(ភ្នំពេញ)៖ លោក អ៊ូ ច័ន្ទរ័ត្ន អតីតតំណាងរាស្រ្ត នៃអតីតគណបក្សសង្រ្គោះជាតិ បានបង្ហាញការរំពឹងថា លោកនឹងទទួលបានសិទ្ធិធ្វើនយោបាយឡើងវិញ។ ទន្ទឹមនឹងនេះ លោកបានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងនៅរសៀល ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩នេះថា លោកនឹងរៀបចំសន្និសីទសារព័ត៌មានមួយ បង្ហាញអំពីហេតុផលផ្សេងៗ បន្ទាប់ពីទទួលបានសិទ្ធិធ្វើនយោបាយពីព្រះមហាក្សត្រខាងមុខនេះ។
លោក អ៊ូ ច័ន្ទរ័ត្ន មិនបញ្ជាក់ច្រើនទេ នៅក្នុងកាលៈទេសៈនេះ ប៉ុន្តែបើតាមការបង្ហោះលើ Facebook ផ្លូវការរបស់លោក កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩ គឺលោកហាក់បង្កប់អត្ថន័យក្នុងចេតនាចង់បង្ហាញប្រាប់សាធារណជន និងអ្នកគាំទ្រ អំពីរឿងនេះជាមុនតែម្តង។
លោកបានលើកឡើង ជាមួយនឹងការបង្ហោះរូបភាពព្រះអាទិត្យរៀបលិចយ៉ាងដូច្នេះថា៖ «ពេលវេលាខុសគ្នា តែកន្លែងដដែល ព្រះអាទិត្យដដែល បើខ្ញុំនៅតែរង់ចាំដដែល អ្វីដែលចេះតែទៅមុខ គឺពេលវេលា»។
លោក អ៊ូ ច័ន្ទរ័ត្ន រួមទាំងអតីតថ្នាក់ដឹកនាំ នៃអតីតគណបក្សសង្គ្រោះជាតិ ៤រូបផ្សេងទៀត ក្នុងចំណោមអតីតតំណាងរាស្រ្ត នៃគណបក្សសង្រ្គោះជាតិ១១៨នាក់ ដែលជាប់បម្រាមនយោបាយ បានដាក់ពាក្យទៅក្រសួងមហាផ្ទៃ ដើម្បីស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញ។ នេះបើតាម នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ដែលបញ្ជាក់បណ្ដាញព័ត៌មាន Fresh News។
អតីតថ្នាក់ដឹកនាំនៃអតីតគណបក្សសង្គ្រោះជាតិ ដែលដាក់លិខិតទៅកាន់ក្រសួងមហាផ្ទៃនោះ រួមមាន៖ ទី១៖ លោក អ៊ូ ច័ន្ទរ័ត្ន, ទី២៖ លោកស្រី ទេព សុទ្ធី ទី៣៖ លោក កង គឹមហាក់, ទី៤៖ លោក ជីវ កត្តា និង ទី៥៖ លោក ច័ន្ទ សិលា។
សូមបញ្ជាក់ថា គិតរហូតដល់ពេលនេះ មានអតីតថ្នាក់ដឹកនាំ នៃអតីតគណបក្សសង្រ្គោះជាតិ ចំនួន៤រូបហើយ ត្រូវបានព្រះមហាក្សត្រ និងប្រមុខរដ្ឋស្តីទី ផ្តល់នីតិសម្បានយោបាយឡើងវិញ បន្ទាប់ពីពួកគាត់បានដាក់លិខិតស្នើសុំទៅកាន់ក្រសួងមហាផ្ទៃ។
អតីតថ្នាក់ដឹកនាំ អតីត CNRP ដែលទទួលបានសិទ្ធិធ្វើនយោបាយឡើងវិញ គិតត្រឹមថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩នេះ រួមមាន ទី១៖ លោក គង់ គាំ អតីតទីប្រឹក្សាជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ ទី២៖ លោក គង់ បូរ៉ា អតីតតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ ទី៣៖ លោក ស៊ីម សុវណ្ណនី និងទី៤៖ លោក រៀល ខេមរិន្ទ ដែលជាអតីតតំណាងរាស្រ្ត នៃអតីតគណបក្សសង្រ្គោះជាតិ៕