(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន ១២លើក បណ្ដាលឲ្យមនុស្សស្លាប់ ៦នាក់, របួសស្រាល ១៤នាក់ និងរបួសធ្ងន់ ១៣នាក់។
ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ទាំង ១២លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូចំនួន ៨គ្រឿង, រថយន្តតូច ១១គ្រឿង, រថយន្ដធុនធំ ៤គ្រឿង និងថ្មើរជើង ២នាក់ ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍រួមមានល្មើសល្បឿន, មិនប្រកាន់ស្ដាំ, បត់គ្រោះថ្នាក់, ស្រវឹង, មិនគោរពសិទ្ធិ និងប្រជែង។
សូមបញ្ជាក់ថា រយៈពេល១៨ថ្ងៃ ចាប់ពីថ្ងៃទី១ដល់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង ២១១លើក បណ្ដាលឲ្យមនុស្សស្លាប់ចំនួន ១១៩នាក់, របួសធ្ងន់១៦០ និងរបួសស្រាល ១១៩នាក់៕