(កំពង់ធំ)៖ ចេញដំណើរពីរាជធានីភ្នំពេញប្រមាណជាង ១៥០គីឡូម៉ែត្រ ឬចេញពីទីរួមខេត្តកំពង់ធំតែប្រមាណជាង ១០គីឡូម៉ែត្រប៉ុណ្ណោះ លោកអ្នកនឹងបានទៅដល់រមណីយដ្ឋានភ្នំសន្ទុក ដែលមានទីតាំងស្ថិតនៅភូមិស្វាយកាល្ប ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ។ បច្ចុប្បន្ន ផ្លូវធ្វើដំណើរទៅកាន់រមណីយដ្ឋានមួយនេះ មានភាពងាយស្រួលរហូតដល់លើកំពូលភ្នំតែម្ដង។
ក្នុងកិច្ចសម្ភាសជាមួយក្រុមការងារ «ទេសចរណ៍ប្រចាំសប្ដាហ៍» នៃអង្គភាពព័ត៌មាន Fresh News ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ធំ លោក សេង អាន បានឱ្យដឹងថា នៅលើកំពូលភ្នំសន្ទុក មានទីសក្ការបូជា និងកន្លែងគួរឱ្យចង់ទស្សនាជាច្រើន ដែលសុទ្ធសឹងជាសម្បត្តិវប្បធម៌ប្រវត្តិសាស្ត្រ។ ក្រៅពីនោះ មានសត្វស្វាជាច្រើនរយក្បាល ព្រមទាំងសម្រស់ធម្មជាតិដ៏ស្រស់ត្រកាលនៅជុំវិញភ្នំ រហូតទៅដល់ភ្នំស្រះខ្ចៅ ភ្នំចម្ប៉ាជាដើម។ មួយវិញទៀត ភ្ញៀវទេសចរក៏អាចគយគន់ទេសភាពឯនាយខាងជើងបឹងទន្លេសាប ពីលើកំពូលភ្នំសន្ទុកបានផងដែរ។
លោក សេង អាន បានបន្ថែមទៀតថា ភ្ញៀវទេសចរដែលបានទៅដល់ខេត្តកំពង់ធំ ពិសេសគឺរមណីយដ្ឋានភ្នំសន្ទុកនេះ ក៏អាចសំចតចូលទស្សនាសិប្បកម្មចម្លាក់ថ្មរបស់ប្រជាជននៅភូមិស្វាយកាល្ប ដែលនៅអមសងខាងផ្លូវជាតិលេខ៦បានទៀតផង។
ជាការកត់សម្គាល់របស់មន្ទីរទេសចរណ៍ខេត្តកំពង់ធំ តាំងពីអង្គការយូណេស្កូសម្រេចចុះបញ្ជីតំបន់ប្រាសាទសំបូរព្រៃគុក ជាសម្បត្តបេតិកភណ្ឌពិភពលោករួចមក ភ្ញៀវទេសចរដែលបានទៅទស្សនាខេត្តកំពង់ធំទាំងមូល មានការកើនឡើងគួរឱ្យកត់សម្គាល់ ក្នុងនោះរមណីយដ្ឋានភ្នំសន្ទុក ក៏ត្រូវបានភ្ញៀវទេសចរទៅមកទស្សនាជាច្រើនហូរហែ។
ប្រធានមន្ទីរទេសចរណ៍ដ៏សកម្មរូបនេះ បានអំពាវនាវដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ សូមមានការចាប់អារម្មណ៍ និងអញ្ជើញទៅទស្សនារមណីយដ្ឋានភ្នំសន្ទុក និងរមណីយដ្ឋានដទៃទៀតនៅក្នុងខេត្តកំពង់ធំឱ្យបានច្រើនកុះករ ដើម្បីចូលរួមលើកស្ទួយយវិស័យទេសចរណ៍ជាតិ ឱ្យកាន់តែមានភាពរីកចម្រើនឡើង។ មិនតែប៉ុណ្ណោះ លោកក៏បានស្នើយ៉ាងទទូចដល់ភ្ញៀវទេសចរ ដែលបានទៅទស្សនារមណីយដ្ឋានភ្នំសន្ទុក សូមមានការយកចិត្តទុកដាក់ចំពោះការទុកសំរាម និងកាកសំណល់របស់ខ្លួនឱ្យបានត្រឹមត្រូវ។
ជាមួយគ្នានោះ លោក ប្រាក់ ប៊ុនអាង ក៏បានទទូចដល់គណៈកម្មការវត្តនៅភ្នំសន្ទុកផងដែរ សូមគិតគូរបន្ថែមទៀតអំពីការរៀបចំធុងសំរាម ខណៈបច្ចុប្បន្នធុងសំរាមនានានៅលើកំពូលភ្នំសន្ទុក មិនទាន់មានគម្របសម្រាប់គ្របឱ្យជិតត្រឹមត្រូវនៅឡើយទេ ជាហេតុធ្វើឱ្យសត្វស្វានៅទីនោះកកាយ និងនាំយកទៅចោលពាសវាលពាសកាល ដែលនាំទៅដល់ការបះពាល់ដល់បរិស្ថាន និងសោភ័ណភាពនៅក្នុងរមណីយដ្ឋានដ៏សំខាន់មួយនេះ៕