Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ថវិកាសមាគមមិត្តនគរបាលជាតិកម្ពុជា ចំនួន៦លានរៀល ត្រូវបានប្រគល់ជូនគ្រួសារសពលោក អ៊ុន សុធា មន្រ្តីនគរបាលនៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ

19-03-2019 14:21

(ភ្នំពេញ)៖ ដោយមានការអនុញ្ញាតពី លោកឧត្តមសេនីយ៍ឯក អ៉ិន បូរ៉ា អគ្គស្នងការរង ទទួលផែនកណ្ដាលនគរបាលយុត្តិធម៌ និងមានការចង្អុលបង្ហាញ ពីលោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩នេះ លោកវរសេនីយ៍ឯក មុំ ចេក នាយការិយាល័យរដ្ឋបាល-សរុប និងលោកវរសេនីយ៍ឯក យក់ សុខា នាយការិយាល័យអន្តរាគមន៍ និងនាយរងការិយាល័យ-នាយផ្នែក យកថវិកាប្រគល់ជូន គ្រួសារសពមន្ដ្រីនគរបាលដែលទទួលមរណភាព។

លោក អ៊ុន សុធា មន្រ្តីនគរបាលការិយាល័យអន្តរាគមន៍ បានទទួលមរណភាពកាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០១៩ ដោយសារជំងឺ ហើយនៅព្រឹកមិញនេះ ក៏មានការរៀបចំ ពិធីបើកលិខិតពាក្យបណ្ដាំរក្សាទុក ប្រគល់ថវិកាសមាគមមិត្តនគរបាលជាតិកម្ពុជា ចំនួន ៦,០០០,០០០រៀល (ប្រាំមួយលានរៀល ) ជូនគ្រួសារសព។

តាមលិខិតពាក្យបណ្ដាំរបស់សពដែលត្រូវប្រគល់ថវិកាជូននោះ រួមមាន៖ ទី១៖ប្រគល់ជូនឈ្មោះ ប៊ុត ស្រីម៉ៅ ត្រូវជាប្រពន្ធ, ទី២៖ប្រគល់ជូនឈ្មោះ អ៊ុន ឃីម ភេទប្រុស ត្រូវជាបង និងទី៣៖ប្រគល់ជូនឈ្មោះ អ៊ុន រេន ភេទស្រី ត្រូវជាបង។

ថ្លែងក្នុងឱកាសនោះ លោកវរសេនីយ៍ឯក មុំ ចេក ក៏បាននាំនូវការផ្ដាំផ្ញើ និងចូលរួមរំលែកទុក្ខពីសំណាក់ថ្នាក់ដឹកនាំនគរបាល ជាពិសេសលោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌផងដែរ ដែលលោកចាត់ទុកថា ការបាត់បង់លោក អ៊ុន សុធា គឺជាការបាត់បង់នូវធនធានមនុស្សមួយ ដែលបានចូលរួមចំណែកបម្រើប្រជាពលរដ្ឋ ក្នុងជួរកងកម្លាំងនគរបាលជាតិ៕