(បាត់ដំបង)៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃអង្គារ ១៤កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩នេះ អមដំណើរដោយថ្នាក់ដឹកនាំ មន្ត្រីជំនាញរបស់ក្រសួង តំណាងស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា និងក្រុមការងារនៃអង្គការដៃគូអភិវឌ្ឍន៍ USAID បានរួមគ្នាចុះពិនិត្យស្ថានភាព និងវឌ្ឍនភាពនៃការអនុវត្តគម្រោងនានាដែលបាន និងកំពុងទទួលការជួយគាំទ្រពី USAID ដើម្បីអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា។
នៅភូមិពួកឆ្មារ ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង លោករដ្ឋមន្ត្រី និងសហការី បានអញ្ជើញចុះពិនិត្យសកម្មភាពគម្រោងនូរីស (Nourish) ដែលគម្រោងនេះ មានគោលបំណងធ្វើឲ្យប្រសើរឡើង នូវស្ថានភាពអាហារូបត្ថម្ភរបស់ស្រ្តី និងកុមារតាមរយ:សកម្មភាព ជាពហុវិស័យប្រកបដោយប្រសិទ្ធភាពនៅក្នុងអំឡងពេល១០០០ថ្ងៃដំបូងនៃជីវិត ពីស្រ្តីមានគភ៌រហូតដល់កុមារមានអាយុ២ឆ្នាំ។
គម្រោងបានលើកទឹកចិត្ត ឲ្យសមាជិកសហគមន៍មកជួបជុំគ្នារៀងរាល់១ខែម្តង ដើម្បីមកតាមដានពីការលូតលាស់របស់កុមារ និងជាពិសេសបានទទួលចំណេះដឹងបន្ថែមទាក់ទងនឹងការថែរក្សាកុមារ ការបំបៅកូន ការផ្តល់អាហារបន្ថែម ដល់កុមារក្រៅពីទឹកដោះម្តាយ និងការងារបច្ចេកទេសដាំដុះដំណាំ និងចិញ្ចឹមត្រី ហើយព្រមជាមួយគ្នានោះ កុមារតូចៗដែលមកតាមម្តាយ គេអាចចូលរួមអានសៀវភៅល្អៗទាក់ទងនឹងអាហាររូបត្ថម្ភ។
ក្នុងនាមអនុប្រធានក្រុមព្រឹក្សាស្ដារ និងអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ទទួលបន្ទុកការងារ បច្ចេកទេសសន្តិសុខស្បៀង លោករដ្ឋមន្ត្រី វេង សាខុន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះរដ្ឋាភិបាល និងប្រជាជនអាមេរិក តាមរយៈគម្រោង USAID ដែលបាន និងកំពុងបន្តជួយគាំទ្រ និងអភិវឌ្ឍន៍ប្រទេសកម្ពុជា ហើយលោកសង្ឃឹមនិងជឿ ជាក់ថារដ្ឋាភិបាលសហរដ្ឋអាមេរិកនឹងនៅតែបន្តជួយឧបត្ថម្ភ គាំទ្រដល់ការអភិវឌ្ឍន៍ប្រទេសកម្ពុជាជាបន្តទៀត។
ចំពោះគម្រោងនូរីស លោករដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងពីគ្រប់ភាគីពាក់ព័ន្ធ ដែលបានប្រឹងអស់លទ្ធភាព ដើម្បីឲ្យគម្រោងនេះទទួលបានជោគជ័យ ជាពិសេសក្នុងការលើកកម្ពស់ដល់សុខភាព និងអាហារូបត្ថម្ភដល់នារីជាម្តាយ និងកុមារ។
ស្ថិតក្នុងបរិបទនៃកំណើនសេដ្ឋកិច្ច ដើម្បីឲ្យគម្រោងនេះ ទទួលបានជោគជ័យបន្ថែមទៀត លោករដ្ឋមន្ត្រី វេង សាខុន បានណែនាំឲ្យម្ចាស់គម្រោងគិតគូរ ផ្តល់ការគាំទ្រលើការងារបណ្តុះបណ្តាល ជាពិសេសផ្នែកជំនាញ ដើម្បីជួយប្រែក្លាយពួកគាត់ពីអ្នកផលិត ដើម្បីតែផ្គត់ផ្គង់ក្នុងគ្រួសារ ទៅជាកសិ-ពាណិជ្ជករ សម្រាប់ផលិតដើម្បីផ្គត់ផ្គង់ទីផ្សារ ដែលនេះជាប្រភពចំណូលដ៏រឹងមាំ ស្ថិតស្ថេរ មាននិរន្តរភាព និងធានាបាននូវសន្តិសុខស្បៀង និងអាហារូបត្ថម្ភ។ ជាមួយនេះគួរជួយពិនិត្យពិចារណា លើលទ្ធភាពបង្កើតគម្រោងចិញ្ចឹមគោទឹកដោះ និងប្រើប្រាស់បច្ចេកវិទ្យាគាំទ្របន្ថែមទៀត ដើម្បីឲ្យការងារកែច្នៃ ឬដាំដុះ មានលក្ខណល្អប្រសើរ ចំណេញពេល កំលាំងពលកម្ម និងធានាបានគុណភាព និងអនាម័យ។
សូមបញ្ជាក់ថា គម្រោងនូរីសនេះ គឺមានរយៈពេល០៦ឆ្នាំ ពីឆ្នាំ២០១៤ រហូតដល់ ឆ្នាំ២០២០ ដោយមានទឹកប្រាក់ឧបត្ថម្ភគាំទ្រសរុបជាង ១៩លានដុល្លារអាមេរិក។
សូមជម្រាបថា ក្នុងដំណើរទស្សនកិច្ចពេញមួយថ្ងៃនេះលោក វេង សាខុន និងប្រតិភូបានចុះពិនិត្យ៖
១៖ គម្រោង Nourish ដែលគម្រោងនេះផ្តោតជាសំខាន់លើការបង្កើនអាហាររូបត្ថម្ភដល់កុមារតូចនៅភូមិពួកឆ្មារ ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង។
២៖ ពិនិត្យខ្សែច្រវាក់ផលិតកម្ម និងរោងចក្រកែច្នៃផលិតផលផ្លែឈើរបស់ក្រុមហ៊ុន Misota រួមជាមួយការសំណេះសំណាលជាមួយប្រជាកសិករ ដែលស្ថិតនៅក្នុងគម្រោង Cambodia Harvest ជំហ៊ាន២។
៣៖ ទស្សនកិច្ចមជ្ឈមណ្ឌលឧត្ដមភាព ប្រពលវប្បកម្មកសិកម្មនិរន្តរភាព និងអាហារូបត្ថម្ភ Center of Excellence on Substainable Agricultural Intensification and Nutrition (CE SAIN) ដែលសកលវិទ្យាល័យភូមិន្ទកសិកម្ម ទទួលបន្ទុកអនុវត្តគម្រោងផ្ទាល់នៅខេត្តបាត់ដំបង។
៤៖ ពិនិត្យវឌ្ឍនភាពនៃគម្រោង Rice Field Fisheries ជំហាន២ (RFF II) ដោយគម្រោងនេះ ផ្តោតលើការលើកកម្ពស់ចំណីអាហារ និងអាហាររូបត្ថម្ភរបស់ប្រជាជនក្រីក្ររស់នៅតាមដងទន្លេសាប ក្នុងខេត្តគោលដៅចំនួន៤ គឺខេត្តពោធិ៍សាត់ បាត់ដំបង សៀមរាប និងកំពង់ធំតាមរយៈលើកកម្ពស់ផលិតកម្មស្រូវ ការធ្វើវារីវប្បកម្ម និងប្រព័ន្ធផលិតចំណីអាហារនិងស្បៀង៕