(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាម លោក គួច ចំរើន បានថ្លែងថា គ្រោះរាំងស្ងួត គឺជាដើមចមនាំឲ្យកើតករណីអគ្គីភ័យ ហើយប្រការនេះសូមប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នទាំងអស់គ្នា ដើម្បីជៀសវាងកើតមានគ្រោះថ្នាក់សង្គមមួយនេះ។
លោកអភិបាលខេត្ត បានលើកឡើងយ៉ាងដូច្នេះ នៅក្នុងទិវាយល់ដឹងវិធី បង្ការ និងពន្លត់អគ្គិភ័យ លើកទី៣ នៅខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩នេះ នៅវិទ្យាល័យហ៊ុន សែន ព្រៃទទឹង ស្ថិតនៅស្រុកព្រៃឈរ ខេត្តកំពង់ចាម។
បន្ថែមពីនេះ លោកអភិបាលខេត្ត ក៏បានថ្លែងកោតសរសើរ ចំពោះស្នងការនគរបាលខេត្តកំពង់ចាម ដែលកន្លងមកបានយកចិត្តទុកដាក់អន្តរាគមន៍ពន្លត់អគ្គីភ័យ ដើម្បីជួយសង្គ្រោះដល់ប្រជាពលរដ្ឋ។ ប៉ុន្តែទន្ទឹមនឹងនេះ លោកបានរំឭកថា នៅក្នុងរដូវក្តៅហួតហែងនេះ ករណីអគ្គីភ័យបានកើតឡើងជាហូរហែរ មានដូចជា ឆេះផ្ទះ ឆេះព្រៃជាដើម។ ហេតុដូច្នេះហើយទិវាបង្ហាញអំពីវិធី ដើម្បីបង្ការ និងពន្លត់អគ្គិភ័យ ដែលបានប្រារព្ធធ្វើនាពេលនេះ ពិតជាមានសារសំខាន់ក្នុងការផ្ដល់បទបង្ហាញពី មន្រ្តីជំនាញពន្លត់អគ្គីភ័យ ដើម្បីឲ្យប្រជាពលរដ្ឋបានស្វែងយល់ និងយកជាចំណេះដឹងទុកយកទៅអនុវត្តនៅពេល ជួបប្រទះករណីអគ្គីភ័យជាបឋម។
លោក គួច ចំរើន បានបញ្ជាក់ថា នៅពេលមានអគ្គីភ័យជាបឋម ប្រជាពលរដ្ឋអាចយកភួយជ្រលក់ទឹក ហើយយកទៅគ្របលើចំណុចដែលឆេះនោះ អណ្ដាតភ្លើងនឹងរលត់ទៅវិញ ព្រោះអណ្ដាតភ្លើងអាចឆេះបានដោយសារតែមានខ្យល់អុកស៊ីហ្សែន លុះនៅពេលយកភួយសើមទៅគ្របលើភ្លើងនោះ វានឹងរលត់វិញហើយ ព្រោះអត់ខ្យល់អុកស៊ីហ្សែន។ ម្យ៉ាងទៀតបងប្អូនអាចប្រើបំពង់ពន្លត់អគ្គិភ័យ ដើម្បីពន្លត់អគ្គីភ័យផងដែរ បើក្នុងករណីឆេះបឋម។
លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានឲ្យដឹងថា គ្រោះអគ្គីភ័យដែលកើតមានឡើងក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ក្នុងឆ្នាំ២០១៨ មានចំនួន៣២លើក បណ្តាលឲ្យឆេះផ្ទះ២៧ខ្នង និងស្លាប់មនុស្សម្នាក់ បើប្រៀបធៀបឆ្នាំ២០១៧ កើនឡើងចំនួន១៥លើក។ ដោយឡែក ក្នុងត្រីមាសទី១ ឆ្នាំ២០១៩នេះ គ្រោះអគ្គីភ័យកើតមាន៦លើក បណ្តាលឲ្យឆេះផ្ទះ៧ខ្នង កុដិលោក១ខ្នង និងរបួសស្រាលមនុស្ស២នាក់។
លោកស្នងការបានបញ្ជាក់ថា បច្ចុប្បន្នស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម មានរថយន្តពន្លត់អគ្គីភ័យសរុបចំនួន១៥គ្រឿង ក្នុងនោះរថយន្តកែច្នៃ១គ្រឿង ដើម្បីធានាក្នុងកិច្ចប្រតិបត្តិការជួយអន្តរាគមន៍ទាន់ពេលវេលា ពេលមានគ្រោះអគ្គីភ័យកើតឡើង ហើយសមត្ថកិច្ចជំនាញបានធ្វើការបែងចែករថយន្តពន្លត់អគ្គីភ័យ ទៅតាមបណ្ដាស្រុកចំនួន៩ ដែលមានរថយន្តចំនួន១២គ្រឿង ទុកនៅស្នងការដ្ឋាន៣គ្រឿង។
សូមជម្រាបថា ក្នុងពិធីនៅព្រឹកមិញនេះ ក៏មានការបង្ហាញពីសកម្មភាពជួយអន្តរាគមន៍ពន្លត់អគ្គីភ័យ មានលក្ខណៈសាមញ្ញ ដោយប្រើប្រាស់ភួយជ្រលក់ទឹក បាល់ប្រភេទពន្លត់អគ្គីភ័យ បំពង់ពន្លត់អគ្គីភ័យ ដែលជាវិធីសាស្ត្រសង្គ្រោះបឋម ក្នុងពេលមានគ្រោះអគ្គីភ័យ និងការប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យ ចេញជួយអន្តរាគមន៍ពេលមានគ្រោះអគ្គីភ័យកើតឡើង៕