Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អគ្គមេបញ្ជាការ៖ កងទ័ពកម្ពុជា-ម៉ាឡេស៊ី តែងតែផ្ដល់ព័ត៌មានឱ្យគ្នាដើម្បីទប់ស្កាត់ បង្ការ និងបង្ក្រាបបទល្មើសជួញដូរមនុស្ស ជួញដូរគ្រឿងញៀន ឧក្រិដ្ឋកម្មឆ្លងដែន និងភេរវកម្ម (Video Inside)

19-03-2019 11:27

(ភ្នំពេញ)៖ នៅថ្ងៃអង្គារ ១៤កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានទទួលជួបសំណេះសំណាលសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ លោកវរសេនីយ៍ឯក ហាស្មី ប៊ីន អេប៊ីឌី ហាមីឌ (Hazmi Bin abd Hamid) ប្រធានការិយាល័យអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជា។

នៅក្នុងជំនួបសំណេះសំណាលនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ឧត្ដមសេនីយ៍ ជាច្រើនរូបដែលជាតំណាងមកពីបញ្ជាការដ្ឋានកងទ័ពជើងគោក, ជើងទឹក, ជើងអាកាស និងបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស រួមទាំងនាយកទីចាត់ការ និងនាយទាហានដែលមានការពាក់ពន្ធ័មួយចំនួនទៀត។

នៅក្នុងកិច្ចសំណេះសំណាលនេះ នាយឧត្ដមសេនីយ៍ អគ្គមេបញ្ជាការបានលើកឡើងអំពីកិច្ចសហប្រតិបត្តិការល្អរវាងកងទ័ពនៃប្រទេសទាំងពីរ ជាអាទិ៍ការផ្លាស់ប្ដូរទស្សនកិច្ចយោធាជាន់ខ្ពស់ តាមរយៈការស្នើសុំ និងការអញ្ជើញដោយភាគីទាំងពីរ។

ជាងនេះទៅទៀត នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ ក៏បានសរសើរដល់កម្លាំងនៃប្រទេសទាំងពីរ កម្ពុជា-ម៉ាឡេស៊ី ដែលតែងតែផ្ដល់ព័ត៌មានឱ្យគ្នាទៅវិញទៅមកដើម្បីទប់ស្កាត់ បង្ការ និងបង្ក្រាបបទល្មើសផ្សេងៗរួមមានបទល្មើសជួញដូរមនុស្ស ជួញដូរគ្រឿងញៀន ឧក្រិដ្ឋកម្មឆ្លងដែន និងភេរវកម្ម។

ក្នុងខណៈនោះដែរ នាយឧត្ដមសេនីយ៍ បានថ្លែងអំណរគុណដល់ប្រទេសម៉ាឡេស៊ីដែលបានទទួលសិក្ខាកាមជានាយទាហានកម្ពុជាឱ្យចូលរួមវគ្គហ្វឹកហ្វឺនបណ្ដុះបណ្ដាលជារៀងរាល់ឆ្នាំ៕