(ភ្នំពេញ)៖ កាលពីប៉ុន្មានថ្ងៃមុន មានករណីប្លន់សម្លាប់ដ៏គួរឱ្យរន្ធត់មួយ ដោយមានជនជាតិជប៉ុន ២នាក់ បានប្លន់សម្លាប់អ្នករត់តាក់ស៊ីខ្មែរនៅស្រុកពួក ខេត្តសៀមរាប។ ករណីឃាតកម្មដ៏ឃោរឃៅនេះ បានបង្កឲ្យមានការភ្ញាក់ផ្អើល និងសោកស្ដាយជាខ្លាំងពីសំណាក់ប្រជាពលរដ្ឋខ្មែរ ពិសេសប្រជាជនជប៉ុនរស់នៅកម្ពុជា ដែលបានសម្ដែងការសុំទោសពលរដ្ឋខ្មែរ ចំពោះអំពីប្លន់សម្លាប់ដោយជនសង្ស័យទាំង ២រូប ដែលជាជនជាតិជប៉ុនខាងលើ។

ទន្ទឹមជាមួយគ្នានេះ ប្រជាពលរដ្ឋជប៉ុន ដែលកំពុងរស់នៅ និងបម្រើការងារនៅកម្ពុជា ក៏បានឯកភាពគ្នា ក្រោមការផ្ដួចផ្ដើមគំនិតរបស់លោក កុអ៊ិជិ តាគូម៉ា ដែលជាជនជាតិជប៉ុនម្នាក់ ហើយក៏ជាប្រធានសមាគមជនជាតិជប៉ុននៅកម្ពុជាផងនោះ បានបង្កើតជាមូលនិធិមួយ ដើម្បីប្រមូលថវិកាសម្រាប់ជាការរួមចំណែកជួយដល់គ្រួសារជនរងគ្រោះ មានប្រពន្ធ និងកូន ៤នាក់ ដែលត្រូវរស់នៅដោយបាត់បង់ស្វាមីដ៏ល្អ និងជាឪពុកដ៏ល្អរបស់ពួកគេ។

លោក កុអ៊ិជិ តាគូម៉ា បានឲ្យដឹងថា ក្នុងនាមជនជាតិជប៉ុន លោកសូមចូលរួមរំលែកទុក្ខនៃក្រុមគ្រួសារជនរងគ្រោះ ហើយប្រជាជនជប៉ុនទាំងអស់មានសេចក្ដីសោកស្ដាយ រន្ធត់ និងអៀនខ្មាស់ជាពន់ពេក ចំពោះទង្វើដ៏សាហាវឃោរឃៅ និងខ្វះការពិចារណារបស់ជនសង្ស័យទាំង ២រូបនេះ ដែលធ្វើឲ្យប៉ះពាល់ដល់ចំណងមិត្តភាពដ៏ល្អប្រសើររបស់ប្រទេសជប៉ុន និងប្រទេសកម្ពុជា។

ដោយហេតុនេះ ប្រជាជនជប៉ុន កំពុងរស់នៅកម្ពុជា ក៏បានផ្ដួចផ្ដើមបង្កើតមូលនិធិសម្រាប់ជួយឧបត្ថម្ភដល់គ្រួសារជនរងគ្រោះ ដោយចាប់ផ្ដើមប្រមូលថវិកាចាប់ពីថ្ងៃទី១៩ រហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៩។ តែគិតត្រឹមព្រឹកថ្ងៃទី២០ ខែមីនានេះ មានប្រជាជនជប៉ុនប្រមាណជាង ១៥០នាក់ហើយ បានចូលរួមបរិច្ចាកថវិកាផ្ទាល់ខ្លួន ហើយគេរំពឹងថា នឹងមានប្រជាជនជប៉ុនជាច្រើនទៀត នឹងចូលរួមមូលនិធិនេះ មុនថ្ងៃយកទៅប្រគល់ជូនគ្រួសារជនរងគ្រោះ នាខែមេសាខាងមុខ។

លោក កុអ៊ិជិ តាគូម៉ា បន្ដថា «ខ្ញុំមានសេចក្ដីរន្ធត់ និងឈឺចាប់បំផុតចំពោះហេតុការណ៍នេះ។ ខ្ញុំមានសេចក្ដីព្រួយបារម្ភជាខ្លាំងចំពោះទង្វើរបស់ក្រុមមួយក្ដាប់តូច ដែលជាជនជាតិជប៉ុន ដូចពួកយើងដឹងនេះ ដែលបានធ្វើឲ្យប៉ះពាល់ដល់ជំនឿចិត្ត និងមិត្តភាពដ៏រឹងមាំអស្ចារ្យរបស់ប្រទេសជប៉ុន និងកម្ពុជា។ អ្វីៗដែលយើងខ្ញុំទាំងអស់គ្នាអាចធ្វើបាននាពេលនេះ គឺការឧបត្ថម្ភជាថវិកាមួយចំនួនដល់ការសិក្សារបស់កូនៗនៃជនរងគ្រោះ ដើម្បីឲ្យពួកគេបានបន្តការសិក្សា និងកសាងអនាគតដ៏ភ្លឺស្វាងរបស់ពួកគេ»

«ប្រជាជនជប៉ុនដែលកំពុងរស់នៅប្រទេសកម្ពុជាតែងតែចូលរួមជាសកម្ម ដើម្បីគាំទ្រនូវសកម្មភាពសង្គមនានា ដែលមានដូចជាសកម្មភាពផ្លាស់ប្ដូរ និងណែនាំអំពីវប្បធ៌មប្រទេសជប៉ុន និងកម្ពុជា សកម្មភាពកីឡា អប់រំ សកម្មភាពសម្អាតទីក្រុងដោយប្រមូលសំរាមជាដើម។ ប្រជាជនជប៉ុនដែលរស់នៅក្នុងប្រទេសកម្ពុជាសូមចូលរួមរំលែកទុក្ខក្រុមគ្រួសារជនរងគ្រោះ» ។ នេះគឺជាសម្ដីរបស់លោក កុអ៊ិជិ តាគូម៉ា៕