(ភ្នំពេញ)៖ ក្រសួងយុត្តិធម៌ នឹងបើកកិច្ចប្រជុំពិគ្រោះយោបល់ ត្រួតពិនិត្យការអនុវត្តកម្មវិធីកំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ នាថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩ ខាងមុខនេះ នៅទីស្តីការក្រសួងយុត្តិធម៌។ នេះបើយោងតាមសេចក្តីជូនដំណឹង ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩នេះ។
យោងតាមសេចក្តីជូនដំណឹងនេះ បានឲ្យដឹងថា ក្រោមកិច្ចសហប្រតិបត្តិការរវាង លេខាធិការដ្ឋានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ ជាមួយនឹងការិយាល័យឧត្តមស្នងការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា (OHCHR) ក្រុមលេខាធិការដ្ឋានអចិន្ត្រៃយ៍ នឹងរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ត្រួតពិនិត្យការអនុវត្តកម្មវិធីកំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ ជាមួយដៃគូអភិវឌ្ឍន៍ និងសង្គមស៉ីវិល។
កិច្ចប្រជុំនេះ ដឹកនាំដោយ លោក ជិន ម៉ាលីន អនុរដ្ឋលេខាធិការ និងសហប្រធាន លោក Simon Walker តំណាង OHCHR និងមានការចូលរួមពីសំណាក់ភាគីពាក់ព័ន្ធ រួមមាន ក្រសួងយុត្តិធម៌ តុលាការ ដៃគូអភិវឌ្ឍន៍ និងសង្គមស៉ីវិលផងដែរ៕