(ភ្នំពេញ)៖ ក្រុមប្រតិបត្តិលិខិតបទដ្ឋានគតិយុត្ដ នៃក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ទីស្ដីការគណៈរដ្ឋមន្ដ្រី នាព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩នេះ បានរៀបចំសិក្ខាសាលា ស្តីពី កម្មវិធី និងវិធីសាស្រ្តវាយតម្លៃ លើផលប៉ះពាល់ នៃលិខិតបទដ្ឋានគតិយុត្ត Regulatory Impact Assessment (RIA) ដោយមានចូលរួមពីអគ្គនាយកដ្ឋាន និងនាយកដ្ឋានចំណុះ ទីស្ដីការគណៈរដ្ឋមន្ដ្រី ចំនួនប្រមាណ៦០នាក់។
សិក្ខាសាលា ស្តីពី កម្មវិធី និងវិធីសាស្រ្តវាយតម្លៃ លើផលប៉ះពាល់ នៃលិខិតបទដ្ឋានគតិយុត្ត ខាងលើនេះ រៀបចំធ្វើឡើងក្រោមអធិបតីភាព លោក យឹម ណុលសន អនុប្រធានប្រចាំការ ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ និងជាប្រធានក្រុមប្រតិបត្តិលិខិតបទដ្ឋានគតិយុត្ត។ សិក្ខាសាលានេះ រៀបចំធ្វើឡើងនៅទីស្ដីការគណៈរដ្ឋមន្ដ្រី។
លោក យឹម ណុលសន បានឲ្យដឹងថា កម្មវិធី RIA ថ្នាក់ជាតិនេះ គឺជាផ្នែកមួយ នៃកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការធ្វើកំណែទម្រង់ដ៏ស៊ីជម្រៅ ក្រោមការដឹកនាំរបស់សមេ្តចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា សំដៅជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមឲ្យកាន់តែប្រសើរឡើង ដូចមានបញ្ជាក់ច្បាស់ នៅក្នុងយុទ្ធសាស្ត្រចតុកោណ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ។
លោកបានបន្ដថា នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦ សមេ្តចតេជោ នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញសេចក្តីសម្រេចលេខ១៣២-សសរ ស្តីពីការបង្កើតក្រុមការងារRIAនៅគ្រប់ក្រសួង-ស្ថាប័នសម្រាប់ធ្វើការងារRIA ក្នុងការរៀបចំលិខិតបទដ្ឋានគតិយុត្ត។
លោក យឹម ណុលសន បានបន្ថែមទៀតថា បច្ចុប្បន្ននេះ មានក្រសួងស្ថាបនចំនួន១៨ បានចូលរួមក្នុងកម្មវិធី RIA ហើយក្នុងនោះ ក្រុមប្រតិបត្តិលិខិតបទដ្ឋានគតិយុត្ត នៃក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ មានភារកិច្ច បណ្តុះបណ្តាល និងកសាងសមត្ថភាព ដល់មន្ត្រីក្រុមការងារ RIA នៅតាមក្រសួង-ស្ថាប័ន អំពីវិធីសាស្ត្រ RIA។
អនុប្រធានប្រចាំការ ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ រូបនេះ បានគូសបញ្ជាក់ថា វិធីសាស្ត្រ RIA នេះ គឺជាឧបករណ៍ដ៏ល្អមួយ ក្នុងការរៀបចំសំណើរលិខិបទដ្ឋានគតិយុត្ត ឲ្យប្រសើរឡើងដោយវានឹងអាចកាត់បន្ថយ បាននូវផលប៉ះពាល់អវិជ្ជមាននៃបញ្ញត្តិកម្ម។
លោកថា ការអនុវត្ត RIA នឹងផ្តល់នូវផលចំណេញជាច្រើន ដែលប្រទេសអភិវឌ្ឍជាសមាជិក OECD ទទួលស្គាល់យ៉ាងទូលំទូលាយ អស់រយៈជាច្រើនទសវត្សមកហើយ ដូចជា៖
* លិខិតបទដ្ឋានមានគុណភាពខ្ពស់ ដែលពង្រឹងអភិបាលកិច្ចល្អ និងជំរុញកំណើនសេដ្ឋកិច្ច
* ផ្តល់ព័ត៌មានបានគ្រប់ជ្រុងជ្រោយជូនថ្នាក់ដឹកនាំ ដើម្បីងាយស្រួលក្នុងការសម្រេចចិត្តយកសំណើលិខិបទដ្ឋានគតិយុត្ត
* បង្កើនតម្លាភាព គណនេយ្យភាព និងជំនឿទុកចិត្តពីសាធារណជននិងធុរជន
* ផ្តល់នូវជម្រើសចំណាយតិច ដើម្បីជួយកាត់បន្ថយបន្ទុកចំណាយរបស់រដ្ឋាភិបាលលើការអនុវត្ត និងបន្ទុកចំណាយប្រតិបត្តិការរបស់ធុរកិច្ច
* ជួយកាត់បន្ថយការិយាធិបតេយ្យ និងវិសាលភាពភាពជាន់គ្នា៕