(មណ្ឌលគិរី)៖ អគ្គិភ័យដ៏សន្ធោសន្ធៅផ្តើមចេញការឆាប់ឆេះកន្លែងលក់សាំងបណ្តាលឲ្យឆេះផ្ទះអស់៤ខ្នង របួសស្ត្រីពីរនាក់ នៅវេលាម៉ោងប្រមាណ ៥ល្ងាចថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩នេះ នៅក្នុងភូមិមេប៉ៃ ឃុំពូជ្រៃ ស្រុកពេជ្រដា ខេត្តមណ្ឌលគិរី។
សមត្ថកិច្ចបានអះអាងថា គ្រោះអគ្គិភ័យនេះ បានផ្តើមចេញពីផ្ទះលក់សាំងដែលគេសង្ស័យថាសាងសង់ឡើងខ្វះបច្ចេកទេស។ សមត្ថកិច្ចបានអះអាងថា មុនពេលកើតហេតុម្ចាស់ផ្ទះបង្កហេតុបានចាក់សាំងស្រាប់តែខ្ទាតទៅចង្ក្រានបាយ ហើយបង្កជាការឆាប់ឆេះឡើងរាលដាលដល់ផ្ទះអ្នកជិតខាងផងដែរ។
ប្រភពបន្តថា ក្រោយកើតហេតុភ្លាមៗរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការនគរបាលខេត្តមណ្ឌលគិរី បានចេញអន្តរាគមន៍ភ្លាមៗផងដែរ។ តែដោយសារអំណាចនៃការឆាប់ឆេះខ្លាំង គឺមិនអាចជួយពន្លត់បានទាន់ពេលវេលានោះទេ បណ្តាលឲ្យផ្ទះ៤ខ្នងត្រូវឆាបឆេះអស់តែម្តង។ ក្រៅពីឆេះផ្ទះស្ត្រីពីររូបក៏រងការរលាកធ្ងន់ធ្ងរផងដែរ។
អគ្គិភ័យនេះត្រូវបានបាញ់ពន្លត់ឲ្យរលត់ទៅវិញទាំងស្រុងនៅអំឡុងម៉ោងប្រមាណ ៧យប់ថ្ងៃដដែលនេះ។ កម្លាំងសមត្ថកិច្ចមិនទាន់អាចបូកសរុបទំហំនៃការខូចខាតបណ្តាលមកពីគ្រោះអគ្គិភ័យនេះបាននៅឡើយនោះទេ៕