(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ ​សហការជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) បានប្រគល់រង្វាន់ដល់និសិ្សតជ័យលាភី ក្នុងការប្រកួតប្រជែងតែងនិពន្ធពាក្យស្លោក «ស្តីពីការយល់ដឹងអំពីពន្ធ» នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៩។

ពិធីនេះធ្វើឡើងក្រោមវត្តមាន លោក ព្រាប បូណា អនុប្រធាននាយកដ្ឋានរដ្ឋបាល និងកិច្ចការទូទៅ នៃអគ្គនាយកដ្ឋានពន្ធដារ និងលោក Mutoh Shizuki ប្រធានទីប្រឹក្សាទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ប្រចាំអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រោមគម្រោងក្របខ័ណ្ឌ នៃកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈជំហានទី២ (JICA/GDT Project)។

ការប្រគល់រង្វាន់នេះ ធ្វើឡើងនៅក្នុងកម្មវិធី «ថ្ងៃពន្ធដារ (Tax Day)» ដែលបានបង្កើតឡើងដើម្បីអបអរសាទរលើកទឹកចិត្ត និងប្រគល់រង្វាន់ដល់ជ័យលាភី និស្សិតជាប់ចំណាត់ថ្នាក់ពី លេខ០១ ដល់លេខ១០ មកពីសកលវិទ្យាល័យទូទាំងប្រទេស ដែលបាន​ខិតខំប្រឹងប្រែងប្រកួតប្រជែង​ជ្រើសរើសបេក្ខជន ដែលមានសមត្ថភាព​អាចតែងនិពន្ធពាក្យស្លោក ស្តីពីការយលដឹងអំពីពន្ធ។​

ថ្វីត្បិតតែកម្មវិធីប្រកួតប្រជែងនេះ ជាកម្មវិធីលើកដំបូង នៅក្នុងអគ្គនាយកដ្ឋានពន្ធដារ ប៉ុន្តែមាននិស្សិតជាច្រើន ដែលបានដាក់ពាក្យចូលរួមប្រកួតប្រជែង ហើយនេះជាសញ្ញាមួយឆ្លុះបញ្ចាំងឲ្យឃើញពីការចូលរួម និងការស្វែងយល់ពីពន្ធដារនៅក្នុងប្រទេសកម្ពុជា។ លើសពីនេះទៀត ដើម្បីជាការលើកទឹកចិត្តដល់ បេក្ខជនជ័យលាភី ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) បានរៀបចំរង្វាន់សម្រាប់ចែកជូន បេក្ខជនជ័យលាភីដូចជា កុំព្យូទ័រយូរដៃ ទូរស័ព្ទដៃ ដុំសាកថ្មទូរស័ព្ទ (​Power Bank) កាបូប រួមទាំងវិញ្ញាបនបត្រទទួលស្គាល់ជ័យលាភីផងដែរ។​

លោក ព្រាប បូណា អនុប្រធាននាយកដ្ឋានកិច្ចការរដ្ឋបាលទូទៅ នៃអគ្គនាយកដ្ឋានពន្ធដារ បានលើកឡើងថា ពាក់ព័ន្ធនឹងការប្រមូលចំណូលពន្ធនេះ រាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែង ធ្វើកែទម្រង់នៅលើប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធយ៉ាងច្រើន ជាពិសេសការកែទម្រង់ប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដើម្បីជំរុញការគ្រប់គ្រងចំណូល និងការចំណាយឲ្យមានប្រសិទ្ធភាពខ្ពស់ ព្រោះការរីកចម្រើនរបស់ប្រទេសជាតិ គឺបានពឹងផ្អែកការចូលរួមចំណែកពីប្រជាពលរដ្ឋ ពោល​តាមរយៈនៃការចូលរួមបង់ពន្ធទាំងអស់គ្នា។

ជាមួយគ្នានោះ លោក Mutoh Shizuki ប្រធានទីប្រឹក្សាទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ប្រចាំអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់តំណាងអគ្គនាយកដ្ឋានពន្ធដារ និងទីភ្នាក់ងារសហប្រតិបត្តិការ អន្តរជាតិជប៉ុន ដែលបានយកចិត្តទុកដាក់រៀបចំបង្កើតកម្មវិធី «ថ្ងៃពន្ធដារ (Tax Day)» នេះ ដោយមានការរៀបចំសម្ភារ ផ្សព្វផ្សាយស្តីពីពន្ធដារ ដល់សាធារណជន ដើម្បីស្វែងយល់បន្ថែម។

លោកបានចាត់ទុកថា លទ្ធផលការងារនេះកើតចេញពីកិច្ចសហប្រតិបត្តិការ រវាងអគ្គនាយកដ្ឋានពន្ធដារ និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន ជាពិសេសក្រុមការងាររបស់ការិយាល័យទំនាក់ទំនងសាធារណ នៃនាយកដ្ឋានរដ្ឋបាល និងកិច្ចការទូទៅ ដែលបានចូលរួមយ៉ាងសកម្ម និងមាននាយកដ្ឋាននីតិកម្ម គោលនយោបាយសារពើពន្ធ និងសហប្រតិបត្តិការពន្ធដារអន្តរជាតិ ជាអ្នកសម្របសម្រួលទើបធ្វើឲ្យកម្មវិធីនេះប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យ។

តាមរយៈកម្មវិធីនេះ អគ្គនាយកដ្ឋានពន្ធដារ សហការជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន ក៏បាន​រៀបចំកម្មវិធីផ្សព្វផ្សាយ និងបញ្ជ្រាបព័ត៌មានផ្សេងៗ ពាក់ព័ន្ធនឹងពន្ធដារជូន ប្រជាពលរដ្ឋទូទៅ​នៅក្នុងទីសាធារណៈ ដើម្បីបង្ហាញឲ្យឃើញថា ពន្ធគឺមានទំនាក់ទំនងជាមួយ​ជីវភាពរស់នៅប្រចាំថ្ងៃ ហើយពន្ធ ពិតជាមានសារសំខាន់ ក្នុងការអភិវឌ្ឍប្រទេសជាតិឲ្យមានភាពរីកចម្រើន។

ទន្ទឹមនឹងនេះអគ្គនាយកដ្ឋានពន្ធដារ និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន ក៏បានរៀបចំជាសម្ភារ សម្រាប់ការផ្សព្វផ្សាយ និងចែកជូនដោយឥតគិតថ្លៃដូចជា សៀវភៅស្តីពីតួនាទីអត្ថប្រយោជន៍របស់ពន្ធ និងប្រព័ន្ធពន្ធដារនៅកម្ពុជា ខិត្តប័ណ្ណប្រភេទពន្ធសំខាន់ៗ ស៊ីឌី និងរូបភាពផ្ទាំងផ្សព្វផ្សាយ (Poster) របស់វីឌីអូឃ្លីបស្តីពីសារៈសំខាន់ នៃការបង់ពន្ធ ព្រមទាំងចែកកាដូអនុស្សាវរីយ៍ជាច្រើនផងដែរ៕​