(ក្រចេះ)៖ ដោយមានការយកចិត្តទុកដាក់ចំពោះសុវត្ថិភាពចំណីម្ហូបអាហារ និងសុខភាពប្រជាពលរដ្ឋ ដោយផ្តោតសំខាន់ទៅលើការបរិភោគ ម្ហូបអាហារ ជាពិសេសស្រាស នោះនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩នេះ អគ្គនាយកដ្ឋានកាំកុងត្រូលដឹកនាំដោយលោក ម៉ក់ ពេជ្ជរិទ្ធ ជាអគ្គនាយក សហការជាមួយអាជ្ញាធរខេត្ត និងអាជ្ញាធរមូលដ្ឋាន បាននាំយករថយន្ដមន្ទីរពិសោធន៍ចល័ត ចុះផ្សព្វផ្សាយអំពីសុវត្ថិភាពម្ហូបអាហារ និងត្រួតពិនិត្យទំនិញនានាៗជាច្រើនប្រភេទ ពិសេសការផលិតស្រាស នៅក្នុងផ្សារទីរួមស្រុកសំបូរ ខេត្តក្រចេះ។
លោក ម៉ក់ ពេជ្ជរិទ្ធ បានសង្កត់ធ្ងន់លើបញ្ហាការផលិតស្រាសរបស់សិប្បករក្នុងស្រុកសំបូរ ដោយកន្លងមកស្រុកសំបូរ ឧស្សាហ៍កើតបញ្ហាពុលស្រាស ស្លាប់មនុស្សបន្តបន្ទាប់កាលកន្លងមក។
លោកបានកោតសសើរដល់សិប្បករផលិតស្រាស ក្នុងស្រុកសំបូរ បន្ទាប់ពីក្រុមការងារអគ្គនាយកដ្ឋានកាំកុងត្រូល ចុះប្រមូលជាក់ស្តែងសំណាកស្រាសតាមទីតាំងផលិតមកពិនិត្យជាក់ស្តែង ជាមួយសម្ភារ បច្ចេកវិទ្យាចុងក្រោយ ដោយមន្រ្តីជំនាញឃើញថា មិនមានផ្ទុកសារធាតុជាតិមេតាណុលក្នុងស្រាសទៀតឡើយ។
នេះជាសមិទ្ធផលដែលថ្មី នៃការប្រឹងប្រែងរបស់អាជ្ញាធរ សហការជាមួយមន្រ្តីជំនាញអប់រំផ្សព្វផ្សាយ ដល់ពលរដ្ឋ សិប្បករយល់ច្បាស់ពីផលប៉ះពាល់ នៃការផលិត និងពិសារស្រាសដែល មានជាតិពុលអេតាណុលខ្ពស់។
ទោះជាបែបនេះក្តី មន្រ្តីជំនាញនៅតែបន្តសហការជានិច្ច ជាមួយអាជ្ញាធរមូលដ្ឋាន ចុះជួបនិងជួយការពារពលរដ្ឋ តាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ «មន្រ្តីគឺជាអ្នកបំរើរាស្រ្ត» ហេតុនេះពួកយើងនឹងប្រឹងប្រែងឲ្យអស់លទ្ធភាពសមត្ថភាព ការពារពលរដ្ឋ អ្នកប្រើប្រាស់គ្រប់ពេលវេលា គ្រប់កាលៈទេសៈ។
ជាលទ្ធផល ក្រោយចុះត្រួតពិនិត្យទំនិញ បន្លែ ផ្លែឈើ និងសំណាកស្រាសចំនួន៤ម្ចាស់ គឺពុំមានរកឃើញសារធាតុគីមី ឬសារធាតុបង្ក ឲ្យប៉ះពាល់ដល់សុខភាពរបស់បងប្អូនប្រជាពលរដ្ឋឡើយ។
លោកក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ មុនជ្រើសរើសយកផលិតផល ទំនិញអ្វីមួយ ត្រូវពិនិត្យនូវលក្ខណៈវេចខ្ចប់ កាលបរិច្ឆេទ ឲ្យបានត្រឹមត្រូវមុនយកទៅប្រើប្រាស់ ដើម្បីធានាគុណភាព និងមិនចៀសវាងប៉ះពាល់ដល់សុខភាព និងចូលរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់បងប្អូន ហើយលោកឲ្យបងប្អូនចូលរួមសហការជាមួយអាជ្ញាធរ និងមន្រ្តីជំនាញដើម្បីឲ្យទទួលបានព័ត៌មាន ច្បាស់លាស់ ងាយស្រួលនិងចុះទប់ស្កាត់៕