(ភ្នំពេញ)៖ នៅថ្ងៃពុធ ១៥កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩ លោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញទទួលជួប ពិភាក្សាការងារជាមួយ លោក Oh Yeun Kun អនុប្រធានសារជីវកម្មវិស្វកម្ម Yooshin នៃសាធារណរដ្ឋកូរ៉េ។
រដ្ឋមន្រ្តី បានជម្រាបអំពីការខិតខំប្រឹងប្រែងរបស់ក្រសួង និងកិច្ចការចំពោះមុខដែលត្រូវអនុវត្ត និងអំពីការជួយគាំទ្រលើវិស័យធនធានទឹកពីសាធារណរដ្ឋកូរ៉េ ដើម្បីរួមចំណែកជំរុញកំណើន នៃការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាជាបន្តទៀត។
នៅក្នុងកិច្ចពិភាក្សា លោក Oh Yeun Kun បានបង្ហាញនូវសេចក្តីរីករាយដោយឃើញអំពីភាពរីកចម្រើន នៃប្រទេសកម្ពុជានាពេលបច្ចុប្បន្ន និងបានវាយតម្លៃខ្ពស់អំពីការរួមចំណែក នៃវិស័យធនធានទឹកក្រោមការដឹកនាំផ្ទាល់របស់រដ្ឋមន្រ្តី ក្នុងដំណើរការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ដែលសម្រេចបានរហូតមកដល់ពេលនេះ។
លោកអនុប្រធានជម្រាបថា សារជីវកម្មវិស្វកម្មរបស់លោក ពិតជាមានកិត្តិយសដោយត្រូវបានជ្រើសរើសសម្រាប់ជួយលើផ្នែកបច្ចេកទេសក្នុងអនុវត្តគម្រោងក្រោមហិរញ្ញប្បទាននៃសាធារណរដ្ឋកូរ៉េ រួមមានគម្រោង៖
*ទី១៖ សំណង់ទំនប់ទឹកសាលាតាអន នៅស្រុកឯកភ្នំ ខេត្តបាត់ដំបង
*ទី២៖ ការអភិវឌ្ឍន៍ធារាសាស្រ្ត និងកាត់បន្ថយទឹកជំនន់នៅខេត្តបន្ទាយមានជ័យ ដោយលោកប្តេជ្ញាថា នឹងខិតខំបំពេញការងារឲ្យសម្រេចបានតាមផែនការគ្រោងទុក។
រដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារបច្ចេកទេស បម្រើការងារក្នុងគម្រោង និងសមិទ្ធផលការងារនៃគម្រោងដែលសម្រេចបានមកដល់ពេលនេះ និងបានស្នើឲ្យសារជីវកម្មវិស្វកម្មរបស់លោក ត្រូវបំពេញតាមគោលការណ៍ និងបទដ្ឋានបច្ចេកទេស ដែលបានកំណត់ និងត្រូវបន្តកិច្ចសហការ និងជួយធ្វើឲ្យគម្រោងអនុវត្តទទួលបានជោគជ័យ និងមានប្រសិទ្ធភាពខ្ពស់ ដើម្បីគាំទ្រដល់គោលបំណងនៃគម្រោងដែលបានកំណត់។
សូមជម្រាបថា គម្រោងសំណង់ទំនប់ទឹកសាលាតាអន មានគោលបំណងសំខាន់រួមមាន៖
*ទី១៖ ការបង្កើនសមត្ថភាពស្រោចស្រពលើផ្ទៃដីរាប់ម៉ឺនហិកតានៅប៉ែកខាងក្រោម
*ទី២៖ ដើម្បីរក្សាស្ថេរភាពទឹកដើម្បីបម្រើដល់ការប្រើប្រាស់ទឹកស្អាតសម្រាប់ខេត្តបាត់ដំបង
*ទី៣៖ សម្រាប់លើកកម្ពស់សោភ័ណ្ឌភាព និងទាក់ទាញទេសចរណ៍បែបធម្មជាតិ។
គម្រោងនេះ ត្រូវអនុវត្តក្នុងរយៈពេល០២ឆ្នាំ (២០១៨-២០២០) ដែលរហូតមកដល់ពេលនេះ វឌ្ឍនភាពការងារ គឺសម្រេចបានប្រមាណ ២០ភាគរយ។ ដោយឡែក សម្រាប់គម្រោងអភិវឌ្ឍន៍ ធារាសាស្រ្ត និងកាត់បន្ថយទឹកជំនន់នៅខេត្តបន្ទាយមានជ័យ ក្នុងគោលបំណងដើម្បីកាត់បន្ថយការខូចខាតដោយទឹកជំនន់ និងរាំងស្ងួត ព្រមទាំងសាងសង់ទំនប់ពហុបំណង និងប្រឡាយដើម្បីបម្រើឲ្យ ការស្រោចស្រព និងការផ្គត់ផ្គង់ទឹកស្អាត។ ចំពោះដំណើរការនៃគម្រោង រហូតមកដល់ពេលនេះគឺបានចុះកិច្ចសន្យាកាលពីខែកញ្ញា ឆ្នាំ២០១៨ ហើយបច្ចុប្បន្នកំពុងសិក្សាគ្រោងប្លង់ និងចាប់ផ្តើមការងារសាងសង់នាពេលខាងមុខ៕