(កំពង់ធំ)៖ មន្ត្រីឧទ្យានុរក្សប្រចាំការ នៅច្រករបៀងអភិរក្សជីវៈចម្រុះព្រៃអង់តែន ឈ្មោះ ចក់ សុជាតិ អាយុ៣០ឆ្នាំ ត្រូវជនល្មើសកាប់ត្រូវចំនួន០៥កាំបិតផ្គាក់ ត្រូវចំក្បាល កញ្ចឹងក និងកដៃ បង្កឱ្យមានរបួសធ្ងន់ធ្ងរ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩នេះ។ នេះបើតាមការឱ្យដឹងរបស់លោក នេត្រ ភក្ត្រា​ រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន។

លោករដ្ឋលេខាធិការក្រសួងបរិស្ថានបង្ហាញការសោកស្តាយ និងថ្កោលទោសចំពោះអំពើអមនុស្សធម៌ សាហាវឃោរឃៅរបស់ក្រុមជនល្មើស ប្រឆាំងនឹងក្រុមអ្នកការពារ និងអភិរក្សធនធានធម្មជាតិអំឡុងពេលចុះបំពេញបេសកកម្មក្នុងបុព្វហេតុបរិស្ថាននិងធនធានធម្មជាតិ។

លោករដ្ឋលេខាធិការក្រសួងបរិស្ថាន បានឱ្យដឹងថា នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩ កម្លាំងមន្ត្រីឧទ្យានុរក្សប្រចាំការនៅច្រករបៀងអភិរក្សជីវៈចម្រុះព្រៃអង់តែនចំនួន០៥នាក់ បានចុះល្បាតនៅតំបន់ អូរដើមថ្កូវ ក្នុងភូមិសាស្ត្រ ឃុំក្រយា ស្រុកសន្ធុក ខេត្តកំពង់ធំ បានជួបប្រទះជនល្មើសចំនួន០២នាក់ កំពុងធ្វើសកម្មភាពប្រព្រឹត្តបទល្មើសកាប់ឆា្ករព្រៃទន្ទ្រានយកដីព្រៃធ្វើចម្ការ ពេលនោះមន្ត្រីឧទ្យានុរក្សបានដេញចាប់ជនល្មើស តែបានទាក់ជើងដួលហើយត្រូវជនល្មើសតដៃ ដោយបានកាប់ត្រូវកម្លាំងមន្ត្រីឧទ្យានុរក្សម្នាក់ឈ្មោះ ចក់ សុជាតិ ត្រូវចំនួន ០៥កាំបិតផ្គាក់ ត្រូវចំក្បាល កញ្ចឹងកនិងកដៃ បណ្តាលអោយរងរបួសធ្ងន់។ ចំណែកមន្ត្រីឧទ្យានុរក្ស ៤ នាក់ផ្សេងទៀតមិនមានរងរបួសអ្វីឡើយ។ ចំណែកជនល្មើសបានរត់គេចខ្លួនបាត់។

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានថ្លែងថា បច្ចុប្បន្នមន្ត្រីឧទ្យានុរក្សដែលមាន របួសមានស្ថានភាពធ្ងន់ធ្ងរផែ្នកលលាដ៏ក្បាល ត្រូវបានក្រុមគ្រូពេទ្យបានបញ្ជូនមកកាន់មន្ទីរពេទ្យកាល់ម៉ែត្រ រាជធានីភ្នំពេញ។ លោករដ្ឋលេខាធិការបានឱ្យដឹងថា មន្ត្រីសមត្ថកិច្ចបាននិងកំពុងស៊ើបអង្កេត ធ្វើកំណត់ហេតុ និងដាក់ពាក្យបញ្ជូនរឿងទៅកាន់តុលាការដើម្បីវែកមុខរកជនល្មើសមកផ្តន្ទាទោស។

លោក ចក់ សុជាតិ គឺជាមន្ត្រីឧទ្យានុរក្សទី២ ដែលត្រូវបានរងរបួសដោយការតដៃរបស់ជនល្មើស ក្នុងបទល្មើសធនធានធម្មជាតិ ក្នុងរយៈពេល ២ខែចុងក្រោយនេះ។ កាលពីចុងខែមករា ឆ្នាំ ២០១៩ មន្ត្រី ឧទ្យានម្នាក់ឈ្មោះ ចេង ចាន់ធី ត្រូវបានក្រុមព្រានព្រៃប្រកបដោយកាំភ្លើងបាញ់ប្រហារមកលើ ធ្វើឱ្យរបួស ចំភ្លៅ អំឡុងពេលនៃការចុះបង្ក្រាបបទល្មើសសត្វព្រៃក្នុងភូមសាស្ត្រនៃដែនជម្រកសត្វព្រៃស្រែពកក្នុង ខេត្តមណ្ឌលគិរី។ លោក នេត្រ ភក្ត្រា បានថ្លែងថា បច្ចុប្បន្ននេះ ក្រសួងបរិស្ថានមានមន្ត្រីឧទ្យានុរក្សចំនួន ១២២១នាក់ដែលកំពុងតែការពារនិងអភិរក្សតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះចំនួនជិត ៦០ ដែលមានទំហំប្រមាណ ៧,៥លានហិកតា។

លោករដ្ឋលេខាធិការក្រសួងបរិស្ថានបានថ្លែងថា មន្ត្រីឧទ្យានុរក្សដែលមានតួនាទីជាមន្ត្រីយុត្តិធម៌ មានតួនាទីការពារ និងអភរិក្សធនធានធម្មជាតិ និងអភិរក្ស ជីវៈចម្រុះនៅតាមតំបន់ការពារធម្មជាតិនានា ក្នុងប្រទេសកម្ពុជា បានលះបង់សព្វបែបយ៉ាងរួមនឹងអាយុជីវិត ដើម្បីការពារធនធានធម្មជាតិឱ្យបានគង់វង្សសម្រាប់មនុស្សរាប់ជំនាន់តទៅមុខទៀត ហើយលោកថ្លែងថាមិនត្រូវយកមន្ត្រីឧទ្យានុរក្សធ្វើជាសត្រូវឡើយ ព្រោះពួកគាត់បានឆ្លងកាត់ការលំបាក ព្យុះភ្លៀង និងប្រឈមការគំរាមកំហែងនានាពីជនល្មើសច្បាប់ដើម្បីការពារធនធានធម្មជាតិ និងបរិស្ថាន៕