(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានអះអាងថា ការចែកចាយ និងប្រើប្រាស់គ្រឿងញៀន នៅតាមទីជនបទ តាមភូមិ-ឃុំ កន្លងទៅ គ្មានការថយចុះនៅឡើយទេ បើទោះបីជារយៈពេលចុងក្រោយនេះ អាជ្ញាធរធ្វើការបង្រ្កាបករណីធំៗ បានជាបន្តបន្ទាប់ក៏ដោយនោះ។
ការអះអាងរបស់ប្រធានអាជ្ញាធរប្រយុទ្ធប្រឆាំងគ្រឿងញៀនកម្ពុជារូបនេះ បានធ្វើឡើង នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩នេះ ក្នុងពិធីបើកកិច្ចប្រជុំស្តីពី លទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀន ឆ្នាំ២០១៨ និងទិសដៅការងារឆ្នាំ២០១៩ នៅទីស្តីការក្រសួងមហាផ្ទៃ។
ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ពីមុនខ្ញុំសន្និដ្ឋានថាករណីគ្រឿងញៀនវានឹងអាចថយដោយសារចាប់ករណីធំៗបានច្រើន ប៉ុន្តែរអាចែកតាមភូមិឃុំហ្នឹង គឺវាមិនថយនោះឡើយ។ ចំណែកទីកំសាន្តនានា ស្ទើតែទាំងអស់ ដែលមានប្រើប្រាស់គ្រឿងញៀន»។
យ៉ាងណាក៏ដោយ លោកបានធ្វើការអំពាវនាវដល់ស្ថាប័នពាក់ព័ន្ធទាំងអស់ត្រូវរួមគ្នាស៊ើបអង្កេតស្វែងរកម្ចាស់ និងអ្នកពីក្រោយខ្នង នៃការនាំចូលនូវគ្រឿងញៀននេះបន្ថែមទៀត ក្នុងគោលបំណងធ្វើយ៉ាងឲ្យករណីនេះ មានការថយចុះដើម្បីសុវត្ថិភាពដល់ប្រជាពលរដ្ឋ ក៏ដូចជាសង្គមជាតិខ្មែរទាំងមូល។
បើតាមរបាយការណ៍អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានឲ្យដឹងថា ក្នុងឆ្នាំ២០១៨កន្លងទៅ បទល្មើសគ្រឿងញៀនសរុប ដែលសមត្ថកិច្ចបង្រ្កាបបានមានចំនួន៨.០០២ករណី ដោយឃាត់ខ្លួនជនជាប់ពាក់ព័ន្ធ ចំនួន ១៦២១៦នាក់ និងគ្រឿងញៀនជាងកន្លះតោន។
សម្រាប់ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន គឺបញ្ហាគ្រឿងញៀននេះ មិនមែនមានតែកម្ពុជានោះទេ ពិភពលោក ក៏មានការព្រួយបារម្ភគ្រប់ៗគ្នា ប៉ុន្តែមន្រ្តីពាក់ព័ន្ធទាំងអស់ត្រូវតែចាត់វិធានការឲ្យបានម៉ឺងម៉ាត់បំផុត ដើម្បីសន្តិសុខរបស់ប្រទេសជាតិ ហើយត្រូវតែរួមសហការគ្នាឲ្យបានខ្លាំងក្លាបន្ថែមទៀត ក្នុងការបង្រ្កាប និងលុបបំបាត់វា៕