(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ទោ នេត វន្ថា ប្រធាននាយកដ្ឋានបង្ការ និងពន្លត់អគ្គិភ័យ ក្រសួងមហាផ្ទៃ បានចេញមកច្រានចោលទាំងស្រុង ចំពោះការលើកឡើងដោយចោទប្រកាន់រូបលោកថា បានកាត់លុយពីមន្រ្តីក្រោមឱវាទ ដើម្បីប្រមូលយកទៅចុះជួយមូលដ្ឋាននៅឯខេត្តព្រៃវែង។
ថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅយប់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩នេះ លោកឧត្តមសេនីយ៍ទោ នេត វន្ថា បានបញ្ជាក់ថា ដោយអនុវត្តតាមការណែនាំរបស់ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន ប្រធានក្រុមការងារចុះជួយស្រុកកញ្ជ្រៀច និងស្រុកស្វាយអន្ទរ ខេត្តព្រៃវែង បានណែនាំឲ្យខ្ញុំជាប្រធានក្រុមការងារឃុំថ្មពូន បែងចែកភារកិច្ចទទួលដឹកនាំភូមិទាំង១១ ទៅលោកអនុប្រធាននាយកដ្ឋាន ជាប្រធានក្រុមការងារតាមភូមិនិមួយៗ ដើម្បីពង្រឹងការងារនៅតាមមូលដ្ឋាន ដោយមានសេចក្តីសម្រេចត្រឹមត្រូវ។
លោកបានបន្តទៀតថា ដូច្នេះការចុះមូលដ្ឋាន ឬការអភិវឌ្ឃន៍ក្នុងភូមិ ឬជួយដល់ប្រជាពលរដ្ឋជួបការលំបាកតិចតួច តាមលទ្ធភាពរបស់ក្រុមការងារថ្នាក់ភូមិ ចំណែកឯលទ្ធភាពធំៗជាបន្ទុករបស់ថ្នាក់ប្រធានក្រុមការងារទទួលឃុំផ្ទាល់។
ចំពោះផែនការណ៍របស់ខ្ញុំ ជាប្រធានគឺបានប្រជុំតាមដានសកម្មភាពអនុវត្តសកម្មភាពការងារយ៉ាងទៀងទាត់ ថែមទាំងបានតាមដានត្រួតពិនិត្យអំពីសកម្មភាពការងារ ឬរាល់ការកំណត់ឲ្យមានកាត់លុយពីថ្នាក់ក្រោមតាមបទបញ្ជាពីខ្ញុំជាប្រធាននយកដ្ឋាន បាមជាដាចខាតៗ។
យ៉ាងណាក៏ដោយ បើតាមលោកឧត្តមសេនីយ៍ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩នេះ លោកនឹងកោះជួបប្រជុំមួយជាមួយលោកអនុប្រធាននាយកដ្ឋានទទួលភូមិផ្ទាល់តែម្តងពីវឿងនេះផងដែរ៕