ម្ចាស់គ្លីនិក «សួគ៌ា» ឆ្លើយតបទៅនឹងការរិះគន់ លើបណ្ដាញសង្គម Facebook ដែលចោទថា ព្យាបាលយកតម្លៃថ្លៃ
18-03-2019 16:39
(ភ្នំពេញ)៖ ម្ចាស់គ្លីនិក «សួគ៌ា» នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩នេះ បានចេញមុខជាសាធារណៈ ឆ្លើយតបទៅនឹងការរិះគន់ នៅលើបណ្ដាញសង្គម Facebook តាមប្រព័ន្ធផ្សព្វផ្សាយមួយចំនួនតូច ដែលបានចុះផ្សាយ ចោទថា គ្លីនិក «សួគ៌ា» ព្យាបាលយកតម្លៃថ្លៃ។
បើតាមសម្តីអ្នកគ្រប់គ្រងគ្លីនិក «សួគ៌ា» បានឲ្យដឹងថា តម្លៃសេវាដែលអតិថិជនចូលមកពិគ្រោះ និងព្យាបាល គឺមានតម្លៃសមរម្យ មិនថ្លៃដូចការលើកឡើងនោះឡើយ ហើយកាលពីពេលថ្មីៗនេះ ក្រុមការងារ នៃមន្ទីរសុខាភិបាល បានចុះមកពិនិត្យរកមិនឃើញ និងមិនមានការលើកឡើងរបស់អតិថិជនថា ការព្យាបាលយកសេវាថ្លៃនោះទេ។
គ្រប់គ្រងគ្លីនិក រូបនេះ បានបញ្ជាក់ទៀតថា ក្នុងនោះផងដែរ ក្រុមការងារមន្ទីរសុខាភិបាល ក៏ដូចជាមន្ត្រីជំនាញ បានឲ្យម្ចាស់ទីតាំងធ្វើតារាងបញ្ជាក់តម្លៃឲ្យបានធំ សម្រាប់ឲ្យអតិថិជនមើលឃើញច្បាស់ និងដាក់តាំងតារាងនេះ នៅកន្លែងទទួលភ្ញៀវផងដែរ។
បើតាមម្ចាស់គ្លីនិក «សួគ៌ា» បានលើកឡើងទៀតថា បើនិយាយពីបរិស្ថានក្នុងគ្លីនិកគឺល្អ មានបន្ទប់ធំទូលាយបន្ទប់សង្គ្រោះ ហើយក្រុមគ្រូពេទ្យមានវិជ្ជាជីវៈត្រឹមត្រូវ និងមានការរាក់ទាក់ជាមួយអថិតិជន ដែលបានចូលមកពិនិត្យព្យាបាល ក្នុងគ្លីនិកនេះផងដែរ។
សូមបញ្ជាក់ថា ទីតាំងយីហោគ្លីនិក សួគ៌ា ជាកន្លែងពិគ្រោះ និងព្យាបាលដល់ប្រជាពលរដ្ឋទូទៅ និងគឺជាទីកន្លែងដែលទុកចិត្ត របស់អតិថិជន ក្នុងការព្យាបាល និងពិគ្រោះយោបល់ ដែលធ្វើឲ្យប្រជាពលរដ្ឋផ្តល់ទំនុកចិត្ត លើក្រុមគ្រូពេទ្យ ដែលមានជំនាញច្បាស់លាស់។ ទីតាំងគ្លីនិកសួគ៌ា មានអសយដ្ឋានផ្ទះលេខ២៤០ ផ្លូវលេខ២១៧ (ចម្ការដូង) ស្ថិតនៅភូមិឫស្សីទី២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ៕