(ភ្នំពេញ)៖ ប្រមុខរដ្ឋស្តីទី សម្តេច សាយ ឈុំ បានចេញព្រះរាជក្រឹត្យមួយ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩នេះ ដោយផ្តល់នីតិសម្បទានយោបាយដល់លោក អ៊ូ ច័ន្ទរ័ត្ន អតីតតំណាងរាស្រ្ត នៃអតីតគណបក្សសង្រ្គោះជាតិ រួមទាំងថ្នាក់ដឹកនាំ អតីតបក្សប្រឆាំងនេះ៤រូបផ្សេងទៀត បន្ទាប់ពីពួកគាត់បានដាក់សំណើទៅកាន់ក្រសួងមហាផ្ទៃ ដើម្បីសុំសិទ្ធិធ្វើនយោបាយឡើងវិញ។
លោក អ៊ូ ច័ន្ទរ័ត្ន និង អតីតថ្នាក់ដឹកនាំ នៃអតីតគណបក្សសង្រ្គោះជាតិចំនួន៤រូប ដែលក្នុងនោះមាន លោកស្រី ទេព សុទ្ធី, លោក កង គឹមហាក់, លោក ជីវ កត្តា និង លោក ច័ន្ទ សិលា បានដាក់ពាក្យសុំសិទ្ធិធ្វើនយោបាយឡើងវិញទៅក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩។
លោក អ៊ូ ច័ន្ទរ័ត្ន បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងនៅរសៀល ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩ថា ក្រុមរបស់លោកពិតជាបានដាក់លិខិតស្នើសុំនីតិសម្បទា នយោបាយទៅកាន់ក្រសួងមហាផ្ទៃពិតប្រាដកមែន ហើយលោកអះអាងថា លោកនឹងរៀបចំសន្និសីទសារព័ត៌មានមួយ បន្ទាប់ពីទទួលបាននីតិសម្បទាដើម្បីធ្វើនយោបាយស្របច្បាប់ឡើងវិញ។
សូមបញ្ជាក់ថា គិតរហូតដល់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩នេះ មានអតីតថ្នាក់ដឹកនាំ នៃអតីតគណបក្សសង្រ្គោះជាតិ ចំនួន៩រូបហើយ ត្រូវបានព្រះមហាក្សត្រ និងប្រមុខរដ្ឋស្តីទី ផ្តល់នីតិសម្បទានយោបាយឡើងវិញ។
អតីតថ្នាក់ដឹកនាំ អតីត CNRP ដែលទទួលបានសិទ្ធិធ្វើនយោបាយឡើងវិញនោះ រួមមាន ទី១៖ លោក គង់ គាំ អតីតទីប្រឹក្សាជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ ទី២៖ លោក គង់ បូរ៉ា អតីតតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ ទី៣៖ លោក ស៊ីម សុវណ្ណនី និងទី៤៖ លោក រៀល ខេមរិន្ទ ដែលជាអតីតតំណាងរាស្រ្ត នៃអតីតគណបក្សសង្រ្គោះជាតិ, ទី៥៖ លោក អ៊ូ ច័ន្ទរ័ត្ន, ទី៦៖ លោកស្រី ទេព សុទ្ធី, ទី៧៖ លោក កង គឹមហាក់ ទី៨៖ លោក ជីវ កត្តា និង ទី៩៖ លោក ច័ន្ទ សិលា៕