(ភ្នំពេញ)៖ អ្នកតំណាងស្ថាប័នអប់រំ និងសាកលវិទ្យាល័យមកពីប្រទេសណូវែលហ្សេឡង់ចំនួន១២នាក់ បានធ្វើដំណើរ ការមកកាន់ទីក្រុងភ្នំពេញ ដើម្បីចូលរួមកម្មវិធីពិព័រណ៍ ពីការសិក្សា និងអាហារូបករណ៍នៅណូវែលហ្សេឡង់ ដែលនឹងធ្វើឡើងនៅថ្ងៃ២៧មីនា ឆ្នាំ២០១៩ នៅសាលា ACE សាខាទួលទំពូង ចាប់ពីម៉ោង៩ ព្រឹក ដល់ម៉ោង៤ល្ងាច។ជារៀងរាល់ឆ្នាំ កម្មវិធីពិព័រណ៍នេះ ត្រូវបានរៀបចំឡើងដោយស្ថាប័នអប់រំ IDP កម្ពុជា និងបើកឱ្យសាធារណជន អាចចូលរួមដោយសេរី មិនតំរូវឱ្យបង់ប្រាក់ទេ។
សិស្សនិស្សិត និងអាណាព្យាបាលទាំងអស់ ទទួលបានការអញ្ជើញមក ជួបពិភាក្សាផ្ទាល់ជាមួយស្ថាប័នអប់រំណូវែលហ្សេឡង់ ដើម្បីស្វែងយល់ព័ត៌មានពីជម្រើសសិក្សាគ្រប់កម្រិត ចាប់ពីថ្នាក់វិទ្យាល័យ ថា្នក់អប់រំវិជ្ជាជីវៈវគ្គខ្លី និងកម្មវិធីសិក្សាថ្នាក់សាកលវិទ្យាល័យ ទទួលបានការពិគ្រោះ និងណែនាំទៅលើជម្រើសសិក្សា កម្មវិធីសិក្សាផ្សេងៗ និងរួមទាំងឱកាសការងារ ក៏ដូចជាព័ត៌មានអំពីអាហារូបករណ៍ដែលពាក់ព័ន្ធ។ ព័ត៌មានទាក់ទង នឹងកម្មវិធីសិក្សាផ្សេងៗទៀត និងព័ត៌មាន ពីតំរូវទិដ្ឋាការនានា ក៏នឹងផ្តល់ជូននៅក្នុងកម្មវិធីពិព័រណ៍ផងដែរ។
លោក ម៉ៅ ស្រេង នាយកស្ថាប័នអប់រំ IDP ប្រចាំកម្ពុជាបានថ្លែងថា «ប្រទេសណូវែលហ្សេឡង់ កំពុងក្លាយជាទិសដៅសិក្សាដ៏មានប្រជាប្រិយភាពសម្រាប់ សិស្ស និស្សិតកម្ពុជាសម្រាប់ការសិក្សានៅបរទេស។ កម្មវិធីពិព័រណ៍ការសិក្សា និងអាហារូបករណ៍នៅណូវែលហ្សេឡង់គឺជា វេទិកាពិសេសមួយ សម្រាប់អ្នកដែលមានបំណងទៅបន្តការសិក្សារបស់ពួកគេ នៅប្រទេសណូវែលហ្សេឡង់ ដើម្បីបានជួបប្រឹក្សាផ្ទាល់ជាមួយតំណាងស្ថាប័នអប់រំ និងសាកលវិទ្យាល័យដែលមកពីទីនោះផ្ទាល់»។
ដោយឡែក មន្រ្តីមណ្ឌលប្រលង IELTS ប្រចាំកម្ពុជា នឹងមកចូលរួម ផ្តល់ប្រឹក្សាពី ការចុះឈ្មោះប្រលង និងការត្រៀមប្រលង IELTS។ អ្នកតំណាងមកពីមជ្ឈមណ្ឌលអូស្រា្តលី សម្រាប់ការបណ្តុះបណ្តាល (ACE) ក៏នឹងមានវត្តមានក្នុងកម្មវិធីនេះដែរ និងបានផ្តល់នូវព័ត៌មាន ទាក់ទងនឹងការសិក្សាភាសាអង់គ្លេស ដើម្បីត្រៀមខ្លួនបំពេញលក្ខខណ្ឌ របស់ស្ថាប័នអប់រំណូវែលហ្សឡង់។
ទន្ទឹមនឹងនោះ លោក ឈាង វ៉ាន់តាក់ ប្រធានផ្នែកទំនាក់ទំនងសិស្ស និស្សិតទៅសិក្សានៅក្រៅប្រទេសប្រចាំស្ថាប័នអប់រំ IDP កម្ពុជា បានលើកឡើងផងដែរថា «ប្រទេសណូវែលហ្សេឡង់ ផ្តល់ឱ្យសិស្សនិស្សិត នូវការអប់រំលំដាប់ពិភពលោក និងមានការទទួលស្គាល់ជា សកលលោកផងដែរ។ ប្រជាជននៅទីនោះ មានភាពរួសរាយ និងបរិស្ថានមានសុវត្ថិភាពរួមជាមួយវប្បធម៌ ដែលមានភាពចម្រុះជាតិសាសន៍ទៀតផង»។
លោកបន្ថែមថា «សិស្សនិស្សិតមានឱកាសក្នុងការបំពេញការងារ ក្រៅម៉ោងក្នុងកំឡុងពេលកំពុងសិក្សាបានទៀតផង។ កត្តាទាំងអស់នេះហើយ ដែលធ្វើឱ្យប្រទេស ណូវែលហ្សេឡង់ គឺជាទិសដៅដ៏ល្អប្រសើរមួយ សម្រាប់សិស្សនិស្សិតទៅបំពេញចំនេះដឹងបន្តនៅបរទេស»។
IDP Education គឺជាស្ថាប័នធំជាងគេបង្អស់លើពិភពលោក ដែលបានដើរតួនាទីក្នុងការបញ្ជូនសិស្សនិស្សិត ទៅសិក្សានៅប្រទេសអូស្ត្រាលី អង់គ្លេស ណូវែលហ្សេឡង់ កាណាដា អាមេរិក និង អៀរឡង់ ជាមួយនឹងការិយាល័យជាង ១០០ នៅច្រើនជាង៣២ប្រទេសជុំវិញពិភពលោក។ ការប្រឹក្សា និងការបំពេញទម្រង់បែបបទសិក្សា ដែលផ្តល់ជូនដោយស្ថាប័ន IDP ធ្វើឡើងដោយឥតគិតថ្លៃ។
នៅកម្ពុជា សិស្សនិស្សិត និងអាណាព្យាបាល អាចធ្វើការអញ្ជើញមកសាកសួរព័ត៌មានបន្ថែម ទាក់ទងការសិក្សានៅបរទេស នៅគ្រប់ការិយាល័យសិក្សានៅបរទេសរបស់ស្ថាប័ន IDP ផ្ទាល់ដែលមានទីតាំងនៅគ្រប់សាខា នៃសាលា ACE ភ្នំពេញ និងសៀមរាប៕