(ភ្នំពេញ)៖ អាជ្ញាធរខណ្ឌចំការមនដឹកនាំ ដោយលោក ព្រុំ សំខាន់ អភិបាលខណ្ឌចំការមន បានចាត់វិធានការក្តៅចុះបិទអាជីវកម្ម ក្លិបកំសាន្តយីហោ ម៉ៃ អាមី ជាលើកទី៣ ដែលផ្គើននឹងការណែនាំរបស់អាជ្ញាធរ ព្រមទាំងបង្កសំលេងរំខាន ដល់បងប្អូនប្រជាពលរដ្ឋរកដេក ពូនមិនបាន។
ការចុះបិទអាជីវកម្មខាងលើនេះ បានធ្វើឡើងនៅម៉ោង៨យប់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩ នៅក្នុងក្លិបកំសាន្តយីហោ ម៉ៃអាមី (MIAMI) ដែលស្ថិតនៅផ្ទះ លេខ១៥៩ ផ្លូវ៣៦០ ភូមិ៨ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន ដែលមានមេការតំណាងក្លិបមានឈ្មោះ ញឹម សុខឃុន ភេទស្រី។
អាជ្ញាធរខណ្ឌចំការមនបានឲ្យដឹងថា មុននឹងអាជ្ញាធរខណ្ឌចាត់វិធានការក្តៅ ចុះបិទទីតាំងក្លិបកំសាន្តនេះ គឺដោយមានពាក្យបណ្តឹង ពីបងប្អូនប្រជាពលរដ្ឋថា ក្លិបកំសាន្តខាងលើតែងតែបង្កសំឡេងរំខានដល់ពួកគាត់រកដេកពូនមិនបាន ហើយដោយទទួលបាន ពាក្យបណ្តឹងរបស់បងប្អូន ប្រជាពលរដ្ឋបែបនេះ នៅថ្ងៃ៦ ខែមីនា ឆ្នាំ២០១៩ អាជ្ញាធរបានចុះណែនាំ១លើក និងលើកទី២ នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៩ សួរនាំរកប័ណ្ណធ្វើអាជីវកម្ម និងលិខិតអនុញ្ញាតពីស្ថាប័នពាក់ព័ន្ធ គឺម្ចាស់ទីតាំងមិនបានបង្ហាញនោះទេ។
មកដល់ថ្ងៃនេះផងដែរទីតាំងខាងលើនេះនៅតែផ្គើន និងបទបញ្ជារបស់អាជ្ញាធរខណ្ឌ នៅតែបន្តបើកអាជីវកម្ម និងសំឡេងរំខានដល់បងប្អូនប្រជាពលរដ្ឋ ទើបអាជ្ញាធរខណ្ឌចំការមន បានសហការជាមួយមន្ទីរទេសចណ៍ ចុះបិទអាជីវកម្មខាងលើជាស្ថាពរតែម្តង៕