(ភ្នំពេញ)៖ លោកឧកញ៉ា ស្រី ចាន់ថន អគ្គនាយកក្រុមហ៊ុន 7NG-Skyland បានប្រកាសថា លោកត្រៀមជាស្រេច ដើម្បីបញ្ចេញម៉ាស៊ីនភ្លើង ផ្គត់ផ្គង់ជាបណ្ដោះអាសន្ន នៅក្នុងតំបន់អភិវឌ្ឍន៍ ស្កាយលែង7NG វិហារសួគ៌ ដូចជា រោងចក្រ រមណីយដ្ឋានកម្សាន្ដសប្បាយជាច្រើនកន្លែង តាមអនុសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា។
ឧកញ៉ា ស្រី ចាន់ថន នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩នេះ បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំបាទបានត្រៀមខ្លួនហើយជាស្រេច សម្រាប់ការផ្គត់ផ្គង់ អគ្គិសនី ដល់ក្នុងតំបន់អភិវឌ្ឍន៍ ស្កាយលែង 7NG វិហារសួគ៌ ដូចជា រោងចក្រ រមនីយដ្ឋាន ដូច្នេះបងប្អូនជនរួមជាតិ ក៏ដូចភ្ញៀវជាតិ និងអន្តរជាតិទាំងអស់ អាចមកលំហែកាយ ឬកម្សាន្ដដោយរីករាយក្នុងកម្មវិធីមហាសង្រ្កាន្តឆ្នាំថ្មីខាងមុខយើងនេះ»។
លើសពីនេះ ឧកញ៉ា ស្រី ចាន់ ថន ក៏បាន ធ្វើការកោត សរសើរអស់ពីចិត្តដល់ក្រុមការងារផ្នែកអគ្គិសនី របស់ក្រុមហ៊ុនលោក ដែលបានខិតខំប្រឹងប្រែង អនុវត្ត តាមប្រសាសន៍របស់ថ្នាក់ដឹកនាំជាន់ខ្ពស់ មានសម្តេច តេជោ ហ៊ុន សែន ជាបិតា សន្តិភាព និងអភិវឌ្ឍន៍។
បន្ថែមពីនេះ លោក ស្រី ចាន់ថន បាន ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ដល់ក្រុមការងារដែលមានឆន្ទៈ លះបង់កម្លាំងកាយចិត្ត និងពេលវេលា មិនថាយប់ ឬថ្ងៃ ក្រោមបរិយាកាស់ ភ្លៀងផ្គររន្ទៈ កណ្តាលថ្ងៃក្តៅត្រជាក់យ៉ាងណា ក៏នៅតែអត់ធ្មត់ខាំមាត់សង្កត់ចិត្ត ដើម្បីធ្វើយ៉ាងណា ក្នុងការផ្គត់ផ្គង់អគ្គិសនី កុំឲ្យមានបញ្ហា ប៉ុន្តែដោយសាតែការប្រឹងប្រែងនេះហើយ ធ្វើឲ្យប្រជាពលរដ្ឋ និងរោងចក្រចំនួន២០ ព្រមទាំងកម្មករ-កម្មការិនី ចំនួន៤ម៉ឺននាក់ជាង បានដំណើរការរហូតដល់សព្វថ្ងៃនេះ៕