(កំពង់ធំ)៖ នៅវត្តបុព្វវ័ន្ត ហៅវត្តខ្មាក់ ត្រូវបានរៀបចំពិធីបុណ្យបញ្ចុះខណ្ឌសីមា និងកាត់ឫសសីមាក្រោមអធិបតីភាពលោក សុខ លូអភិបាលខេត្តកំពង់ធំ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩ ដោយមានការចូលរួមពីប្រធាន អនុប្រធានមន្ទីរ ជុំវិញខេត្ត អភិបាល អភិបាលរងស្រុក ប្រធានការិយាល័យ លោកមេឃុំមេភូមិ កងកម្លាំងប្រដាប់អាវុត លោកគ្រូអ្នកគ្រូ ប្រជាពលរដ្ឋ តាជីយាយជីពុទ្ធបរិស័ទ្ធ និងសិស្សានុសិស្សជិត៥០០នាក់។
លោក វណ្ណៈ សោភានិត អភិបាលស្រុកប្រាសាទបល្ល័ង្ក បានលើកឡើងថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ប្រកបដោយគតិបណ្ឌិត អាជ្ញាធរខេត្តស្រុកខណ្ឌ បានខិតខំយកចិត្តទុកដាក់សហការ ជាមួយគ្រប់ស្ថាប័នជំនាញ អង្គការក្រៅរដ្ឋាភិបាល ដើម្បីពង្រឹង និងថែរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ដោយបានអនុវត្តនូវគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាពរបស់រាជ រដ្ឋាភិបាល។
បន្ទាប់ពីផ្សព្វផ្សាយ និងពិនិត្យជារួមបទល្មើសគ្រប់ប្រភេទ គឺមានការថយចុះជាបន្តបន្ទាប់ដូច្នេះ ជាចំណែកមួយដ៏សំខាន់ក្នុងការបង្កលក្ខណៈគ្រប់អភិវឌ្ឍលើគ្រប់វិស័យ ដល់មូលដ្ឋានភូមិឃុំ និងកាត់បន្ថយនូវ ភាពក្រីក្រជាបណ្តើរៗ។
ព្រះពុទ្ធសាសនាត្រូវបានកំណត់ដោយច្បាប់ ដែលជាសាសនារបស់រដ្ឋ នឹងត្រូវបានកសាងរៀបចំឱ្យរីចម្រើនឡើងជាបន្តបន្ទាប់។ សមិទ្ធិផលដ៏វិសេសវិសាលដ៏ប្រពៃកើតចេញពីទឹកចិត្ត ប្រកបដោយយ៉ាងសទ្ធាជ្រះថ្លារបស់លោកស្រី មន្ត្រីរាជការ អាជីវករ ពាណិជ្ជករ សប្បុរសជនគ្រប់ទិសទី ក្នុងនិងក្រៅស្រុកតាមរយៈការចូលរួមថវិកាផ្ទាល់តាមរយៈបុណ្យកឋិនទាន បុណ្យផ្កា បុណ្យប្រពៃណីជាតិ និងបុណ្យភ្ជុំបិណ្ឌ។
ការកសាងព្រះវិហារថ្មីដ៏ល្អស្រស់បំព្រង ត្រូវបានកសាងឡើងចាប់តាំងពីចុងឆ្នាំ២០០៧ ដល់ឆ្នាំ២០១៩ មានរយៈពេល ១២ឆ្នាំ ព្រះវិហារមួយខ្នងមានបណ្ដោយប្រវែង ២៤.៥០ម៉ែត្រទទឹង ១៨ម៉ែត្រកម្ពស់ ១៥ម៉ែត្រ ដែលមានតម្លៃសរុប១២៨០.០០០.០០០ រៀល ស្មើនឹង៣២០.០០០ដុល្លារ។
លោក សុខ លូ បានថ្លែងក្នុងពិធីនេះថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ធ្វើឲ្យមានហេដ្ឋារចនាសម្ព័ន្ធគ្រប់ទីកន្លែង មានការអភិវឌ្ឍចំណូល មធ្យមកម្រិតខ្ពស់ ក្មេងជំនាន់ក្រោយកុំឲ្យមានការលំបាកដូចឪពុកម្តាយសព្វថ្ងៃ សូមឲ្យសិស្សានុសិស្សទាំងអស់ខិតខំសិក្សារៀនសូត្រឲ្យក្លាយជាមនុស្សល្អនៅក្នុងសង្គម។
ព្រះពុទ្ធសាសនា គឺជាសាសនារបស់រដ្ឋដូច្នេះយើងទាំងអស់គ្នា ជាពុទ្ធបរិស័ទចំណុះជើងវត្តត្រូវរក្សាប្រពៃណីខ្មែរយើងឲ្យបានគង់វង្ស រក្សានូវអនាម័យ៣ប្រការគឺ ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត ការសម្អាតបរិស្ថាន ឲ្យមានអនាម័យល្អនៅទីធ្លាវត្តអារាម និងគេហដ្ឋានរបស់បងប្អូន ការគោរពវិន័យនិងបទបញ្ជាផ្សេងៗ ដើម្បីឲ្យមនុស្សមួយចំនួនទទួលភាពជោគជ័យ ក្នុងសង្គមជាតិស្នេហាជាតិ សហការគ្នាខិតខំប្រឹងប្រែង ឲ្យប្រទេសមានការអភិវឌ្ឍ ខិតខំបំរើសេវាសាធារណៈ បម្រើរដ្ឋ ត្រូវចេះគោរពច្បាប់ចរាចរណ៍និងជៀសឲ្យឆ្ងាយពីគ្រឿងញៀន ព្រោះគ្រោះថ្នាក់ចរាចរណ៍ធ្វើឲ្យជីវភាព របស់បងប្អូនក្រីក្រពិការភាពអស់មួយជីវិត ការប្រើប្រាស់គ្រឿងញៀន គឺបំផ្លាញសង្គមជាតិខូចសុខភាពគ្រួសារ គ្មានសុភមង្គលធ្វើឲ្យកូនចៅគ្មានអនាគត។ ការធ្វើដំណើររបស់បងប្អូនត្រូវ ពាក់មួកសុវត្ថិភាព ចៀសវាងគ្រោះថ្នាក់ផ្សេងៗកើតឡើងជាយថាហេតុ។
ជាចុងក្រោយលោកបានបំពាក់មេដៃ ដល់ចៅអធិការវត្ត និងគណៈកម្មការពុទ្ធបរិស័ទនៅវត្តបុព្វវ័ន្តហៅ វត្តខ្មាក់ ចែកអំណោយដល់តាជីយាយជី លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងកាត់ឫសសីមា ។ លោកបានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ ឱ្យរក្សាប្រពៃណីជាតិយើង និងខិតខំប្រឹងប្រែងរកស៊ីប្រកបការងារទៅតាមជំនាញរៀងៗខ្លួននៅតាមមូលដ្ឋាន ពិសេសសូមប្រុងប្រយ័ត្នលើគ្រោះធម្មជាតិផ្សេងៗដែលបានកើតឡើង៕