(ភ្នំពេញ)៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ទទួលបានវិញ្ញាបនបត្រជាស្ថាប័នដ៏សំខាន់ ដែលធ្វើឱ្យជីវភាពប្រជាពលរដ្ឋក្រីក្រមានភាពប្រសើរឡើង «The Leader Milestone» និង ជាស្ថាប័នដំបូងគេនៅក្នុងប្រទេសកម្ពុជា ដែលសម្រេចបាននូវភាពជោគជ័យនេះ ដែលផ្តល់ដោយ Truelift។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ AMK ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៨ ខែមីនានេះ។

អេ អឹម ខេ បានចូលរួមប្រកួតប្រជែងជាមួយគ្រឹះស្ថានហិរញ្ញវត្ថុចំនួន៦ ផ្សេងទៀតនៅក្នុងពិភពលោក សម្រាប់ការទទួលស្គាល់ជា អ្នកដឹកនាំដ៏សំខាន់របស់ Truelift ក្នុងវិស័យមីក្រូហិរញ្ញវត្ថុ។

ចំនុចរួមតែមួយដែលស្ថាប័នទំាងអស់ ត្រូវបានទទួលស្គាល់នោះ គឺជាការប្តេជ្ញាចិត្តរបស់ពួកគេ ក្នុងការបំពេញសេចក្តីត្រូវការ របស់ប្រជាពលរដ្ឋដែលរស់នៅក្នុងស្ថានភាពក្រីក្រ។ ក្នុងនោះដែរវិញ្ញាបនបត្ររបស់ អេ អឹម ខេ ដែលទទួលស្គាល់ដោយ Truelift ក៏បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ អេ អឹម ខេ ដើម្បីនាំមកនូវការផ្លាស់ប្តូរជាវិជ្ជមាន និងធ្វើឱ្យប្រសើរឡើងនូវជីវភាពរបស់ប្រជាពលរដ្ឋកម្ពុជា ដែលកំពុងរស់នៅក្នុងស្ថានភាពក្រីក្រផងដែរ។

លោក គា បូរាណ ប្រធាននាយកប្រតិបត្តិនៃគ្រឹះស្ថាន អេ អឹម ខេ បានលើកឡើង «អេ អឹម ខេ ពិតជាមានមោទកភាព ខ្លាំងណាស់ដែលទទួលបាននូវវិញ្ញាបនបត្រជាអ្នកដឹកនាំដ៏សំខាន់ “The Leader Milestone” ពី Truelift នេះហើយកត្តាសំខាន់ ដែលធ្វើឱ្យយើងងាយនឹងទទួលសមិទ្ធផលនេះ ដោយសារតែ ប្រកាន់ភ្ជាប់នូវលការអនុវត្តបេសកកម្ម និងទស្សនវិស័យរបស់យើងគឺដើរស្របនឹងលក្ខខណ្ឌរបស់គម្រោង Truelift ដោយផ្តោតលើការយកចិត្តទុកដាក់ចំពោះជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្រីក្រ»

លោកបន្តថា «ជាក់ស្តែងចំពោះការបង្កើតផលិតផល និងសេវាកម្មណាមួយ យើងព្យាយាមគិតពីប្រយោជន៍អតិថិជនជាសំខាន់មុន ជាពិសេសអ្នករស់នៅតំបន់ដាច់ស្រយាលធ្វើយ៉ាងណាឱ្យពួកគេមានលទ្ធភាពអាចប្រើប្រាស់សេវាកម្មយើង។ បន្ថែមលើនេះទៀត យើងតែងតែផ្តល់សេវាកម្មដល់អតិថិជនដោយប្រកាន់នូវគោលការណ៍ការពារអតិថិជនប្រកបដោយតម្លាភាព និងការទទួលខុសត្រូវខ្ពស់។ ក្រៅពីទទួលបាននូវវិញ្ញាបនបត្រជាអ្នកដឹកនាំដ៏សំខាន់ “The Leader Milestone” អេ អឹម ខេ ក៏ធ្លាប់ទទួលជាគ្រឹស្ថានមីក្រូហិរញ្ញវត្ថុ ដែលអនុវត្តពេញលេញតាមគោលការណ៍ ការពារអតិថិជនពី Smart Campaign ផងដែរកាលពីឆ្នាំ២០១៦»

រយៈពេលជាង១៥ ឆ្នាំមកនេះ អេ អឹម ខេ បាន និងកំពុងបន្តការអភិវឌ្ឍ និងរីកចម្រើនជាលំដាប់តាមរយៈការផ្តល់ផលិតផល និងសេវាកម្មហិរញ្ញវត្ថុសម្បូរបែបរបស់ខ្លួន និងការវិនិយោគលើបច្ចេកវិទ្យាថ្មីៗដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជន។ ស្របពេលជាមួយគ្នានេះដែរ អេ អឹម ខេ នៅតែប្រកាន់ខ្ជាប់នូវគោលការណ៍ជួយដល់សង្គមរបស់ខ្លួន ជាពិសេសការកាត់បន្ថយភាពក្រីក្រ។ ដូចដែលបានបង្ហាញតាមរយៈលទ្ធផលនៃការវាយតម្លៃរបស់ Truelift ធ្វើឡើងនៅខែវិច្ឆិកាឆ្នាំ ២០១៨ ដោយ M-CRIL ។ តាមរយៈការផ្តល់សេវាមីក្រូហិរញ្ញវត្ថុសមស្រប និងឋិតថេរជាង ១៥ ឆ្នាំកន្លងមកនេះ អេ អឹម ខេ បានជួយដល់អតិថិជន និងគ្រួសាររបស់ពួកគេ ជាពិសេសអ្នករស់នៅតំបន់ដាច់ស្រយាលទទួលបានការផ្លាស់ប្តូរជាវិជ្ជមាន។

Truelift គឺជាគម្រោងគំនិតផ្តួចផ្តើមជាសាកលមួយ ដែលបង្កើតឡើងដើម្បីជម្រុញឱ្យគណនេយ្យភាព ក្នុងការអភិវឌ្ឍ ប្រជាជនក្រីក្រ។ Truelift ជានិមិត្តសញ្ញាដែលទុកចិត្តត្រូវបានទទួលស្គាល់ជាអន្តរជាតិ លើវិស័យមីក្រូហិរញ្ញវត្ថុ និង អាជីវកម្មសង្គមផ្សេងៗ ដើម្បីបង្ហាញការបេ្តជ្ញាចិត្តចំពោះការផ្លាស់ប្តូរជាវិជ្ជមាន និងយូរអង្វែងសម្រាប់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ ដោយសារស្ថានភាពក្រីក្រ៕