(ភ្នំពេញ)៖ បន្ថែមពីលេីអំណោយរបស់សាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ដែលបានផ្តល់ជូនកាលពីថ្ងៃម្សិលម៉ិញនេះ នៅព្រឹកថ្ងៃអង្គារ ១៤កេីត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ១៩ ខែមីនា ឆ្នាំ២០១៩ នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យក្រុមការងារថ្នាក់កណ្តាលចុះសួរសុខទុក្ខ និងផ្តល់អំណោយបន្ថែមទៀត ដេីម្បីជួយសម្រាលការលំបាកដល់ប្រជាពលរដ្ឋរងគ្រោះដោយភ្លេីងឆេះផ្ទះចំនួន ៥០គ្រួសារ (ស្មេីនឹង ៤៨ខ្នងផ្ទះ) កាលពីថ្ងៃទី ១៧ ខែមីនា ឆ្នាំ២០១៩ កន្លងទៅនេះ ស្ថិតនៅក្រុម៩ ភូមិព្រែកទាល់១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី ១ កាកបាទក្រហមកម្ពុជា បានពាំនាំប្រសាសន៍សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានផ្តាំផ្ញើសួរសុខទុក្ខ ក្តីអាណិតអាសូរ និងសម្តែងការសោកស្តាយ ចំពោះឧបទ្ទវហេតុភ្លេីងឆេះផ្ទះដែលបានបំផ្លាញទីជម្រក និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ។ ជាមួយគ្នានេះ លោកស្រី អគ្គលេខាធិការរងទី ១ បានពាំនាំនូវការអំពាវនាវពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដល់ប្រជាពលរដ្ឋទាំងអស់ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះចរន្តអគ្គិសនី ធុងហ្គាស់ ឬភ្លេីងចង្ក្រាន្ត ដែលអាចបង្កគ្រោះអគ្គិភ័យដូចករណីខាងលេីនេះ ក៏ដូចជាគ្រោះមហន្តរាយធម្មជាតិនានា ដែលបង្កឡេីងដោយបម្រែបម្រួលអាកាសធាតុ។ ទន្ទឹមនឹងនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សូមផ្តាំផ្ញេីលេីកទឹកចិត្តដល់ប្រជាពលរដ្ឋរងគ្រោះទាំងអស់ ត្រូវបន្តប្រកបរបរចិញ្ចឹមជីវិត ពង្រឹងស្មារតី និងកម្លាំងដេីម្បីស្តារជីវភាពគ្រួសារឡេីងវិញ ហេីយត្រូវរក្សាអនាម័យក្នុងការរស់នៅជៀសវាងការកេីតមានជំងឺផ្សេងៗ។
ប្រជាពលរដ្ឋដែលរងគ្រោះទាំងអស់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលតែងតែយកចិត្តទុកដាក់គិតគូរ ជួយសម្រាលទុក្ខលំបាកប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុតដោយគ្មានការរេីសអេីង មិនប្រកាន់វណ្ណៈ ជំនឿសាសនា ឬនិន្នាការនយោបាយអ្វីឡើយ។ ប្រជាពលរដ្ឋដែលរងគ្រោះដោយសារភ្លើងឆេះផ្ទះ សូមអរគុណដល់អាជ្ញាធរមូលដ្ឋាន អ្នកជិតខាង និងសប្បុរសជននានា ដែលបានជួយឧបត្ថម្ភ និងជ្រោមជ្រែងដល់ការរស់នៅក្នុងស្ថានភាពដ៏លំបាកនេះ។
សូមបញ្ជាក់ថា បន្ថែមពីលេីអំណោយរបស់សាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ កាកបាទក្រហមកម្ពុជាថ្នាក់កណ្តាល បានផ្តល់ជូនក្នុងគ្រួសារនីមួយៗទទួលបាន ៖ អង្ករ ៣០គីឡូក្រាម មី១កេស ត្រីខ១០កំប៉ុង ឃីត២កញ្ចប់ (មុង ភួយ សារុង ក្រមា) តង់ ១ផ្ទាំង និងថវិកាមួយចំនួន៕