(ភ្នំពេញ​)​៖​ បុរស​ម្នាក់​​បាន​បើក​រថយន្ត ​MAZDA​ ស្លាក​លេខ​ ខ.ម​ យ៉ាងលឿន​ទៅ​បុកជាមួយ​រថយន្ត​កុងតឺន័រ​ចំពីមុខ ​បណ្ដាល​ឲ្យ​ក្រឡាប់​រថយន្ត​ រង​ការខូចខាត​យ៉ាង​ដំណំ​ តែ​សំណាង​ល្អ​ហេតុការណ៍​នេះ ​មិន​បណ្ដាល​ឲ្យ​មាន​អ្នក​រង​គ្រោះ​នោះ​ទេ​។

ហេតុការណ៍​នេះ​បាន​កើត​ឡើង ​នៅ​វេលា​ម៉ោង​ជាង​១២យប់​រំលង​អាធ្រាត្រ ​ឈាន​ចូល​ថ្ងៃ​ទី​២០ ខែ​មីនា​ ឆ្នាំ​២០១៩ ដែល​មាន​ទីតាំង​ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​៦០ម៉ែត្រ ​ស្ថិត​ក្នុង​សង្កាត់​ចាក់​អង្រែ​លើ ​ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​។

ប្រភព​ព័ត៌មាន​ពីប្រជា​ពលរដ្ឋ ​ដែល​បាន​ឃើញ​ហេតុការណ៍​​​បាន​ប្រាប់​ភ្នាក់ងារ​ព័ត៌មាន​ Fresh News ឲ្យ​ដឹង​ថា ​នៅ​មុន​ពេល​កើតហេតុ​ គេ​ឃើញ​បុរស​ម្នាក់ទំនងងងុយដេក បើក​រថយន្ត​មួយ​គ្រឿង​ម៉ាក​ MAZDA BT-50PRO ពណ៌​ត្រេអ៉ី ពណ៌​ស្លាក​លេខ​ខេមរភូមិន្ទ​ 02 2-9863 ទិសដៅពីត្បូងទៅជើង​ លុះ​មកដល់ចំណុចកើតហេតុស្រាប់​ តែ​រថយន្ត ​MAZDA បាន​រេ​ចង្កូត​ងាក​ទៅ​ឆ្វេង​ដៃ​ក៏​ជ្រុល​ទៅ​បុក​ចំ​ពី​មុខ​រថយន្ត​កុងតឺន័រ​មួយ​គ្រឿង ​ពណ៌​ស​ ពាក់​ស្លាក​ស្វាយរៀង​ 3B-0567 ចំពេញ​មួយ​ទំហឹង​បណ្ដាល​ឲ្យ​ក្រឡាប់​រថយន្ត ​MAZDA មួយ​ត្រឡប់បណ្ដាល​ឲ្យ​រថយន្ដ​ទាំង​ពីរ ​​រងការខូចខាត​យ៉ាង​ដំណំ​។

ក្រោយពេលកើតហេតុរថយន្តទាំង​ពីរ ​ត្រូវបានសមត្ថកិច្ចជំនាញធ្វើការស្ទូចយកទៅ​រក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំម្ចាស់ចូលខ្លួនមកដោះស្រាយ ទៅតាមផ្លូវច្បាប់នៅពេលក្រោយ៕