(ភ្នំពេញ)៖ ធនាគារ ស្ថាបនា បានប្រកាសជាផ្លូវការនូវអនុលោមភាពរបស់ខ្លួន (ការគោរព និងអនុវត្តន៍) ទៅតាមបទដ្ឋានឧស្សាហកម្មប័ណ្ណទូទាត់អន្ដរជាតិ (PCI DSS and PIN Security) ដែលធ្វើឱ្យធនាគារក្លាយជាធនាគារឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា ដែលទទួលបានវិញ្ញាបនបត្រ ទទួលស្គាល់ដោយបទដ្ឋាន ឧស្សាហកម្មប័ណ្ណទូទាត់អន្តរជាតិ ចាប់តាំងពីចុងឆ្នាំ២០១៨មក។

យោងតាមសេចក្តីប្រកាសរបស់ធនាគារ ស្ថាបនា បានឱ្យដឹងទៀតថា PCI DSS និង PIN Security បានអភិវឌ្ឍវិធានការរបស់ខ្លួន ដែលមានការទទួលស្គាល់ជាសកល ដើម្បីធានាបាននូវសុវត្ថិភាព និងទំនុកចិត្តដល់អ្នកប្រើប្រាស់ប័ណ្ណធនាគារ។ បទដ្ឋានទាំងនេះផ្ដល់ជូនអតិថិជនធនាគារទាំងអស់ នូវមូលដ្ឋានគ្រឹះដ៏រឹងមាំទាំងផ្នែកសុវត្ថិភាពបច្ចេកទេស និងផ្នែកសុវត្ថិភាពប្រតិបតិ្តការ នៅតាមទីតាំងនានា ដែលមានទទួលការទូទាត់តាមរយៈប័ណ្ណធនាគារ។

លោក លឹម អូន ប្រធាននាយកប្រតិបត្តិធនាគារ ស្ថាបនា បានលើកឡើងថា ការអនុលោមទៅតាមបទដ្ឋានស្ដង់ដា PCI DSS និង PIN Security គឺជាសមិទ្ធិផលដ៏សំខាន់មួយក្នុងចំណោមជោគជ័យធំៗ របស់ធនាគា ស្ថាបនា និងជាការបោះជំហានដ៏ធំមួយឆ្ពោះទៅរកធនាគារឈានមុខគេ ក្នុងព្រះរាជាណាចក្រកម្ពុជា ដោយមានកិច្ចខិតខំប្រឹងប្រែងរបស់យើង ក្នុងការប្រតិបត្តិបទដ្ឋានស្តង់ដារអន្តរជាតិនេះ បានផ្តល់ជូនអតិថិជនធនាគារស្ថាបនា នូវសុវត្ថិភាពប័ណ្ណធនាគារ សុវត្ថិភាពលេខសម្ងាត់ បង្កើនទំនុកចិត្តកាន់តែខ្ពស់ និងជំរុញការវិវឌ្ឍរបស់ធនាគារ ប្រកបដោយនិរន្តរភាព។

លោកបានបន្ថែមទៀតថា សមិទ្ធិផលនេះនឹងមិនអាចសម្រេចបានឡើយ ប្រសិនបើគ្មានការជួយជ្រោមជ្រែង ដោយមិនគិតពីការនឿយហត់ ពីសំណាក់ក្រុមការងារទាំងអស់ រួមមាន ក្រុមការងារក្រុមហ៊ុន SISA Information Security ក្រុមការងារធនាគារ និងផ្នែកពាក់ព័ន្ធដទៃទៀត ដែលបានខិតខំប្រឹងប្រែងដើម្បីសម្រេចគ្រប់ដំណាក់កាលទាំងអស់។

សូមបញ្ជាក់ដែរថា ធនាគារ ស្ថាបនា គឺជាធនាគារពាណិជ្ជដ៏ធំមួយ នៅក្នុងប្រទេសកម្ពុជា ដែលមានទ្រព្យសកម្មសរុប ១,៣០០លានដុល្លារសហរដ្ឋអាមេរិក គិតត្រឹមថ្ងៃទី២៨ ខែកុម្ភះ ឆ្នាំ២០១៩។ ធនាគារ ស្ថាបនា ផ្តល់ជូននូវផលិតផល និងសេវាកម្មធនាគារ ពេញលេញមានដូចជា ប្រាក់កម្ចី ប្រាក់បញ្ញើ សេវា iBanking សេវា Mobile Banking សេវាប័ណ្ណ សេវាផ្ទេរប្រាក់ ក្នុងស្រុក និងក្រៅប្រទេស សេវាធានា សេវាទូទាត់ការនាំចេញ និងនាំចូល និងមានសេវាកម្មដទៃទៀត នៅទូទាំងប្រទេសតាមរយៈ បណ្តាញ ១៧២សាខា ១៥០ម៉ាស៊ីនអេធីអឹម និងបុគ្គលិកបម្រើការងារជាង ៤,០០០នាក់៕