្រចាំថ្ងៃរបស់ពួកគាត់។

ក្នុងនាមអគ្គនាយកដ្ឋានកាំកុងត្រូល និងក្នុងនាមអាជ្ញាធរខេត្ត លោក ម៉ក់ ពេជ្ជរិទ្ធ បានអំពាវនាវដល់អាជីវករលក់ដូរតូចក្តីធំក្តី គឺមេត្តាសូមសហការជាមួយសមត្ថកិច្ចជំនាញ ក្រុមជំនាញបានចុះមកធ្វើការជួយផ្ដល់ព័ត៌មាន ចែករំលែកព័ត៌មានក្រែងលោមានបញ្ហាហានិភ័យកើតឡើង ដោយសារឃើញអ្វីមួយនោះ សូមជួយផ្ដល់ព័ត៌មានដើម្បីក្រុមការងារជំនាញ បានធ្វើការ និងបំពេញភារកិច្ចឲ្យចំគោលដៅយើងត្រូវគិតថា សុខភាពទាំងអស់គ្នា គឺសំខាន់បំផុត។

ប្រសិនជាអ្នកលក់នៅតែបន្តលួចដាក់សារធាតុគីមីហាមឃាត់ ទៅក្នុងមុខម្ហូប និងបន្លែផ្លែឈើទាំងនោះ សុខភាពទាំងអស់គ្នា មិនថា អ្នកលក់ ឬទិញទេគឺប៉ះពាល់ដូចគ្នា។ បញ្ហាទាំងអស់នេះ គឺជាកត្តាដ៏សំខាន់ ក្នុងការចូលរួមចំណែកកាត់បន្ថយភាពក្រីក្រ និងជួយរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិយើងឲ្យមានការរីកចម្រើន។

ជាមួយគ្នានោះដែរ មន្ត្រីបច្ចេកទេសនៃកាំកុងត្រូលបានយមម្ហូបអាហារបន្លែ ផ្លែឈើ ចំនួន៥៤មុខ ក្នុងនោះមន្ត្រីជំនាញបានធ្វើតេស្តជាមួយរថយន្ដពិសោធន៍ដោយរកឃើញនូវសារធាតុ បូរ៉ាក់ (BORAX)នៅលើមីលឿង (សម្រាប់ឆារ) ដោយមន្រ្តីជំនាញដកហូតបានចំនួន៨គីឡូក្រោម ដុតបំផ្លាញចោល។

មន្រ្តីជំនាញបញ្ជាក់ថា សារធាតុនេះ បើមនុស្សស្រី ធ្វើឲ្យប៉ះពាល់ប្រព័ន្ធបន្ដពូជ មនុស្សប្រុសប៉ះពាល់ប្រពន្ធ័រំលាយអាហារ៕