(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩នេះ បានអញ្ជើញបើកសន្និបាតស្តីពីលទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀន ឆ្នាំ២០១៨ និងលើកទិសដៅ ឆ្នាំ២០១៩។
សន្និបាតនេះ ប្រព្រឹត្តឡើងនៅទីស្តីការក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធលើកិច្ចការប្រយុទ្ធប្រឆាំងគ្រឿងញៀន ទូទាំងរាជធានី-ខេត្តផងដែរ។
យោងតាមរបាយការណ៍របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានឲ្យដឹងថា ក្នុងឆ្នាំ២០១៨កន្លងទៅ បទល្មើសគ្រឿងញៀនសរុប ដែលសមត្ថកិច្ចបង្រ្កាបបានមានចំនួន៨.០០២ករណី ដោយឃាត់ខ្លួនជនជាប់ពាក់ព័ន្ធ ចំនួន ១៦២១៦នាក់ និងគ្រឿងញៀនជាងកន្លះតោន៕