(ភ្នំពេញ)៖ នៅថ្ងៃអង្គារ ១៤កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានទទួលជួបសំណេះសំណាលសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ លោកវរសេនីយ៍ឯក អ៊ី ញ៉ម៉ាន់ សូកាសាណា (I Nyoman Sukasana) ប្រធានការិយាល័យអនុព័ន្ធយោធាឥណ្ឌូនេស៊ីប្រចាំកម្ពុជា។
កិច្ចសំណេះសំណេះនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ ឧត្ដមសេនីយ៍ ជាច្រើនរូបដែលជាតំណាងមកពីបញ្ជាការដ្ឋានកងទ័ពជើងគោក, ជើងទឹក, ជើងអាកាស និងបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស រួមទាំងនាយកទីចាត់ការ និងនាយទាហានដែលមានការពាក់ពន្ធ័មួយចំនួនទៀត។
នៅក្នុងកិច្ចសំណេះសំណាលនេះ នាយឧត្ដមសេនីយ៍ អគ្គមេបញ្ជាការ បានលើកឡើងអំពីកិច្ចសហប្រតិបត្តិការល្អរវាងកងទ័ពនៃប្រទេសទាំងពីរ ជាអាទិ៍ការចុះអនុស្សរណៈយោគយល់គ្នាស្ដីអំពី កិច្ចសន្ទនាកងទ័ពជើងគោក និងកងទ័ពជើងគោក ដែលរក្សាបាននូវការសន្ទនាជារៀងរាល់ឆ្នាំ។ ម្យ៉ាងវិញទៀត ប្រទេសទាំងពីរតែងតែមានការផ្លាស់ប្ដូរទស្សនកិច្ចយោធាជាន់ខ្ពស់តាមរយៈការស្នើសុំ និងការអញ្ជើញដោយភាគីទាំងពីរ។
ក្នុងខណៈនោះដែរ នាយឧត្ដមសេនីយ៍ អគ្គមេបញ្ជាការ បានថ្លែងអំណរគុណដល់ប្រទេសឥណ្ឌូណេស៊ីដែលបានផ្ដល់ជំនួយជាសម្ភារ និងវគ្គហ្វឹកហ្វឺនបណ្ដុះបណ្ដាលដល់ នាយទាហានកម្ពុជា ជារៀងរាល់ឆ្នាំ៕