(សេអ៊ូល)៖ កូរ៉េខាងជើង និងសហរដ្ឋអាមេរិកសុទ្ធតែមិនចង់វិលត្រឡប់ទៅរកការប្រឈមមុខនិងភាពតានតឹងដាក់គ្នាដូចពីអតីតកាលឡើយ។ នេះបើតាមការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង ដកស្រង់ខ្លឹមសារដោយសារព័ត៌មាន CGTN នៅថ្ងៃចន្ទ ទី១៨ ខែមីនា ឆ្នាំ២០១៩។
មន្រ្តីជាន់ខ្ពស់ម្នាក់នៃវិមានប្រធានាធិបតីកូរ៉េខាងត្បូង Blue House បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានកូរ៉េខាងត្បូងថា ទីក្រុងព្យុងយ៉ាងនិងទីក្រុងវ៉ាស៊ីនតោន មិនដែលមានបំណងចង់ឲ្យស្ថានការណ៍វិលទៅរកការប្រឈមមុខនិងភាពតានតឹងរវាងគ្នាដូចនៅមុនឆ្នាំ២០១៧ទៀតឡើយ ហើយតាមពិតទៅនោះភាគីទាំងពីរ បានមើលឃើញថា ពួកគេបានឈានជើងទៅមុខយ៉ាងជ្រៅ ដែលពិបាក់នឹងបោះជំហានថយក្រោយវិលទៅរកអតីតកាលវិញ។
គួរជម្រាបថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន និងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបើកកិច្ចប្រជុំកំពូលលើកទីពីរ កាលពីចុងខែកុម្ភៈកន្លងទៅ នៅរដ្ឋធានីហាណូយនៃប្រទេសវៀតណាម ប៉ុន្តែវាបានបញ្ចប់ទៅដោយមិនមានកិច្ចព្រមព្រៀងអ្វីទាំងអស់។ ជុំវិញរឿងនេះ មន្រ្តីវិមាន Blue House បានកតសម្គាល់ថា ទោះជាបែបនេះក្តី ទីក្រុងព្យុងយ៉ាងនិងទីក្រុងវ៉ាស៊ីនតោន បានបញ្ជាក់ច្បាស់រួចហើយអំពីឆន្ទៈរបស់ពួកគេ ក្នុងការបន្តកិច្ចប្រឹងប្រែងការទូតនិងកិច្ចចរចាជាមួយគ្នាបន្តទៀត៕