(សៀមរាប)៖ បន្ទាប់ពីឆ្មក់បង្ក្រាបករណីគ្រឿងញៀនក្នុងក្លិបកម្សាន្ត SC ស្ថិតក្នុងក្រុងសៀមរាបកាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៩រួចមក, នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩នេះ មន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានលម្អិតព័ត៌មានបន្ថែមជុំវិញករណីនេះ ដោយសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យចំនួន៣០នាក់ និងថ្នាំញៀនមួយចំនួន។
លោកឧត្តមសេនីយ៍ត្រី អ៉ិន សុង នាយករងមន្ទីរប្រឆាំងគ្រឿងញៀន បានបញ្ជាក់ឲ្យដឹងថា ដោយអនុវត្តតាមបញ្ជាដឹងនាំរបស់ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងតាមការបញ្ជាដឹកនាំផ្ទាល់ របស់ នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ ទទួលផែនប្រឆាំងគ្រឿងញៀន បានចាត់តាំងកម្លាំងជំនាញ នៃមន្ទីរប្រឆាំងគ្រឿងញៀន (ក៨) មួយក្រុម ចុះស្រាវជ្រាវ ទីតាំងក្លិបកម្សាន្ត SC ស្ថិតនៅភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងខេត្តសៀមរាប ដែលមាន សកម្មភាព ប្រើប្រាស់គ្រឿងញៀនយ៉ាងសកម្ម ភាគច្រើនជាយុវជនយុវនារី។
លោកឧត្តមសេនីយ៍បន្តថា បន្ទាប់ពីកំណត់បានមុខសញ្ញា និងពេលវេលាធ្វើសកម្មភាពបានច្បាស់ លុះនៅវេលាម៉ោង១៖០០នាទី រំលងអាធ្រាត្រថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៩ កម្លាំងជំនាញបានបើកកិច្ចប្រតិបត្តិការបង្ក្រាបទីតាំងខាលើ ដោយសហការជាមួយសមត្ថកិច្ចមូលដ្ឋាន ដោយលទ្ធផលឃាត់ខ្លួនជនសង្ស័យចំនួន៣០នាក់ ក្នុងនោះស្រី០៧នាក់ រឹបអូសវត្ថុតាង ខេតាមីន ៣៦កញ្ចប់តូច អិចស្តាស៉ីចំនួន១៤គ្រាប់ ស្មើទំងន់២៧.១ក្រាម។
លោកបានបញ្ជាក់ទៀតថា ក្នុងចំណោជនសង្ស័យខាងលើ៣០នាក់ មានអ្នកផ្ទុកសារធាតុញៀន (វិជ្ជាមាន) ២៤នាក់ (ស្រី៥នាក់) និងអត់មានសារធាតុញៀន (អវិជ្ជាមាន) ៦នាក់ ស្រី២នាក់។ ឆ្លងតាមការស៊ើបអង្កេត អ្នកពាក់ពន្ធ័ការជួញដូរ និងសម្រួលឲ្យប្រើប្រាស់ចំនួន៣នាក់ គឺ ឈ្មោះ ថោង ចាន់ធារិទ្ធ ភេទប្រុស, ឈ្មោះ សុង ភារិទ្ធ ភេទប្រុស និងឈ្មោះ ឡូញ ឡា ភេទប្រុស ហើយបានកសាងនិតិវិធីបញ្ចូនទៅតុលាការ។ ចំណែកអ្នកប្រើប្រាស់២១នាក់ (ស្រី៥នាក់) បញ្ជូនទៅមណ្ឌលព្យាលស្ដារនិតិសម្បទា។ សម្រាប់អ្នកមិនពាក់ពន្ធ័ចំនួន៦នាក់ (ស្រី២នាក់) ត្រូវបានអប់រំឲ្យទៅលំនៅដ្ឋានវិញ។
លោកឧត្តមសេនីយ៍ត្រី អ៊ិន សុង បន្តថា សមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវរកឲ្យឃើញ នូវមានមុខសញ្ញាពាក់ព័ន្ធមួយចំនួនទៀត កំពុងបន្តតាមចាប់ខ្លួន៕