(ភ្នំពេញ)៖ ក្រុមហ៊ុនទូរស័ព្ទមិត្តហ្វូន ប្ដេជ្ញារក្សាភាពទំនើបកម្មរបស់ខ្លួន នឹងផ្ដល់សេវាកម្មបច្ចេកវិទ្យាឈានមុខ 5G បច្វេកវិទ្យាវៃឆ្លាត (AI) Virtual Reality (VR) និង Big Data នៅកម្ពុជា ដើម្បីឲ្យប្រាកដថា មិត្ដហ្វូននៅតែឆ្ពោះទៅមុខ និងបំពេញមហិច្ឆតាកសាងសង្គមឌីជីថល សម្រាប់ជីវិតកាន់តែប្រសើរ នៅក្នុងប្រទេសកម្ពុជា។
ការលើកឡើងបែបនេះ របស់លោក Le Manh Tan ប្រធានផ្នែកព័ត៌មានវិទ្យាក្រុមហ៊ុនមិត្ដហ្វូន បានធ្វើឡើងកាលពីថ្ងៃទី១៥-១៧ ខែមីនា ឆ្នាំ២០១៩ ក្នុងពិធីវេទិកាឌីជីថលកម្ពុជា (Digital Cambodia) ដែលជាពិព័រណ៍បច្ចេកវិទ្យាថ្នាក់ជាតិដំបូង និងធំបំផុតក្នុងឆ្នាំ២០១៩ ដែលរៀបចំឡើងដោយវិទ្យាស្ថាន NIPTICT និងសហការជាមួយក្រសួងប្រៃសណីយ៍។
ជាមួយគ្នានេះ ក្នុងពិធីនោះលោក ត្រាំ អ៊ីវតឹក រដ្ឋមន្ដ្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក៏បានថ្លែងយ៉ាងដូច្នេះថា «មិត្ដហ្វូនបាននាំមកនូវយុគសម័យបច្ចេកវិទ្យាពិតៗដល់កម្ពុជា ហើយផលិតផលទាំងនេះ នឹងត្រូវបានដាក់ឲ្យប្រើប្រាស់ក្នុងពេលឆាប់ៗ ដើម្បីបំពេញនូវតម្រូវការ ចីរភាពដល់សហគ្រាស ក្នុងប្រទេសកម្ពុជាផងដែរ»។
លោក Le Manh Tan ប្រធានផ្នែកព័ត៌មានវិទ្យាក្រុមហ៊ុនមិត្ដហ្វូន បានបញ្ជាក់ឲ្យដឹងថា «ដោយស្គាល់តួនាទីរបស់ខ្លួនជាប្រតិបត្ដិករឈានមុខ ក្នុងការកសាងសង្គមឌីជីថលនៅកម្ពុជា និងត្រៀមខ្លួនសម្រាប់ឧស្សាហកម្មទី៤ (Industry4.0) មិត្ដហ្វូននៅតែបន្ដកិច្ចខិតខំប្រឹងប្រែង និងធ្វើការវិនិយោគលើការកសាង និងពង្រីកវិសាលភាពបណ្ដាញ និងហេដ្ឋារចនាសម្ព័ន្ធ ដែលបំពេញតម្រូវការសេវាកម្មតភ្ជាប់ Internet of Things»។
ក្នុងនោះមិត្ដហ្វូនបាននាំមកបទពិសោធប្រើប្រាស់ប្រព័ន្ធ គ្រប់គ្រងបច្ចេកវិទ្យាព័ត៌មានវិទ្យាពិតៗ និងជាដំណោះស្រាយសហគ្រាស ជាមួយក្រុមផលិតផលទាំង៥ដូចជា៖ ទីក្រុងវៃឆ្លាត (មជ្ឈមណ្ឌលប្រតិបត្ដិការវៃឆ្លាត និង Safe.One) ដើម្បីត្រួតពិនិត្យ និងប្រតិបត្ដិការមុខងារផ្សេងៗទូទាំងរាជធានី ឬថែមទាំងនៅតំបន់ធំៗ, ហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ (4GLTE, eNodeB, Small Cells) ដែលអនុញ្ញាតឲ្យដំណើរការក្នុងទីតូចចង្អៀតយ៉ាងងាយស្រួល ដូចជាក្នុងអគារ កីឡដ្ឋាន មជ្ឈមណ្ឌលផ្សារទំនើបជាដើម, មន្ទីរពេទ្យ និងសាលារៀនវៃឆ្លាត, ដំណោះស្រាយទូរគមនាគមន៍សមុទ្រ និងជាពិសេសដំណោះស្រាយសន្ដិសុខអនឡាញ ដែលរំពឹងថានឹងកាន់ចម្រើនខ្លាំងក្នុងពេលឆាប់ៗ។
សូមជម្រាបថា មិត្ដហ្វូននាពេលបច្ចុប្បន្នជាបណ្ដាញដ៏ធំបំផុតនៅកម្ពុជា ជាមួយស្ថានីយ៍ផ្សាយសេវាជាង១១,០០០ BTS មានទាំងបច្ចេកវិទ្យា 2G, 3G, 4G ព្រមទាំងបច្ចេកវិទ្យាចុងក្រោយ4.5G និងខ្សែកាបអុបទិកជាង ២៣,០០០គីឡូម៉ែត្រ ដែលពង្រាយនៅទូទាំង២៥ខេត្ដ-ក្រុងទូទាំងប្រទេស៕