(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩នេះ តុលាការកំពូល បានបើកសវនាការលើបណ្តឹងសារទុក្ខរបស់ លោក អឿត អាង ហៅ ជួប សម្លាប់ ពាក់ព័ន្ធនឹងឃាតកម្ម សម្លាប់លោកបណ្ឌិត កែម ឡី អ្នកវិភាគសង្គម កាលពី៣ឆ្នាំមុន។
សវនាការនេះបានធ្វើឡើងក្រោយពេលដែល លោក អឿត អាង ហៅ ជួប សម្លាប់ បានប្តឹងជំទាស់ទៅនឹងការសម្រេចរបស់តុលាការក្រុងភ្នំពេញ និងសាលាឧទ្ធរណ៍ ដែលបានកាត់ទោសរូបលោក ឱ្យជាប់ពន្ធនាគារអស់មួយជីវិត ចំពោះករណីសម្លាប់លោកបណ្ឌិត កែម ឡី។
តាមការបញ្ជាក់របស់មន្រ្តីតុលាការកំពូល បានប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា ក្នុងសវនាការនេះមាន ប្រធានក្រុមប្រឹក្សាជំនុំជម្រះគឺ លោក គង់ ស្រ៊ីម និងមានតំណាងអគ្គព្រះរាជអាជ្ញា លោក អ៊ុក គឹមសិទ្ធ អគ្គព្រះរាជអាជ្ញារង។
ក្នុងសវនាការនេះក៏មានការកោះហៅ អ្នកស្រី ប៊ូ រចនា ភរិយាលោកបណ្ឌិត កែម ឡី ដើម្បីចូលស្តាប់សវនាការផងដែរ ក៏ប៉ុន្តែទោះជាយ៉ាងនេះក្តី លោកស្រី ប៊ូ រចនា ពុំមានវត្តមាននៅក្នុងប្រទេសកម្ពុជានោះឡើយ ដោយលោកស្រីកំពុងរស់នៅជាមួយកូន ក្នុងប្រទេសអូស្រ្តាលី។
សូមបញ្ជាក់ថា លោកបណ្ឌិត កែម ឡី អ្នកវិភាគនយោបាយ និងសង្គមដ៏ល្បីមួយ នៅក្នុងប្រទេសកម្ពុជា ត្រូវបានឃាតកចូលបាញ់សម្លាប់ កាលពីវេលាម៉ោង៨៖៥០នាទីព្រឹក ថ្ងៃទី១០ ខែកក្កដា ឆ្នាំ ២០១៦ នៅចំណុចក្នុងទីតាំងស្តារម៉ាតនៃស្ថានីយប្រេងឥន្ធនៈ កាល់តិចបូកគោ ស្ថិតនៅកាច់ជ្រុងមហាវិថីព្រះមុនីវង្ស និង មហាវិថី ម៉ៅសេទុង ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ភ្លាមៗបន្ទាប់ពីមានឃាតកម្មនេះ សមត្ថកិច្ច និងប្រជាពលរដ្ឋ បានដេញចាប់ប្រផាប់ប្រភីងដោយឃាត់ខ្លួនបាន ជនដៃដល់ម្នាក់ ឈ្មោះ អឿត អាង ហៅ ជួប សម្លាប់ ដែលព្យាយាមរត់គេខ្លួន ចេញពីកន្លែងកើតហេតុ។ ក្រោយពីចាប់ខ្លួនលោក អឿត អាង ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កាលពីខែមីនា ឆ្នាំ២០១៧ កាត់ទោសឱ្យជាប់ពន្ធនាគារអស់មួយជីវិត ក្រោមការចោទពីបទ «ឃាតកម្មគិតទុកជាមុន និងការកាន់កាប់អាវុធខុសច្បាប់» ហើយត្រូវសាលាឧទ្ធរណ៍តម្កល់សេចក្តីសម្រេចតាមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៨ ផងដែរ៕