(ត្បូងឃ្មុំ)៖ បន្ទាប់ពីមន្ទីរពេទ្យកម្ពុជា-ចិន ត្បូងឃ្មុំតម្លៃជិត៥០លានដុល្លារ ត្រូវសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញមកជាអធិបតីដាក់ឲ្យដំណើរការ សាងសង់កាលពីពេលកន្លងទៅថ្មីៗ ដើម្បីបម្រើក្នុងវិស័យសុខាភិបាលនៅខេត្តត្បូងឃ្មុំ។
លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ ក៏បានដាច់ចេញនូវគោលការណ៍៦ចំណុចបន្ថែមទៀត ដើម្បីពង្រឹងការផ្តល់សេវាសុខាភិបាលជូនពលរដ្ឋ ឱ្យកាន់តែល្អទ្វេរឡើង ដើម្បីត្រៀមទទួលការពិនិត្យព្យាបាលជូនពលរដ្ឋទាំងក្នុងខេត្ត ក៏ដូចជាទូទាំងប្រទេស។
ការដាក់ចេញនូវគោលការណ៍សំខាន់៦ចំណុចនេះ បានធ្វើឡើងនៅក្នុងឱកាសដែលលោកបានអញ្ជើញជាអធិបតីភាព ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និងលើកទិសដៅឆ្នាំ២០១៩ របស់មន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ នាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩ ម្សិលមិញ នៅសាលប្រជុំសាលាខេត្តត្បូងឃ្មុំ។
គោលការណ៍ទាំង៦ចំណុចរួមមាន៖
ទី១៖ ការកែលម្អវិស័យសុខាភិបាល ទាំងក្នុងរដ្ឋ និងឯកជនការធ្វើរោគវិនិច្ឆ័យ ការព្យាបាល និងការថែទាំ ដែលចាំបាច់ត្រូវផ្តោតលើការយកចិត្តទុកដាក់ឱ្យបានខ្លាំងក្លាថែមទៀត។
ទី២៖ លើកកម្ពស់សមត្ថភាពជំនាញវិជ្ជាជីវៈ ដល់មន្ត្រីបុគ្គលិកសុខាភិបាល អំពីការប្រតិបត្តិផ្នែកវេជ្ជសាស្ត្រ ក្រមសីលធម៍វិជ្ជាជីវៈ និងឥរិយាបទទំនាក់ទំនង ដើម្បីកសាងនូវទំនុកចិត្ត និងការជឿជាក់ពីប្រជាពលរដ្ឋ។
ទី៣៖ តាមដានត្រួតពិនិត្យ និងវាយតម្លៃគុណភាពសេវាឱ្យបានទៀងទាត់ ដោយរាប់ទាំងគុណភាពសេវា ក្នុងវិស័យឯកជនផងដែរ។ ត្រូវធានាថាមន្ទីរពេទ្យ មណ្ឌលសុខភាព ចាំបាច់ត្រូវមានគ្រូពេទ្យ បុគ្គលិកយាមប្រចាំការ ២៤ម៉ោងលើ២៤ម៉ោង ទាំងនៅថ្ងៃឈប់សម្រាក និងថ្ងៃបុណ្យទានផ្សេងៗ ពិនិត្យព្យាបាល និងថែទាំមានជានិច្ចដោយប្រកាន់ខ្ជាប់នូវក្រមសីលធម៍របស់ខ្លួន។
ទី៤៖ មន្ទីរសុខាភិបាល ត្រូវយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការស្វែងរក និងដោះស្រាយឱ្យបានទាន់ពេលវេលា នូវឬសគល់នៃបញ្ហាទាំងអស់ ដែលបានលើកឡើងក្នុងអង្គសន្និបាតនេះ។
ទី៥៖ តាមដាន និងត្រួតពិនិត្យឱ្យបានជាប់ជាប្រចាំ លើការធ្វើអនាម័យចំណីអាហារសម្រាប់សុខភាព មនុស្សជាតិ គឺជាភារកិច្ចដែលមិនត្រូវពន្យាពេល ឬបង្អែរបង្អង់ទៀតឡើយ គ្រប់អាហារដ្ឋាន ភោជនីយដ្ឋាន ផ្ទះសំណាក់ សណ្ឋាគារ ឬទីកន្លែងនានា ព្រោះថាកត្តាជំងឺភាគច្រើន គឺកើតចេញពីការខ្វះអនាម័យ។ ដូចនេះ ត្រូវគិតពីចំណីអាហារ មុនពេលគិតពីឳសថ។
និងទី៦៖ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ត្រូវផ្តល់កិច្ចសហការល្អ ក្នុងកិច្ចដំណើរការផ្តល់សេវា សុខាភិបាលដល់ប្រជាពលរដ្ឋ នៅទូទាំងខេត្ត ពិសេសលើការងារបន្ទាន់ ដែលផ្នែកសុខាភិបាលតម្រូវការ។
ជាមួយគ្នានេះដែរលោក ជាម ច័ន្ទសោភ័ណ ក៏នឹងសង្ឃឹមថា អ្វីដែលលើកឡើងទាំងអស់នេះ ជាធាតុចូលបន្ថែមទៀត សម្រាប់រួមចំណែកអនុវត្ត អោយសម្រេចតាមទិសដៅដែលអង្គសន្និបាទសុខាភិបាលខេត្ត បានដាក់ចេញសម្រាប់ឆ្នាំ២០១៩នេះ។
លោក កែវ វណ្ណៈ ប្រធានមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ បានឱ្យដឹងថា មន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ បានគ្រប់ដណ្តប់ទាំង៧ក្រុង និងស្រុក លើប្រជាជនប្រមាណ ៨៤៣,៣១០នាក់ ដែលជាអង្គភាពផ្តល់សេវា សុខាភិបាល សុខភាពសំខាន់ចំនួន ៧៦កន្លែង, មានមន្ទីរពេទ្យបង្អែកចំនួន០៦, មន្ទីរពេទ្យបង្អែកកម្រិត១ ចំនួន០៣ និងមន្ទីរពេទ្យបង្អែក កម្រិត២ចំនួន០៣, មណ្ឌលសុខភាព ចំនួន៦៨ និងប៉ុស្តិសុខភាពចំនួន០២, លោកគ្រូពេទ្យអ្នកគ្រូពេទ្យគ្រប់ជំនាញ និងបុគ្គលិកមន្រ្តីសុខាភិបាលចំនួន៩៩៨នាក់ ក្នុងនោះស្ត្រី៤៦៧នាក់ ព្រមទាំងមានដៃគូអភិវឌ្ឍន៍ វិស័យសុខាភិបាលចំនួន១៨ដៃគូរ រួមទាំងអាជ្ញាធរ និងមន្ទីរជំនាញពាក់ព័ន្ធដទៃទៀត៕