(ពោធិ៍សាត់)៖ ព្រឹកថ្ងៃពុធ ១៥កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបន្តអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបប្រមាណ ១០,៦៨៩នាក់ មកពីរោងចក្រ សហគ្រាសចំនួន៦ នៅក្នុងខេត្តពោធិ៍សាត់។ ជំនួបសំណេះសំណាលរវាងសម្តេចតេជោ និងកម្មករ កម្មការិនីនៅព្រឹកថ្ងៃពុធនេះធ្វើឡើងនៅភូមិវាលវង់ ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់។
ខាងក្រោមជាប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន៖
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចមានភាពសប្បាយរីករាយខ្លាំងណាស់ពេលបានជួបបងប្អូនកម្មករ កម្មការិនីនៅក្នុងខេត្តពោធិ៍សាត់
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងសុំការយោគយល់ចំពោះកម្មករ កម្មការិនី ដែលពន្យារពេលយ៉ាងយូរក្នុងការចុះជួបជាមួយកម្មករ កម្មការិនី, តែសម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ការមកយឺតប្រសើរជាងមិនមក។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការស្វាគមន៍របស់កម្មករ កម្មការិនី ជាការស្វាគមន៍ដោយក្តីគោរពស្រឡាញ់ លើសពីភាពជាអ្នកដឹកនាំ និងប្រជាពលរដ្ឋ។ តែជាការគោរពរាប់អានប្រៀបដូចឪពុក ជីតា ជាមួយកូន និងចៅ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ កម្មករ កម្មការិនីក្នុងខេត្តពោធិ៍សាត់ ជាពិសេសក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់ ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា គាំទ្រសម្តេចជានាយករដ្ឋមន្ត្រី។ សម្តេចតេជោ បានបញ្ជាក់ថា អត្រាអ្នកបោះឆ្នោតគាំទ្រគណបក្សប្រជាជននៅក្នុងស្រុកក្រគរមានអត្រាខ្ពស់ជាងគេ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅពេលកម្មករ កម្មការិនី ត្រូវការសម្តេច គឺសម្តេចនឹងចេញមកជួយ តែបើកម្មករ កម្មការិនីលែងត្រូវការសម្តេច សម្តេចក៏មិនអាចចេញមកជួយនោះដែរ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ឈិតបញ្ឈៀងឲ្យអតីតមេបក្សប្រឆាំងថា បើចិត្តសឿងមិនបាច់រត់ ហើយអំពាវនាវឲ្យប្រជាពលរដ្ឋប៉ះបោរនោះទេ ចូលមកដោយខ្លួនឯងទៅ។
* សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា អត្រាអ្នកទៅបោះឆ្នោតនាពេលខាងមុខអាចនឹងមានអត្រាខ្ពស់។
* សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងថា ការចេញទៅបោះឆ្នោតរបស់ប្រជាពលរដ្ឋក្នុងអត្រាជាង ៨៣ភាគរយកន្លងទៅនេះ គឺជាការបោះឆ្នោតគាំទ្រដំណើរការប្រជាធិបតេយ្យ ជាពិសេសការបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ជាការបោះឆ្នោតគាំទ្រនូវសុខសន្តិភាព។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មិនទាន់មានគណបក្សនយោបាយណាអាចគ្រប់គ្រងស្ថានការណ៍នៅកម្ពុជាបាននៅឡើយនោះទេ ក្រៅពីគណបក្សប្រជាជនកម្ពុជា។
* សម្តេចតេជោនាយករដ្ឋមន្រ្តី បានលើកឡើងថា នយោបាយគណបក្សដទៃប្រៀបដូចជាទឹកឡើងត្រីស៊ីស្រមោច ទឹកហោចស្រមោចស៊ីត្រី។ សម្តេចតេជោ បានបញ្ជាក់ថា អតីតមេដឹកនាំក្រុមអតីតបក្សប្រឆាំង មិនទាន់គ្រប់គ្រងអំណាចផងបានអំពាវនាវកងទ័ពប្រឆាំងរាជរដ្ឋាភិបាលទៅហើយ។ សម្តេចលើកឡើងថា នយោបាយនេះជានយោបាយនាំឲ្យមានចលាចលនៅក្នុងប្រទេស។
* សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល បានប្រកាសថា សម្តេចនឹងបន្តធ្វើនាយករដ្ឋមន្ត្រីរហូតដល់ក្រុមអាសិរពិសបំផ្លាញកម្ពុជាស្លាប់អស់ពីភពផែនដីនេះ។
* សម្តេចតេជោ បានលើកឡើងថា ក្រុមមេខ្មែរក្រហមដាក់ចេញនយោបាយច្រេះស៊ីដែក តែចុងក្រោយត្រូវចាញ់នយោបាយឈ្នះឈ្នះរបស់សម្តេច។
* សម្តេចតេជោ ហ៊ុន សែន បានផ្តាំទៅក្រុមមេដឹកនាំអតីតបក្សសង្គ្រោះជាតិ កុំមើលស្រាលអតីតសហការិនីរបស់ខ្លួនជាទំនិញទិញដូរ។ សម្តេចតេជោ បានថ្លែងថា សម្តេចមិនមើលស្រាលទៅលើអ្នកនយោបាយនោះឡើយ រួមទាំងបក្សប្រឆាំងផងដែរ។
* សម្តេចតេជោ បានថ្លែងថា គណបក្សនយោបាយមួយចំនួនមានអ្នកចេះដឹងមិនស្មើនឹងមនុស្សនៅក្នុងផ្ទះរបស់សម្តេចផង។ សម្តេចតេជោ បន្តថា បើទោះបីបក្សទាំងនោះខ្វះអ្នកចំណេះដឹងយ៉ាងណាក្តី ក៏សម្តេចមិនដែលមើលស្រាលអ្នកនយោបាយ ឬបក្សនយោបាយទាំងនោះឡើយ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សមាជិកគណបក្សប្រជាជនកម្ពុជា មួយចំនួនក៏បានដើរចេញពីគណបក្សដែរ តែគណបក្សប្រជាជនមិនដែលមើលស្រាល ឬជេរបុគ្គលទាំងនោះឡើយ។ ផ្ទុយទៅវិញក្រុមអតីតមេដឹកនាំអតីតគណបក្សសង្គ្រោះជាតិ ពេលសមាជិកដើរចេញសុទ្ធតែជេរគេថាសាច់ស៊ុយ ឬជាអាយ៉ងជាដើម។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទណ្ឌិត សម រង្ស៉ី គឺជាអាយ៉ងរបស់សម្តេច និងជួយសម្តេចឲ្យកែប្រែរដ្ឋធម្មនុញ្ញកាលពីឆ្នាំ២០០៦។
* សម្តេចតេជោ ហ៊ុន សែន ផ្តាំទៅក្រុមអ្នកគាំទ្រអតីតគណបក្សសង្គ្រោះជាតិ កុំឲ្យបង្កើតគណៈកម្មការចំពោះកិច្ច។ សម្តេចតេជោ បានផ្តាំថា បង្កើតមួយចាប់មួយ បង្កើតពីរចាប់ពីរ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការធ្វើកំណែទម្រង់ខាងក្នុងជាការងារសំខាន់មួយសម្រាប់ការទ្រទ្រង់សេដ្ឋកិច្ច និងការធ្វើពាណិជ្ជកម្មមិនស្ថិតនៅលើការមាន EBA ឬអត់នោះទេ។ សម្តេចតេជោ បានលើកឡើងថា នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ខាងមុខ ការធ្វើកំណែទម្រង់នឹងប្រកាសជាកញ្ចប់តែម្តងសម្រាប់ធានានូវការធ្វើពាណិជ្ជកម្ម។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅថ្ងៃទី២៩ ខែមីនា ខាងមុខនេះ សម្តេចនឹងដាក់ចេញនូវផែនការថ្មីទៅលើបញ្ហាផ្លូវដែក។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅសហរដ្ឋអាមេរិក កំពុងប្រឈមការដាច់អគ្គិសនី ហើយមានចោរចេញប្លន់ពេលដាច់អគ្គិសនី។ ដោយឡែកសម្រាប់នៅកម្ពុជា បញ្ហាអគ្គិសនីមិនទាន់កម្រិតនោះឡើយ។
* សម្តេចតេជោ បានបញ្ជាក់ថា លោក កែវ រតនៈ នឹងហោះទៅកាន់ប្រទេសតួកគី ដើម្បីចរចានាំនាវាផ្ទុកម៉ាស៊ីនផលិតអគ្គិសនីមកកាន់ប្រទេសកម្ពុជា។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា វិស័យសំណង់បានកើនឡើង ៧០០ភាគរយ, ការកើនឡើងវិស័យសំណង់នេះ ក៏ជាហេតុនាំឲ្យប៉ះពាល់ដល់ការផ្គត់ផ្គង់ថាមពលអគ្គិសនី។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទោះបីមានការវិនិយោគបន្ថែមទៅលើការផលិតអគ្គិសនី តែតម្លៃភ្លើងគ្មានការឡើងថ្លៃនោះឡើយ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា EBA មិនអាចធ្វើឲ្យកម្ពុជាក្លាយជាអ្នកមាននោះឡើយ គឺមានតែការប្រឹងប្រែងដោយខ្លួនឯង ទើបក្លាយជាអ្នកមាន។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រទេសកម្ពុជាមិនមែនជារបស់សម្តេច ឬត្រកូល «ហ៊ុន» នោះទេ គឺជារបស់ប្រជាពលរដ្ឋកម្ពុជាទាំងមូល។ សម្តេចតេជោ បានថ្លែងថា ដើម្បីបំផ្លាញសម្តេច ក្រុមប្រឆាំងមិនមែនវាយតែសម្តេចទេ គឺវាយត្រកូល «ហ៊ុន» ទាំងមូលតែម្តង។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កូនប្រុសច្បងរបស់សម្តេចគឺលោក ហ៊ុន ម៉ាណែត សូម្បីអាមេរិកក៏ទទួលស្គាល់ដែរ ខណៈកូនពីរទៀតទទួលការអប់រំនៅបារាំង អូស្ត្រាលី និងអាមេរិកផងដែរ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្រុមអតីតបក្សប្រឆាំងទាំងប្តី ទាំងប្រពន្ធនាំគ្នាធ្វើជាតំណាងរាស្ត្រ ខ្លះប្រពន្ធរហូតដល់ទៅ២ ធ្វើតំណាងរាស្ត្រ។
* សម្តេចតេជោ ហ៊ុន សែន សរសើរអភិបាលស្រុកក្រគរ ខេត្តពោធិ៍សាច់ថា រាល់ពេលជួបសម្តេច គឺពូកែសុំតែមិនដែលសុំបង្ហើយផ្ទះបាយរបស់ខ្លួននោះទេ គឺសុំធ្វើសាលា ធ្វើថ្នល់ និងប្រឡាយទឹកជាដើម។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងប្រាប់កម្មករនៅស្រុកក្រគរ ខេត្តពោធិ៍សាត់ ថា បើមានបញ្ហាអ្វីប្រញាប់ប្រាប់ទៅអភិបាលខេត្ត និងប្រាប់លោក កែវ រតនៈ ព្រមទាំងអភិបាលស្រុក។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ព្រោះតែមានសុខសន្តិភាព ទើបនាំឲ្យមានការជួបជុំរវាងសម្តេច ជាមួយកម្មករ កម្មការិនីក្នុងស្រុកក្រគរ នាពេលនេះ ក៏ដូចជានាំឲ្យមានរោងចក្រ សហគ្រាសផងដែរ។ សម្តេចតេជោ បានប្រាប់ទៅកម្មករ កម្មការិនីថា បើគ្មានសន្តិភាព គ្មានការអភិវឌ្ឍ និងគ្មានការងារសម្រាប់កម្មករ កម្មការិនីនោះដែរ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មិនយូរទេសម្តេចនឹងអញ្ជើញមកសម្ពោធផ្លូវជាតិលេខ៥៥ ពីពោធិ៍សាត់ ទៅព្រំដែនថ្មដា និងបើកការដ្ឋានសាងសង់ផ្លូវភ្ជាប់ផ្លូវកោះកុង ពោធិ៍សាត់ ទៅបាត់ដំបង។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋថា ទោះក្នុងកាលៈទេសៈណាក៏ដោយ ប្រជាពលរដ្ឋត្រូវនាំគ្នាក្រោកឡើងប្រឆាំងក្រុមអាសិរពិសរក្សានូវសុខសន្តិភាពរបស់កម្ពុជា។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អាកាសធាតុ គ្រោះទឹកជំនន់ និងខ្យល់ព្យុះអាចប៉ះពាល់លំនៅដ្ឋាន ផលដំណាំ តែបើមានភ្លើងសង្គ្រាម គឺបំផ្លាញគ្រប់បែបយ៉ាងទាំងអស់។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កាលពីយប់មិញសម្តេចបានទស្សនាភាពយន្ត «Operation Mekong» តាមរយៈទូរទស្សន៍ Fresh News ដែលភាពយន្តនេះបង្ហាញពីការបង្រ្កាបគ្រឿងញៀននៅតំបន់អាស៊ី និងការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាថ្មីៗក្នុងការបង្រ្កាប។
* សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៅក្រុមអ្នកគាំទ្រអតីតបក្សប្រឆាំងថា ភាពជឿនលឿនរបស់បច្ចេកវិទ្យានាពេលបច្ចុប្បន្ននេះ ទោះពួកគេធ្វើអ្វីក៏គេដឹងដែរ។
* សម្តេចតេជោ បានថ្លែងថា ប្រទេសមួយមានការរីកលូតលាស់ទៅបាន គឺប្រជាពលរដ្ឋមានចំណេះដឹង ចំណេះធ្វើ និងមានការងារធ្វើ។
* សម្តេចតេជោ បានជំរុញឲ្យមានការទប់ស្កាត់ការឡើងថ្លៃទំនិញតាមទីផ្សារ ដើម្បីជួយលើកកម្ពស់ជីវភាពរបស់កម្មករ កម្មការិនី។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ថៅកែរោងចក្រ និងកម្មករផ្សារភ្ជាប់គ្នាមិនអាចខ្វះបាន។ ពោលកម្មករបើគ្មានរោងចក្រក៏មិនអាចមានការងារធ្វើ ហើយថៅកែបើគ្មានកម្មករ ក៏មិនមែនជាថៅកែរោងចក្រដែរ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រទេសមួយនេះមិនត្រូវឲ្យនរណាមួយមកបំផ្លាញនោះឡើយ។
* សម្តេចតេជោ ហ៊ុន សែន ថ្លែងព្រមានអតីតក្រុមប្រឆាំងដែលកំពុងរត់គេចពីខេត្តមួយ ទៅខេត្តមួយ កុំធ្វើសកម្មភាពណាដែលខុសច្បាប់ បើអ្នកឯងមិនធ្វើខុសច្បាប់ គ្មានអ្នកណាទៅធ្វើអីអ្នកឯងនោះទេ
* សម្តេចតេជោ ហ៊ុន សែន ថ្លែងប្រកាសថា សម្តេចគ្មានលុយទិញ អតីតមន្រ្តីបក្សប្រឆាំងដែលសុំសិទ្ធិធ្វើនយោបាយឡើងវិញ ១០-២០ម៉ឺនដុល្លារក្នុងម្នាក់នោះទេ, សម្តេចបន្តថា ការដែលអតីតមន្រ្តីបក្សប្រឆាំងដែលសុំសិទ្ធិធ្វើនយោបាយឡើងវិញ គឺជារឿងរបស់គេ កុំភ្ជាប់ជាមួយសម្តេចឲ្យសោះ។
* សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់ការថ្លែងសំណេះសំណាលនៅវេលាម៉ោង ៩៖១០នាទីនាព្រឹកថ្ងៃដដែល, សូមអរគុណចំពោះការទស្សនាផ្សាយផ្ទាល់តាមរយៈ Fresh News.៕