(ភ្នំពេញ)៖ នៅថ្ងៃពុធ១៥ កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តី ប្រធានអាជ្ញាធរជាតិប្រយុទ្ធ ប្រឆាំងគ្រឿងញៀន បានជាអធិបតីដឹកនាំសន្និបាតបូកសរុបលទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀនឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំ២០១៩ ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួង ស្ថាប័ន អង្គភាព ជាសមាជិកអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន គណៈកម្មការចម្រុះប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនរាជធានី-ខេត្ត ខណ្ឌ ស្រុក ឃុំសង្កាត់ លេខាធិការដ្ឋានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនរាជធានី-ខេត្ត តុលាការ តំណាងប្រទេសជាមិត្ត អង្គការដៃគូសរុបជាង៦០០នាក់។
ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានពាំនាំនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈដឹកនាំយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ជូនចំពោះលោក លោកស្រី ដែលជាប្រធានស្ថាប័ន ពាក់ព័ន្ធកងកម្លាំង អនុវត្តច្បាប់គ្រប់ប្រភេទ មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ វិស័យសាសនា វិស័យឯកជន សប្បុរសជន សិល្បករ ពិធីករ កីឡាករ អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ ដៃគូរអភិវឌ្ឍន៏ និងប្រទេសជាមិត្ត ព្រមទាំងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមចំណែកយ៉ាងសកម្ម និងផុលផុស ក្នុងការរួមចំណែកប្រយុទ្ធប្រឆាំង បង្កាទប់ស្កាត់បញ្ហាគ្រឿងញៀននៅកម្ពុជា។
ក្នុងឱកាសនោះដែរ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានបន្តថា «សន្និបាតរបស់យើងនាពេលនេះ គឺមានលក្ខណៈ ពិសេសជាងពេលមុនៗ ដោយសារថា ជាសន្និបាតបូកសរុបលទ្ធផលការងារ ដែលយើងបានរួមគ្នាអនុវត្តជាចុងក្រោយ នូវកម្មវិធីនយោបាយកែទម្រង់ដូចមានកំណត់ក្នុងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល នីតិកាលទី៥ នៃរដ្ឋសភា និងការចាប់ផ្ដើមអនុវត្ដកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៦ នៃរដ្ឋសភា ដែលបានកើតចេញពីការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ កន្លងទៅនេះ»។
ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានស្នើដល់អង្គសន្និបាតទាំងមូលត្រូវតែរួមគ្នាពិនិត្យ ពិភាក្សា និងវាយតម្លៃឱ្យបានស៊ីជម្រៅ និងឱ្យបានច្បាស់លាស់ អំពីលទ្ធផលដែលយើង សម្រេចបាន អំពីចំណុចខ្លាំង ចំណុចខ្សោយ ក៏ដូចជា បញ្ហាប្រឈម និងតម្រូវការនានា សម្រាប់ធ្វើជាមូលដ្ឋានក្នុងការកំណត់ទិសដៅ និងសកម្មភាពការងារឱ្យបានសមស្រប ក្នុងការបង្ការ ទប់ស្កាត់ បង្រ្កាប និងដោះស្រាយនូវរាល់បញ្ហា ដែលមានការពាក់ព័ន្ធនឹងគ្រឿងញៀនឲ្យមានប្រសិទ្ធភាព និងខាងតែបាន ព្រមខិតខំចូលរួមឲ្យបានសកម្មក្នុងការអនុវត្តផែនការយុទ្ធនាការ ប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៤ របស់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់ឆ្នាំ២០១៩ ដើម្បីរួមចំណែកក្នុងលើកកម្ពស់សុខុមាលភាព ប្រជាពលរដ្ឋ ថែរក្សា និងការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈបង្កបរិយាកាសល្អសម្រាប់ការអនុវត្តយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៤ នៃរាជរដ្ឋាភិបាលថ្មី ឱ្យបានជោគជ័យ៕