(មណ្ឌលគិរី)៖ ហេតុការណ៍គ្រោះថ្នាក់អគ្គិភ័យមួយបានកើតឡើង នៅល្ងាចថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩នេះ ស្ថិតនៅចំណុចភូមិមេប៉ៃ ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី បានបំផ្លាញផ្ទះប្រជាពលរដ្ឋចំនួន០៤ខ្នង និងបណ្តាលឲ្យស្លាប់មនុស្ស០២នាក់ និងរងរបួសស្រាល០២នាក់។
ស្នងការនគរបាលខេត្តមណ្ឌលគិរី លោកឧត្តមសេនីយ៍ទោ ឡោ សុខា បានប្រាប់អង្គភាព Fresh News ឲ្យដឹងនៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩នេះថា ជនរងគ្រោះដែលស្លាប់២នាក់នោះ ទី១៖ឈ្មោះ ហ៊ាង សម្ផស្ស ភេទស្រី អាយុ១៧ឆ្នាំ និងទី២៖ឈ្មោះ ហ៊ាង ស្រីលីន ភេទស្រី អាយុ១៤ឆ្នាំ។ ក្នុងនោះ បណ្ដាលឲ្យរងរបួសស្រាល ចំនួន០២នាក់ (ភេទស្រី) ត្រូវបញ្ចូនទៅមន្ទីរពេទ្យបង្អែកខេត្ត ហើយម្ចាស់ផ្ទះឈ្មោះ ហ៊ាង សុធី ភេទប្រុស អាយុ៥២ឆ្នាំ។
បើតាមលោកឧត្តមសេនីយ៍ស្នងការ ករណីខាងលើកម្លាំងសមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន០៥គ្រឿង (ស្នងការដ្ឋានចំនួន០៤គ្រឿង និងអធិការដ្ឋានស្រុកពេជ្រាដា០១គ្រឿង) និងបានប្រើប្រាស់ទឹកសម្រាប់ពន្លត់អគ្គីភ័យចំនួន២៥រថយន្ត។
ដោយឡែក មូលហេតុភ្លើងឆេះបណ្តាលមកពីឡានស៊ីទែនដឹកសាំង ចូលមកតទុយោបង្ហូរសាំងដាក់ក្នុងស៊ីទែនរបស់ម្ចាស់ផ្ទះឈ្មោះ ហ៊ាង សុធី ហៅ (អុល) ពេលនោះក៏បានខ្ចាយសាំងពីទុយោជះ ចូលក្នុងផ្ទះបាយចំទៅលើចង្រ្កានហ្គាស ធ្វើឲ្យមានភ្លើងឆាបឆេះតែម្តង៕