(ភ្នំពេញ)៖ ធនាគារស្ថាបនា ភីអិលស៊ី នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩ បានប្រកាសអំពីការបង្កើនដើមទុនបន្ថែមចំនួន ៣០លានដុល្លារសហរដ្ឋអាមេរិកទៀត ធ្វើឱ្យដើមទុនរបស់ខ្លួនដែលតម្កល់ នៅធនាគារជាតិ កើនដល់១៥០លានដុល្លារ។ ការបង្កើនទុននេះ បានធ្វើឡើងបន្ទាប់ពីទទួលបានការអនុញ្ញាតជាផ្លូវការពីធនាគារជាតិនៃកម្ពុជា នាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩។
ជាមួយនឹងការតាំងចិត្តយ៉ាងមោះមុត និងការបង្ហាញពីចំណាប់អារម្មណ៍ ពីសំណាក់ក្រុមហ៊ុន MARUHAN Investment Asia Pte. Ltd. (“MIA”) ដែលជាភាគហ៊ុនរបស់ធនាគារ ក្នុងការរក្សានូវកំរិតដើមទុនចុះបញ្ជីឲ្យបានគ្រប់គ្រាន់ និងក្រោយពីការទទួលបានជោគជ័យ នូវការបំពេញរាល់នីតិវិធីបន្ថែមដើមទុន ចុះបញ្ជីចំនួន ៣០លានដុល្លារសហរដ្ឋអាមេរិកនេះ ដែលធ្វើឱ្យដើមទុនចុះបញ្ជីសរុបរបស់ធនាគារ បានកើនឡើងដល់ ១៥០លានដុល្លារសហរដ្ឋអាមេរិក ដែលទុកសម្រាប់ប្រើប្រាស់លើការអភិវឌ្ឍបន្ថែម នូវអាជីវកម្មរបស់ធនាគារ។
ការពង្រីកដើមទុនចុះបញ្ជីនេះនឹងធ្វើឱ្យធនាគារ ស្ថាបនា អាចបោះជំហានបន្តទៅមុខ ក្នុងការពង្រឹងអាជីវកម្មរួមទាំងការពង្រីកទំហំឥណទាន ក៏ដូចជាការធ្វើទំនើបកម្មប្រព័ន្ធធនាគារ ដើម្បីបំពេញតម្រូវការ និងស្របតាមបែបបទជីវិតរស់នៅរបស់អតិថិជន ដែលអតិថិជនបាននឹងកំពុងប្រើប្រាស់ប្រកបដោយការជឿទុកចិត្ត នូវសេវាកម្មរបស់ធនាគារ ស្ថាបនា តាមរយៈបណ្ដាញដ៏ច្រើន និងរឹងមាំនៅទូទាំងប្រទេស ដោយរួមមានសាខាធនាគារ ១៧២ ទូរអេធីអឹម (ATMs) ចំនួន១៥០ ដែលភ្ជាប់ជាមួយនឹងបច្ចេកវិទ្យាចុងក្រោយបំផុតនៃម៉ាស៊ីនបង្វិលសាច់ប្រាក់ (Cash Recycling ATMs) ក៏ដូចជាធនាគារអេឡិចត្រូនិច តាមរយៈប្រព័ន្ធអ៊ិនធើណេត និងតាមរយៈទូរស័ព្ទដៃ (internet/mobile banking) ប័ណ្ណឥណពន្ធ និងប័ណ្ណឥណទានប្រភេទវីសា (Visa Card) និងសេវាផ្សេងៗទៀត។
ឆ្លើយតបទៅនឹងការដាក់បន្ថែមដើមទុនចុះបញ្ជីថ្មីនេះ លោក លឹម អូន ដែលជាប្រធាននាយកប្រតិបត្តិធនាគារ ស្ថាបនា បានឱ្យដឹងថា ឆ្លងកាត់បទពិសោធន៍ ធ្វើការក្នុងវិស័យធនាគារ ជាង២០ឆ្នាំកន្លងមក ប្រព័ន្ធហិរញ្ញវត្ថុនៅប្រទេសកម្ពុជា គឺពោរពេញទៅដោយសក្ដានុពល និងបន្តអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃឥតឈប់ឈរ ហើយលោកពិតជាមានមោទនភាព ដែលបានក្លាយជាចំណែកមួយរបស់ធនាគារ ស្ថាបនា ដែលជាធនាគារមួយ ក្នុងចំណោមធនាគារឈានមុខគេ ដែលអាចផ្ដល់នូវសេវាកម្មពេញបរិបូរណ៍ជូនដល់អតិថិជនគ្រប់ស្រទាប់វណ្ណៈ ទាំងនៅតាមទីជនបទ ឬទីក្រុង និងជាពិសេសក៏អាចតភា្ជប់ទៅនឹងពិភពលោក តាមរយៈផលិតផលដ៏ទំនើបនានារបស់ធនាគារ ដែលបានឆ្លុះបញ្ចាំង ទៅនឹងពាក្យស្លោករបស់យើង «ស្ថាបនា ធ្វើឱ្យជីវិតលោកអ្នកកាន់តែប្រសើរ»។
លោក លឹម អូន ក៏សំដែងនូវការដឹងគុណ ចំពោះ ធនាគារជាតិនៃកម្ពុជា សម្រាប់ការសហការ និងការអនុញ្ញាត ចំពោះការបន្ថែមដើមទុនចុះបញ្ជីនេះផងដែរ ហើយការបន្ថែមដើមទុនចុះបញ្ជីនេះ គឺបានបង្ហាញពីទំនុកចិត្ត និងការតាំងចិត្តចូលរួមរបស់ក្រុមហ៊ុន MARUHAN Investment Asia Pte. Ltd. (“MIA”) ដែលជាភាគទុនិករបស់ធនាគារ ចំពោះការអភិវឌ្ឍវិស័យសេដ្ឋកិច្ច និងទទួលស្គាល់នូវស្ថេរភាពរបស់ប្រទេសកម្ពុជា ក៏ដូចជាសញ្ញាណដ៏ល្អបញ្ជាក់អំពីជំហានលូតលាស់ និងការអភិវឌ្ឍរបស់ធនាគារ ស្ថាបនា ផងដែរ៕