(រតនគិរី)៖ នាសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តរតនគិរី នៅរសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩នេះ នាយឧត្តមសេនីយ៍ ដាំ វុទ្ធី អគ្គស្នងការរង តំណាងនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានអញ្ជើញប្រគល់ភារកិច្ចដល់នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ នៃគណៈបញ្ជាការនគរបាលជាតិប្រចាំភូមិភាគទី១។
ចូលរួមក្នុងអង្គពិធីខាងលើនេះដែរ មានលោកតំណាងប្រធានសាលាដំបូង, តំណាងព្រះរាជអាជ្ញា, តំណាងមេបញ្ជាការ អ.ហ ខេត្ត, លោក លោកស្រីស្នងការរង, នាយការិយាល័យ, មេបញ្ជាការវរសេនាតូចការពារព្រំដែនលេខ២០៣, ៦២៣, អធិការនគរបាលស្រុក, ក្រុងចំណុះឲ្យស្នងការនគរបាលខេត្តរតនគិរី។
យោងតាមសេចក្តីសម្រេចរបស់អគ្គស្នងការនគរបាលជាតិ ត្រូវបានប្រគល់ភារកិច្ចជូននាយនគរបាលជាតិជាមេបញ្ជាការរង ទទួលដឹកនាំការងារ នៃគណៈបញ្ជាការនគរបាលជាតិប្រចាំទិសភូមិភាគទី១ ចំនួន០២រូបរួមាន៖
*ទី១៖ លោកឧត្តមសេនីយ៍ទោ ហេង រតនា អត្តលេខ៥៥២១៨ អនុប្រធាននាយកដ្ឋាននគរបាលព្រំដែន ជាមេបញ្ជាការរងទទួលអចិន្ត្រៃយ៍ឲ្យប្រចាំការនៅខេត្តរតនគិរី
*ទី២៖ លោកឧត្តមសេនីយ៍ទោ នៃ តារាញ៉ិល អត្តលេខ១២៩៥៣ អនុប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនគោក ជាមេបញ្ជាការរងឲ្យប្រចាំការនៅខេត្តមណ្ឌលគិរី។
ដោយឡែក មន្ត្រីនគរបាលថ្នាក់ឧត្តមសេនីយ៍ទោម្នាក់, ថ្នាក់ឧត្តមសេនីយ៍ត្រីម្នាក់ ទទួលទិសភូមិភាគ១ និងភូមិភាគ២, តំឡើងឋានន្តរស័ក្តិមន្ត្រីនគរបាលវរសេនាតូច ការពារព្រំដែន៦២៣,២០៣ចំនួន០៣នាក់។
ថ្លែងក្នុងអង្គពិធីខាងលើនេះ នាយឧត្តមសេនីយ៍ ដាំ វុទ្ធី បានថ្លែងថា ការវិវត្តន៍រីកចំរើនរបស់កម្លាំងនគរបាលជាតិ, នាយនគរបាលដែលមានវ័យកាន់តែចាស់ ត្រូវដាក់កម្លាំងថ្មីចូលជំនួស (ធនធានមនុស្ស) ការកែសម្រួលបំពេញបន្ថែម។
នាយឧត្តមសេនីយ៍ ដាំ វុទ្ធី បន្តថា ជាក់ស្តែងភូមិភាគ១ លោកឧត្តមសេនីយ៍ទោ ហេង រតនា ជំនួសឧត្តមសេនីយ៍ទោ នៃ តារាញ៉ិល ឲ្យទៅប្រចាំការនៅខេត្តមណ្ឌលគិរី។ ដូច្នេះការប្រគល់ភារកិច្ច តែងតាំង តំឡើងឋានន្តរស័ក្តិនាពេលនេះ សូមឲ្យយកចិត្តទុកដាក់រក្សាសាមគ្គីភាពផ្ទៃក្នុង សហការជិតស្និទ្ធជាមួយស្ថាប័នពាក់ព័ន្ធ ចៀសវាងឲ្យបានបង្ហោះព័ត៌មានវ៉ៃប្រហារគ្នា។
បន្ថែមលើនេះទៀត នាយឧត្តមសេនីយ៍ ដាំ វុទ្ធី បានជំរុញឲ្យកម្លាំងនគរបាលការពារព្រំដែន ត្រូវរក្សាកម្លាំងស្នូលប្រមូលផ្តុំដើរល្បាត បើមានបាតុភាពកើតឡើងត្រូវពិនិត្យដោះស្រាយនៅកន្លែង ទប់ស្កាត់បទល្មើសឆ្លងដែន (បទល្មើសគ្រឿងញៀន, បទល្មើសព្រៃឈើ) ដោយស្មារតីទទួលខុសត្រូវខ្ពស់ និងយកអស់លទ្ធភាពដើម្បីបុព្វហេតុប្រទេសជាតិ៕