(ភ្នំពេញ)៖ លោក ទី នរិន្ទ រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល បានគូសបញ្ជាក់ថា កំណើនប្រើប្រាស់ហួសការរំពឹងទុក និងការកើនឡើងកម្តៅថ្ងៃជាហេតុនាំឲ្យខ្វះថាមពលអគ្គិសនីនាពេលបច្ចុប្បន្ន។

លោក ទី នរិន្ទ បានឲ្យដឹងថា វារីអគ្គិសនីរបស់កម្ពុជាដើរដោយកម្លាំងទឹកចំនួន៧កន្លែង ដែលអាចផលិតថាមពលបានប្រមាណជា ៧លានគីឡូវ៉ាត់ម៉ោង ស្មើនឹងប្រមាណ ៧០០០មេហ្គាវ៉ាត់នោះ បច្ចុប្បន្នផលិតបានតែប្រមាណ ៣០០០មេហ្គាវ៉ាត់ប៉ុណ្ណោះ ដោយសារតែទឹកនៅតាមអាងនីមួយត្រូវហួតហែងខ្លាំង។

លោក ទី នរិន្ទ ក៏បានឲ្យដឹងផងដែរថា តាមការគ្រោងទុកនៅក្នុងឆ្នាំ២០១៩នេះ តម្រូវការប្រើប្រាស់អគ្គិសនីមានក្នុងរង្វង់ ៩ពាន់មេហ្គាវ៉ាត់ តែតម្រូវការថាមពលនាពេលបច្ចុប្បន្នបានកើនរហូតដល់ជាង ១ម៉ឺនមេហ្គាវ៉ាត់។

ដើម្បីដោះស្រាយបញ្ហានាពេលបច្ចុប្បន្នលោក ទី នរិន្ទ បានឲ្យដឹងថា កម្ពុជាបានប្រើយន្តការចំនួនពីរទី១ គឺការស្នើឲ្យតាមរោងចក្រសហគ្រាស និងសណ្ឋាគារបញ្ឆេះម៉ាសីុនភ្លើងរបស់ខ្លួន និងការប្រើវិធីកាត់ផ្តាច់ចរន្តអគ្គិសនីនៅតាមតំបន់មួយចំនួននៅពេលថ្ងៃ។ រីឯយន្តការទី២ គឺការទិញថាមពលអគ្គិសនីពីប្រទេសជិតខាងដូចជាថៃ ឡាវ និងវៀតណាម។

បើតាមលោក ទី នរិន្ទ ការខ្វះខាតថាមពលអគ្គិសនីអាចអូសបន្លាយរហូតដល់ចុងខែឧសភា។ តែទោះជាយ៉ាងណាក្នុងអំឡុងពេលនេះ សម្រាប់ថ្ងៃអាទិត្យ និងថ្ងៃបុណ្យជាតិផ្សេងៗមិនមានការកាត់ផ្តាច់ចរន្តអគ្គិសនីនោះឡើយ។

លោក ទី នរិន្ទ បានឲ្យដឹងថា បច្ចុប្បន្ននេះកម្ពុជា មានវារីអគ្គិសនីដើរដោយកម្លាំងទឹកចំនួន ៧កន្លែង ធ្យូងថ្មពីរ ដើរដោយពន្លឺព្រះអាទិត្យ ២កន្លែង និងដើរដោយប្រេងកាតមួយចំនួនទៀត។ លោក ទី នរិន្ទ បានអះអាងថា តាមរយៈវត្តមានស្ថានីយ៍ផលិតថាមពលអគ្គិសនីទាំងនេះ បើមិនមានបញ្ហាបម្រែបម្រួលអាកាសធាតុទេ គឺកម្ពុជាមិនមានជួបបញ្ហាខ្វះខាតថាមពលនោះឡើយ បើទោះបីកំណើនតម្រូវការប្រើប្រាស់កើនឡើងខ្ពស់ក៏ដោយនោះ៕