(ភ្នំពេញ​)៖​ បុរស​ម្នាក់​បើក​រថយន្ត ​LEXUS​ 470 ​​លឿន​ទៅ​បុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូង​ផ្លូវ ​បណ្ដាល​ឲ្យ​ដាច់​កង់​រថយន្តម្ខាង ​ហើយ​រត់​ពី​មុខស្ថានទូត​វៀតណាម ​រហូត​ដល់​វិទ្យាល័យ​បឹងត្របែក ​ទើប​រថយន្ត​ទៅ​មុខ​លែង​រួច។​​ ហេតុការណ៍​នេះ ​បាន​កើត​ឡើង​នៅ​វេលា​ម៉ោង​ជាង​៩យប់​ ថ្ងៃ​ទី​១៩​ ខែ​មីនា​ ឆ្នាំ​២០១៩ ​ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​ព្រះ​មុនីវង្ស ​ចំណុច​មុខ​ស្ថានទូត​វៀតណាម​ ស្ថិត​ក្នុង​សង្កាត់​បឹងត្របែក​ ខណ្ឌ​ចំការមន រាជធានីភ្នំពេញ​។

ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បាន​ប្រាប់​ឲ្យ​ដឹង​ថា ​នៅ​មុន​ពេល​កើតហេតុ​គេ​ឃើញ​បុរស​ម្នាក់​បើក​រថយន្ត​មួយ​គ្រឿង​ម៉ាក ​LEXUS LX470 ពណ៌​ស​ពាក់​ស្លាក​លេខ ភ្នំពេញ​ 2S-9668 ធ្វើ​ដំណើរតាម​បណ្ដោយ​ផ្លូវ​ព្រះ​មុនីវង្ស ​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ​លុះ​មក​ដល់​ចំណុច​មុខ​ស្ថានទូត​វៀតណាម​ ដោយ​រថយន្ត​បើក​ក្នុង​ល្បឿន​លឿន ​ក៏​ជ្រុល​ទៅ​បុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូង​ផ្លូវ ​ចំ​ពេញ​មួយ​ទំហឹង​បណ្ដាល​ឲ្យ​រលំ​ចំនួន​២ផ្ទាំង ​រង​ការខូចខាត​យ៉ាង​ដំណំ​។

ចំណែក​ឯ​រថយន្ត​បង្ក​វិញ​ដាច់​កង់​ម្ខាង​ហើយ​មិន​បាន​ឈប់​នៅ​កន្លែង​កើត​ហេតុ​ទេ ​ថែម​ទាំង​បើក​រត់​តាំង​ពី​ស្ថានទូត​វៀតណាម​រហូត​ដល់​ចំណុច​មុខ​វិទ្យា​ល័យ​បឹងត្របែក ​បណ្ដាល​ឲ្យ​រថយន្ដ​ទៅ​មុខ​លែង​រួច​។ ភ្លាម​ៗ​នោះ​បុរស​ដែល​ជា​អ្នក​បើក​បរ​បាន​បើក​ទ្វារ ​រថយន្ត​រត់​គេច​ខ្លួន​បាត់​ស្រមោល​តែ​ម្តង​។

ក្រោយ​ពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់រួចធ្វើការទាក់ទង ទៅសមត្ថកិច្ចជំនាញ​ ដើម្បី​មកធ្វើការវាស់វែងយករថយន្តបង្កខាងលើយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ ​ដើម្បី​​រង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់នៅពេលក្រោយ៕