(ភ្នំពេញ)៖ លោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩នេះ បានដឹកនាំការពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងរបាយការណ៍ ស្តីពីលទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀន ឆ្នាំ២០១៨ និងលើកទិសដៅ ឆ្នាំ២០១៩។

កិច្ចប្រជុំនេះ ប្រព្រឹត្តឡើងនៅទីស្តីការក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធលើកិច្ចការប្រយុទ្ធប្រឆាំងគ្រឿងញៀន ទូទាំងរាជធានី-ខេត្តផងដែរ។

នៅក្នុងកិច្ចប្រជុំនេះ ក៏បានលើកពីសេចក្តីរាយការណ៍ស្តីពីលទ្ធផលសិក្ខាសាលាការងារត្រួតពិនិត្យគ្រឿងញៀនទិសឦសាន និងការអនុវត្តផែនការភូមិ-ឃុំ-សង្កាត់ ស គ្មានគ្រឿងញៀននៅខេត្តស្ទឹងត្រែង និងសេចក្តីរាយការណ៍ស្តីពីលទ្ធផលសិក្ខាសាលាស្តីពីការព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន។

របាយការណ៍ សមត្ថកិច្ចជំនាញ បានឱ្យដឹងថា លទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀនបានចំនួន៨,០០២ករណី បើធៀបនឹងឆ្នាំ២០១៧ មានចំនួន៨,១៧៣ករណី ថយចុះ១៧១ករណី ស្មើនឹង២.១០ភាគរយ ក្នុងនោះករណីជួញដូររក្សាទុកមានចំនួន៤,៩៧២ករណី ករណីប្រើប្រាស់មានចំនួន២,៩៨២ករណី កែច្នៃ២ករណី និងដាំដុះ៤៦ករណី។

ជនសង្ស័យត្រូវបានឃាត់ខ្លួន មានចំនួន ១៦,២១៦នាក់ ស្រី១,៣៣៣នាក់ បើធៀបជាមួយឆ្នាំ២០១៧ មានចំនួន១៧,៨០០នាក់ ថយចុះ១,៥៨៤នាក់ ស្មើនឹង៨.៩១ភាគរយ ក្នុងនោះជនសង្ស័យក្នុងករណីជួញដូរ រក្សាទុកគ្រឿងញៀន មានចំនួន៨,៩៩៦នាក់ ស្រី៩០៤នាក់ ករណីប្រើប្រាស់មានចំនួន៧,២០៩នាក់ ស្រី៤២៥នាក់ ករណីកែច្នៃ៤នាក់ និងដាំដុះ៧នាក់ ដែលមានជនជាតិខ្មែរ ១៥,៨៨៥នាក់ ស្រី១,២៩៥នាក់ ជនជាតិបរទេស៣៣១នាក់ ស្រី៥០នាក់ ស្មើនឹង២៥ជនជាតិ។

គ្រឿងញៀន ដែលចាប់យកបានមានចំនួន៥៣៦គីឡូក្រាម ក្នុងនោះរួមមាន៖ តំហ្វេតាមីនក្រាមម្សៅ ICE មានចំនួន៣០៦គីឡូក្រាម, មេតំហ្វេតាមីនគ្រាប់ WY មានចំនួន៦គីឡូក្រាម, អិចស្តាស៊ី មានចំនួន១៧៩គីឡូក្រាម, ហេរ៉ូអ៊ីនមានចំនួន១គីឡូក្រាម, កូកាអ៊ី មានចំនួន៥គីឡូក្រាម និងកេកាតាមីន មានចំនួន៣៦គីឡូក្រាម៕