(ភ្នំពេញ)៖ អម្រឹតប្រកាសថា នឹងដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវប្រព័ន្ធបច្ចេកវិទ្យាថ្មីដែលមានឈ្មោះថា «ប្រព័ន្ធធនាគារចល័ត (Mobile Banking App)» ដើម្បីជាការសម្រួលសេវាកម្មជាច្រើនដល់អតិថិជន ក្នុងការប្រត្តិបត្តការនានា ដែលទាក់ទនងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត។

ការប្រកាសនេះធ្វើឡើងនាឱកាសដែល គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត បានធ្វើបទបង្ហាញនៅក្នុងកម្មវិធីពិព័រណ៍បច្ចេកវិទ្យាថា្នក់ជាតិ ឬ Digital Cambodia 2019 ដែលប្រព្រឹត្តទៅនាថ្ងៃទី១៥ ដល់ទី១៧ ខែមីនា ឆ្នាំ២០១៩ ក្រោមអធិបតីភាពរបស់អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ រួមនឹងម្ចាស់ក្រុមហ៊ុន និងម្ចាស់អាជីវកម្មបច្ចេកវិទ្យាជាច្រើននាក់ទៀត។

កញ្ញា ណយ ម៉ាលីន ប្រធានផ្នែកបណ្តាញឌីជីថល នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត ដែលបានអញ្ជើញចូលរួមធ្វើបទបង្ហាញ នៅក្នុងកម្មវិធីពិព័រណ៍បច្ចេកវិទ្យាថា្នក់ជាតិ បានលើកឡើងថា «នៅពេលដ៏ខ្លីខាងមុខនេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹតនឹងដាក់ឲ្យប្រើប្រាស់ប្រព័ន្ធធនាគារចល័ត (Mobile Banking App) ដើម្បីជួយសម្រួលដល់អតិថិជន ក្នុងការបង់សងកម្ចី ផ្ទេរប្រាក់ បង់ទឹកភ្លើង បញ្ចូលកាតទូរស័ព្ទ និងមានសេវាកម្មដ៏ច្រើនទៀត ដោយអតិថិជនគ្រាន់តែដោនឡូត និងដំឡើង Amret Mobile App ប្រើជាការស្រេច»

កញ្ញាបន្តថា ការត្រៀមចេញប្រព័ន្ធធនាគារចល័តនេះ គឺដើម្បីឆ្លើយតបទៅនឹងតម្រូវការប្រើប្រាស់ របស់អតិថិជន និងដើម្បីសម្រួលដល់ការប្រើប្រាស់សេវាកម្មហិរញ្ញវត្ថុឲ្យកាន់តែមានភាពងាយស្រួល។

ដោយមានការរីកចម្រើនយ៉ាងឆាប់រហ័ស ក្នុងវិស័យបច្ចេកវិទ្យា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត ក៏កំពុងតែអភិវឌ្ឍខ្លួនឥតឈប់ឈរពីមួយថ្ងៃទៅមួយថ្ងៃ ក្នុងនោះក៏បានសហការណ៍ ចាប់ដៃគូជាមួយក្រុមហ៊ុនបច្ចេកវិទ្យា និងស្ថាប័នហិរញ្ញវត្ថុធំៗជាច្រើន ដូចជា ជាច្រើនដូចជា smart vista, Wing, specialize bank, PiPay, True money និងក្រុមហ៊ុនមួយចំនួនទៀត ដើម្បីផ្ដល់សេវាជូនអតិថិជន ឲ្យកាន់តែមានប្រសិទ្ធភាព និងភាពងាយស្រួល។

សូមជម្រាបថា កម្មវិធី Digital Cambodia 2019 មានការចូលរួមពីអ្នកជំនាញផ្នែកបច្ចេកវិទ្យាឌីជីថល និងក្រុមហ៊ុនពាក់ព័ន្ធក្នុងវិស័យនេះ ទាំងថ្នាក់ជាតិ-ថ្នាក់តំបន់ រួមនិងក្រុមហ៊ុនដៃគូជាច្រើនផងដែរ។ កម្មវិធីសន្និសីទ និងពិព័រណ៍ឌីជីថលកម្ពុជា២០១៩ មានវត្តមានវាគ្មិនប្រកបដោយជំនាញច្បាស់លាស់ប្រមាណ១០០រូប និងមានស្តង់តាំងពិព័រណ៍ចំនួនប្រមាណ១៥០ស្តង់ផងដែរ៕