(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩នេះ ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញសម្ពោធមន្ទីរពេទ្យស្ត្រីនគរទេព ស្ថិតនៅសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ពិធីសម្ពោធមន្ទីរពេទ្យស្ត្រីនគរទេពនេះ មានការអញ្ជើញចូលរួមពីសំណាក់លោកស្រី អ៉ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងជាសហស្ថាបនិកមូលនិធិមួយរូបរបស់មន្ទីរពេទ្យស្ត្រីនគរទេព ព្រមទាំងសហស្ថាបនិកជាច្រើនរូបទាំងជនជាតិខ្មែរ និងបរទេស ព្រមទាំងថ្នាក់ដឹកនាំក្រសួងសុខាភិបាល ប្រជាពលរដ្ឋនៅមូលដ្ឋានយ៉ាងច្រើនផងដែរ។
ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានថ្លែងថា ការដាក់សម្ពោធឱ្យប្រើប្រាស់មន្ទីរស្ត្រីនគរទេពនេះ ជាចំណងដៃដ៏ពិសិដ្ឋមួយជូនដល់ស្ត្រីកម្ពុជា បន្ទាប់ពីខួបលើកទី១០៨ នៃទិវានារីអន្តរជាតិ ៨ មីនា ដែលទើបបានប្រារព្ធឡើងកាលពីដើមខែមីនានេះ ក្រោមវត្តមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន៕